FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អ្នកគាំទ្រជប៉ុន មានមោទកភាពចំពោះកីឡាករ ទោះចាញ់ធ្លាក់វគ្គ១៦ក្រុម ![](https://image.thmeythmey.com/pictures/2022/12/06/61220221639a.jpg)
×![]()
អ្នកគាំទ្រក្រុមជម្រើសជាតិជប៉ុនបង្ហាញមោទកភាពចំពោះក្រុមក្រោយង្ហាញទម្រង់យ៉ាងអស្ចារ្យបើទោះអស់ឱកាសត្រឹមវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup នៅកាតា។ ក្រុមសាំមូរ៉ៃជប៉ុន ចាញ់ក្រូអាស៊ីដោយបាល់កាត់ក្តី ១១ម៉ែត្រក្នុងលទ្ធផល ៣-១។
លទ្ធផលស្មើ ១-១ រវាងជប៉ុន និងក្រូអាស៊ីក្រោយបញ្ចប់ការប្រកួត១២០នាទី។ សាំម៉ូរៃជប៉ុនបានស៊ុតគ្រាប់នាំមុខមុនលើក្រូអាស៊ីនាទី៤៣ ដោយកីឡាករ Daizen Maeda ចំណែកក្រូអាស៊ីបានបញ្ចប់ក្តីសង្ឃឹមជប៉ុនដែលនាំមុខដោយ Ivan Perisic ក្រោយតែតបាល់បញ្ចូលទីតាមស្មើនៅនាទី៥៥។ បាល់កាត់សេចក្តី ១១ម៉ែត្រ ក្រូអាស៊ីយកឈ្នះលើជប៉ុន ៣-១។
![](https://image.thmeythmey.com/pictures/2022/12/06/aa.jpg)
ក្រោយរងការឈឺចាប់ដែលក្រុមធ្លាក់ចេញពីការប្រកួតព្រោះការស៊ុតបាល់ ១១ម៉ែត្រ កញ្ញា Kanako Koni អ្នកគាំទ្រជប៉ុនម្នាក់បានបង្ហាញអារម្មណ៍ចំពោះក្រុមសាំមូរ៉ៃខៀវដូច្នេះថា៖«ខ្ញុំគិតថាក្រុមលេងបានល្អខ្លាំងក្នុងការប្រកួត ទល់ក្រុមដែលជាជើងឯករងកាលពី World Cup 2018 កន្លងទៅ។ ខ្ញុំពិតជាមានមោទកភាពចំពោះក្រុមជម្រើសជាតិជប៉ុន និងចំពោះប្រទេសជប៉ុនផ្ទាល់ យើងបានបំបាក់អេស្ប៉ាញ និងអាល្លឺម៉ង់ ពិតជាអស្ចារ្យ។»។
មិនត្រឹមប៉ុណ្ណោះបើតាមលោក Ikeda Seeichiro ដែលជាអ្នកគាំទ្រជប៉ុនមួយរូបទៀត បាននិយាយប្រាប់អ្នកកាសែតថាក្រុមជប៉ុនធ្វើបានល្អ សហការគ្នាល្អក្នុងការប្រកួត។
«នេះពិតជាការប្រកួតមួយដ៏ល្អ ហើយដែលជាស្មារតីនៃការប្រយុទ្ធពីប្រទេសជប៉ុនទាំងមូល រួមទាំងក្រុមជម្រើសជាតិ ខ្ញុំពិតជាមានអារម្មណ៍ថាសុំទោសនិងសោកស្តាយ ប៉ុន្តែបាល់ទាត់គឺជាបាល់ទាត់។»។ លោក Seeichiro បាននិយាយបែបនេះប្រាប់កាសែត CNA Sports។
![](https://image.thmeythmey.com/pictures/2022/12/06/a___2_.jpg)
បរាជ័យក្រោមថ្វីជើងកូ្រអាស៊ី ក្លាយជាលើកទី៤សម្រាប់ជប៉ុនដែលបានធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុម ប៉ុន្តែជប៉ុនពិតជាបង្ហាញទេពកោសល្យដ៏គួរចាប់អារម្មណ៍ ព្រមទាំងភាពអស្ចារ្យក្នុងការប្រកួត។ អ្នកគាំទ្រជប៉ុនលោក Soshi Kawashima បង្ហាញសុទិដ្ឋិនិយមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២៦ ថាជប៉ុននឹងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលបន្ថែមទៀតនៅកម្មវិធីក្រោយៗ។
«យើងនឹងបន្តប្រយុទ្ធបើទោះបីជួបឧបស័ក្ក ជប៉ុនមិនចុះចាញ់ឡើយ ពួកគេយើងធ្វើបានល្អ និងអស្ចារ្យខ្លាំងដែលយកឈ្នះលើក្រុមខ្លាំងដូចអេស្ប៉ាញព្រមទាំងអាល្លឺម៉ង់។ ពិតណាស់ខ្ញុំមានក្តីរំពឹង សព្ធថ្ងៃនេះកីឡាករជប៉ុនភាគច្រើនលេងនៅក្រៅប្រទេសជប៉ុនច្រើន ដូចក្នុងអឺរ៉ុបជាដើម ដូច្នេះនៅ ៤ឆ្នាំទៅមុខទៀតយើងនឹងអាចឡើងដល់វគ្គ ៨ក្រុមចុងក្រោយ។»៕
Tag:
World Cup
Qatar 2022
FIFA
© រក្សាសិទ្ធិដោយ thmeythmey.com