អន្តរជាតិ
IMF ព្រមព្រៀងផ្ដល់ប្រាក់កម្ចីចំនួន​១៥,៦​ពាន់លានដុល្លារដល់អ៊ុយក្រែន
23, Mar 2023 , 9:29 am        
រូបភាព
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី ២១ ខែមីនា​ប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលអ៊ុយក្រែនលើកញ្ចប់ប្រាក់កម្ចីដែលមានទំហំប្រមាណ១៥,៦​ពាន់លានដុល្លារដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងជាប់ផុងក្នុងសង្រ្គាម។



ចាប់តាំងពីសង្រ្គាមផ្ទុះឡើង សេដ្ឋកិច្ចអ៊ុយក្រែន​បានធ្លាប់ចុះជាខ្លាំងជាមួយនឹងការជាប់គាំងការនាំចេញគ្រាប់ធញ្ញជាតិដែលជាផលិតផលនាំចេញដ៏សំខាន់។​ បណ្តាប្រទេសសម្ព័ន្ធមិត្តផ្សេងៗព្យាយាមផ្តល់​ជំនួយផ្សេងៗដល់អ៊ុយក្រែន ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសពីការព្រមព្រៀងផ្ដល់ប្រាក់កម្ចីចំនួន​១៥,៦ពាន់លានដុល្លារទៀតដល់អ៊ុយក្រែនផងដែរ។ 
 
«ក្រៅតែពីប៉ះពាល់ដល់បញ្ហាមនុស្សធម៌ដ៏គួរឱ្យរន្ធត់ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចប្រទេស»។ ប្រធានបេសកកម្មរបស់ IMF ប្រចាំអ៊ុយក្រែនលោក Gavin Gray បានលើកឡើងបែបនេះនៅថ្ងៃទី ២១ ខែមីនា។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ IMF ផែនការផ្ដល់ជំនួយរយៈពេល៤​ឆ្នាំដែលអនុម័តពីក្រុមប្រឹក្សា IMF នឹងគាំទ្រដល់ការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចអ៊ុយក្រែន ខណៈគាំទ្ររយៈពេលវែងក្នុងបរិបទនៃការកសាងប្រទេសឡើងវិញក្រោយសង្គ្រាម។ 
 
បន្ថែមពីនេះ លោក Gray ក៏បានលើកឡើងថា សកម្មភាពសេដ្ឋកិច្ចរបស់អ៊ុយក្រែនបានធ្លាក់ចុះ៣០ភាគរយកាលពីឆ្នាំមុន ខណៈពេលដែលភាពក្រីក្រក្នុងប្រទេសបានកើនឡើង ហើយទីផ្សារភាគហ៊ុនជាច្រើនត្រូវបានបំផ្លាញ។ 
 
បើតាមការព្យាករណ៍របស់ IMF សេដ្ឋកិច្ចរបស់អ៊ុយក្រែនអាចនឹងងើបឡើងវិញបន្តិចម្តងៗនៅត្រីមាសខាងមុខ ខណៈហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសនេះខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាម។ យ៉ាងណាមិញ លោក Gray បន្តថា ម៉ាក្រូសេដ្ឋកិច្ចរបស់អ៊ុយក្រែននៅតែជួបបញ្ហា​ប្រឈម ដោយសារ​ការ​ពង្រីក​ឱនភាព​សារពើពន្ធ។
 
មុនការការប្រកាសផ្ដល់ជំនួយនេះ រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) បានជំរុញ IMF ផ្តល់ជាបន្ទាន់នូវជំនួយបន្ថែមដល់អ៊ុយក្រែនដែលរងគ្រោះដោយសង្គ្រាម។ លើសពីនេះ​ G7 ក៏បានប្តេជ្ញាចិត្តបង្កើនថវិកា និងជំនួយសេដ្ឋកិច្ចដល់ ៣៩ ពាន់លានដុល្លារដល់អ៊ុយក្រែនផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com