អន្តរជាតិ
មន្ត្រី៤នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារប៉ុស្តិ៍ប៉ូលិសនៅវៀតណាម
× មន្ត្រីប៉ូលិស៤នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារនៅទីស្នាក់ការប៉ូលិសនៅតំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាមនៅថ្ងៃទី១១ ខែមិថុនា។
យោងតាមក្រសួងសន្តិសុខសាធារណៈវៀតណាម មនុស្ស១៦ នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់ប្រហារនៅស្នាក់ការប៉ូលិសឃុំ Ea Tieu និង Ea Ktur ក្នុងស្រុក Cu Kuin របស់ខេត្ត Dak Lak ភាគកណ្ដាលវៀតណាម។ ជាមួយគ្នានេះ មនុស្សពីរនាក់ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងត្រូវបានរំដោះក្នុងការសង្រ្គោះ ហើយមនុស្សម្នាក់ទៀតបានរំដោះខ្លួនឯង។
ក្រសួងដដែលបន្តថា មន្ត្រីប៉ូលិស៤នាក់ ត្រូវបានសម្លាប់ពេលកំពុងបំពេញកាតព្វកិច្ច ខណៈមន្ត្រីពីរ នាក់ផ្សេងទៀតរងរបួស។ ក្នុងរបាយការណ៍មួយផ្សេងទៀត មន្ត្រីក្នុងតំបន់និងជនស៊ីវិលមួយចំនួនក៏ស្ថិតក្នុងការវាយប្រហារផងដែរ ប៉ុន្តែមិនបានផ្តល់តួលេខជនរងគ្រោះទេ ស្របពេលក្រុមស៊ើបអង្កេតកំពុងស្វែងរកជនសង្ស័យបន្ថែមទៀត។
បើតាមសារព័ត៌មានវៀតណាម Vietnam News មនុស្ស២៦នាក់ត្រូវបានចាប់ខ្លួន ហើយអាវុធមួយចំនួនត្រូវបានរឹបអូស។
សូមបញ្ជាក់ថា តំបន់ខ្ពង់រាបភាគកណ្តាលដែលមានជនជាតិភាគតិចមួយចំនួន ត្រូវបានចាត់ទុកជាតំបន់រសើបសម្រាប់រដ្ឋាភិបាលវៀតណាម និងជាតំបន់ក្តៅគគុកយូរណាស់មកហើយជុំវិញបញ្ហាដីធ្លី។
អំពើហិង្សាដោយកាំភ្លើង គឺជារឿងកម្រមានបំផុតនៅក្នុងវៀតណាម។ នៅប្រទេសនេះ វាជាអំពើខុសច្បាប់សម្រាប់ពលរដ្ឋក្នុងការកាន់កាប់អាវុធ ហើយទីផ្សារខុសច្បាប់សម្រាប់អាវុធក៏មានកម្រិត។ មនុស្ស៤នាក់ត្រូវបានបាញ់សម្លាប់នៅកន្លែងជល់មាន់ខុសច្បាប់នៅជាយក្រុងហូជីមិញ ក្នុងខែមករាឆ្នាំ ២០២០ ។ នៅក្នុងការបាញ់ប្រហារដ៏កម្រមួយផ្សេងទៀតក្នុងឆ្នាំ ២០១៦ មន្ត្រីជាន់ខ្ពស់ពីរនាក់នៅខេត្ត Yen Bai ភាគខាងជើង ត្រូវបានសម្លាប់ដោយអ្នកធ្វើការជាមួយផង។
© រក្សាសិទ្ធិដោយ thmeythmey.com