កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ផ្តាំកូនក្រុមឱ្យបន្តខំហ្វឹកហាត់កែប្រែកំហុស ទោះឈ្នះហង្សក្រហម ![រូបភាព Facbook ៖ Manchester United](https://image.thmeythmey.com/pictures/2022/07/13/mn__1_.jpg)
រូបភាព Facbook ៖ Manchester United
×![]()
លោក Erik ten Hag ថ្ងៃទី១២ ខែកក្កដា បានផ្ដាំកីឡាករឱ្យខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីកែប្រែកំហុស ទោះបីឈ្នះក្រុម Liverpool លទ្ធផល ៤-០ នៃការប្រកួតមិត្តភាពនៅក្នុងប្រទេសថៃ។
Manchester United នៅវគ្គទីមួយអាចមានឱកាសបើកការនាំមុខរហូតដល់ទៅ ៣គ្រាប់លើក្រុម Liverpool ក្នុងការប្រកួតមិត្តភាពត្រៀមបើករដូវកាលនៅទីក្រុងបាងកក ប្រទេសថៃ។ ៣គ្រាប់របស់បិសាចក្រហមធ្វើបានដោយកីឡាករ Jadon Sancho នាទី១២ Fred នាទី៣០ និង Anthony Martial នាទី៣៣ លើសពីការរំពឹងទុករបស់លោក Ten Hag។ វគ្គទីពីរកីឡាករវ័យក្មេងក្រុមបិសាចក្រហម Facundo Pellistri រកបានគ្រាប់ទី៤។
បិសាចក្រហមឆ្មក់ឱកាសរកគ្រាប់បាល់នាំមុខលើក្រុមហង្សក្រហមរបស់លោក Jurgen Klopp ដែលបានដាក់កីឡាករយុវជនច្រើនរូប ឱ្យចូលរួមប្រកួតនៅវគ្គទីមួយ មុនពេលផ្លាស់ចូលកីឡាករសំខាន់ៗ ឱ្យចូលប្រកួតដូចជា Mohamed Salah, Virgil van Dijk និង Darwin Nunez ឱ្យចូលប្រកួតក្នុងនាទី៦១ ដើម្បីអាចស្វែងរកគ្រាប់បាល់មកវិញ។
គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ មើលឃើញពីភាពវិជ្ជមានរបស់ទម្រង់លេងក្រុម Man United ក្រោយពេលឈ្នះលើក្រុមគូប្រជែងមួយដ៏ខ្លាំង។ ប៉ុន្តែគ្រូបង្វឹកវ័យ ៥២ឆ្នាំរូបនេះថា ក្រុមត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព។
![](https://image.thmeythmey.com/pictures/2022/07/13/mn__2_.jpg)
«ខ្ញុំសប្បាយចិត្តជាមួយប្រកួតដំបូង ហើយខ្ញុំដឹងច្បាស់ថាយើងមានកីឡាករល្អច្រើន តែពេលនេះយើង គឺជាក្រុមកំពុងស្ថិតក្នុងការកសាងឡើងវិញ ដូចដែលខ្ញុំបាននិយាយពីមុន ក្រុមយើងមានសក្តានុពលរួចហើយ។ វាត្រូវការពេលច្រើនបន្ថែមទៀត ដើម្បីឱ្យក្រុមអាចលេងបានតាមអ្វីដែលខ្ញុំចង់បាន ខ្ញុំមើលឃើញកំហុសច្រើនថ្ងៃនេះ ការតាមប្រដេញដាក់សម្ពាធយកបាល់នៅមានកំហុស តែក៏មានឱកាសវិញដែលពីរឿងនេះ។»។ លោក Ten Hag និយាយប្រាប់ទូរទស្សន៍ MUTV បែបនេះ។
ក្រុម Man United ពេលនេះកំពុងតែធ្វើដំណើរឆ្ពោះទៅទឹកដីប្រទេសអូស្ត្រាលី ជាទីកន្លែងបន្ទាប់សម្រាប់ការប្រកួតមិត្តភាពទេសចរណ៍មុនបើករដូវកាល។ Man United និងជួបតទល់ជាមួយក្រុម Melbourne Victory, Crystal Palace និង Aston Villa។
Liverpool ក៏ត្រូវធ្វើដំណើរទៅប្រទេសសីង្ហបុរីដើម្បីប្រកួតទល់ក្រុម Crystal Palace នៅថ្ងៃទី១៦ ខែកក្កដា មុនពេលបន្តធ្វើដំណើរទៅជួបតទល់ក្រុម RB Leipzig និង FC Salzburg នៅប្រទេសអាល្លឺម៉ង់៕
Tag:
Erik ten Hag
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com