អន្តរជាតិ
ឥណ្ឌូណេស៊ី​ ​ទិញ​យន្តហោះ​ចម្បាំងមួយទឹក១២គ្រឿង​​​តម្លៃជិត៨០០​លាន​ដុល្លារ​
15, Jun 2023 , 11:29 am        
រូបភាព
យន្តហោះចម្បាំង Mirage 2000 ។ រូបថត AFP
យន្តហោះចម្បាំង Mirage 2000 ។ រូបថត AFP
ឥណ្ឌូណេស៊ី នៅថ្ងៃទី១៤ ខែមិថុនា បានបញ្ជាក់ពីទិញយន្តហោះចម្បាំងប្រភេទ Mirage 2000-5 ចំនួន១២គ្រឿងដែលកាតាធ្លាប់ប្រើប្រាស់ក្នុងតម្លៃជិត៨០០លានដុល្លារក្នុងការធ្វើទំនើបកម្មកម្លាំងទ័ព​អាកាសឱ្យប្រសើរឡើង។ ផែនការទិញនេះ ក៏រងរិះគន់ដែរជុំវិញអាយុកាលរបស់យន្តហោះ។

 
ក្រសួងការពារជាតិឥណ្ឌូណេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលបាន​ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ៧៩២លានដុល្លារជាមួយក្រុមហ៊ុន Excalibur International ដែលចំណុះក្រុមហ៊ុនការពារជាតិឆែក Czechoslovak Group (CSG) កាលពីខែមករាកន្លងទៅ។ យន្តហោះនឹងត្រូវដឹកជញ្ជូនក្នុងរយៈពេល២៤ខែគិតចាប់ពីថ្ងៃនៃការចុះ ហត្ថលេខា។
 
កិច្ចព្រមព្រៀងនេះ គ្របដណ្ដប់លើយន្តហោះ៩ដែលមានកៅអីតែមួយ និងយន្តហោះ៣គ្រឿងទៀត មានមានកៅអីពីរ។ ព័ត៌មាននៃការចុះហត្ថលេខា ត្រូវបានរាយការណ៍ដំបូងដោយប្រព័ន្ធផ្សព្វផ្សាយ​ឥណ្ឌូណេស៊ីដែលស្រង់សម្តីសមាជិកសភាម្នាក់។
 
«តើអ្វី​ដែល​ជា​រឿង​បន្ទាន់​ដែល​យើង​ត្រូវ​ទិញ​យន្តហោះ​ប្រើរួច​ហើយ​ចាស់បែបនេះ?» កាសែត Kompas បានដកស្រង់សម្តីសមាជិកសភា Tubagus Hasanuddin ដែលយល់ឃើញថា ឥណ្ឌូណេស៊ី​មិនមានមូលហេតុចាំបាច់ត្រូវទិញយន្តហោះប្រើរួចឡើយ។
 
យោងតាមគេហទំព័ររបស់ក្រុមហ៊ុនផលិត Dassault Aviation យន្តហោះធុន Mirage 2000-5 ត្រូវ​ដាក់ដំណើរការជាលើកដំបូងតាំងពីឆ្នាំ១៩៦៧ឯណោះ។ យ៉ាងណាមិញ ក្រសួង​ការពារ​ជាតិឥណ្ឌូណេស៊ី មិន​បាន​បង្ហើបអំពី​អាយុ​នៃ​យន្តហោះ​នេះ​ទេ តែបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងនេះ ឥណ្ឌូណេស៊ីក៏បានសេវាកម្មគាំទ្រផ្សេងៗរយៈពេល៣ឆ្នាំ និងការបណ្តុះ​បណ្តាល​អ្នក​បើក​បរ​ផងដែរ។
 
«ឥណ្ឌូណេស៊ីត្រូវការយន្តហោះចម្បាំងដែលអាចដឹកជញ្ជូនបានយ៉ាងឆាប់រហ័សដើម្បីបំពេញការធ្លាក់​ចុះសមត្ថភាពការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពអាកាសឥណ្ឌូណេស៊ី»។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិឥណ្ឌូណេស៊ី លោក Edwin Adrian Sumantha បញ្ជាក់បែបនេះក្នុងសេចក្ដីប្រកាសដដែល។
 
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី ព្យាយាម​រកយន្តហោះថ្មីៗសម្រាប់ជំនួស​យន្តហោះ​ចម្បាំងចាស់​ៗរបស់​ខ្លួនមាន​យន្តហោះ F-16 របស់​អាម៉េរិក និង​យន្តហោះ Sukhoi Su-27 និង Su-30 របស់​រុស្ស៊ី។ បើតាមក្រសួងការពារជាតិឥណ្ឌូណេស៊ី ផែនការទិញយន្តហោះ Su-35 ត្រូវបានរារាំងដោយទណ្ឌកម្ម​របស់​អាម៉េរិកលើរុស្ស៊ី។ ជាមួយគ្នានេះ ឥណ្ឌូណេស៊ី ក៏បញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន៤២​គ្រឿង​ក្នុង​តម្លៃ​៨,១​ពាន់​លានដុល្លារកាលពីខែកុម្ភៈ ហើយក៏មានបំណងទិញការទិញ​យន្តហោះចម្បាំងF-15ដែរ៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com