ជាតិ
សម្ដេច ហ៊ុន សែន បញ្ជាឱ្យកងកម្លាំង និងខេត្តជាប់ព្រំដែនវៀតណាម ទប់ស្កាត់ក្រុមឧទ្ទាម ដែលអាចរត់ចូលកម្ពុជា
16, Jun 2023 , 11:11 am        
រូបភាព
សម្ដេច ហ៊ុន សែន បញ្ជាឱ្យកងកម្លាំង និងអាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាមទាំងអស់ ទប់ស្កាត់ក្រុមឧទ្ទាមវៀតណាម ដែលបានបាញ់សម្លាប់អាជ្ញាធរ និងមន្ត្រីមូលដ្ឋាន កាលពីពេលថ្មីៗនេះ កុំឱ្យរត់ចូលមកកម្ពុជា។ លោកនាយករដ្ឋមន្រ្តី ថ្លែងបែបនេះ នៅពិធីសំណេះសំណាលជាមួយកម្មកររោងចក្រ នាភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ មិថុនា។



សម្ដេច ហ៊ុន សែន ទទួលបានព័ត៌មានថា ពួកក្រុមឧទ្ទាមវៀតណាមនេះ មានគ្នីគ្នាជាង៦០០នាក់ ហើយកំពុងបែកខ្ញែកគ្នា ក្រោយអាជ្ញាធរវៀតណាម អន្តរាគមន៍បង្ក្រាបបាន និងចាប់ខ្លួនជាបន្តបន្ទាប់ ។ ក្រុមឧទ្ទាមនេះ បានបាញ់សម្លាប់មន្ត្រីឃុំ និងប៉ូលិសវៀតណាម ៤នាក់ស្លាប់ និងរបួស២នាក់ នៅស្នាក់ការប៉ូលិសឃុំ Ea Tieu និង Ea Ktur ក្នុងស្រុក Cu Kuin របស់ខេត្ត Dak Lak ភាគកណ្ដាលវៀតណាម។ 
 
ដោយសារឃើញហេតុការណ៍នេះ អាចបង្កហានិភ័យដល់កម្ពុជាដែរនោះ ទើបសម្ដេច ហ៊ុន សែន បញ្ជាឱ្យកងកម្លាំង និងអាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម បង្កើនការប្រុងប្រយ័ត្ន និងសហការជាមួយអាជ្ញាធរវៀតណាម ដើម្បីទប់ស្កាត់ក្រុមឧទ្ទាមទាំងនេះ កុំឱ្យមកសម្ងំលាក់ខ្លួននៅកម្ពុជា។
 
«ខ្ញុំយកឱកាសនេះ ចេញបទបញ្ជាជាចំហរ សម្រាប់កងកម្លាំងប្រដាប់អាវុធ ជាកងទ័ពក្តី ជានគរបាលក្តី នៅទិសភូមិភាគទី១ និងនៅខេត្តរតនគិរី មណ្ឌលគិរី ហើយអាចរួមទាំងក្រចេះខ្លះផង បង្កើនការយកចិត្តទុកដាក់ សហការជាមួយនឹងភាគីវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ចូលមកក្នុងកម្ពុជា»។ នេះជាបញ្ជារបស់សម្ដេច ហ៊ុន សែន។
 
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ក៏ដាក់ការសង្ស័យថា មេក្រុមឧទ្ទាមវៀតណាមនេះ អាចកំពុងសម្ងំរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ «ព្រោះមេរបស់វា មិនអាចមកពីខាងទឹកដីចិន ឬនៅក្នុងទឹកដីវៀតណាមទេ ហើយក៏មិនអាចនៅក្នុងទឹកដីថៃដែរ ។ នេះជាការអង្គការចាត់តាំងមួយ ដែលមានការចាត់តាំងច្បាស់លាស់»។ នេះបើតាមការសង្ស័យរបស់សម្ដេច ហ៊ុន សែន ដែលបានបញ្ជាឱ្យក្រុមការងារផ្នែកសន្តិសុខជាតិ ពង្រឹងការយកចិត្តទុកដាក់ តាមដានត្រួតពិនិត្យលើករណីនេះ។
 
បច្ចុប្បន្ន ក្រុមឧទ្ទាមវៀតណាមជិត១០០នាក់ហើយ ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន។
 
សូមបញ្ជាក់ថា តំបន់ខ្ពង់រាបភាគកណ្តាលដែលមានជនជាតិភាគតិចមួយចំនួន ត្រូវបានចាត់ទុកជាតំបន់រសើបសម្រាប់រដ្ឋាភិបាលវៀតណាម និងជាតំបន់ក្តៅគគុកយូរណាស់មកហើយជុំវិញបញ្ហាដីធ្លី។ 

អត្ថបទទាក់ទង
 
អំពើហិង្សាដោយកាំភ្លើង គឺជារឿងកម្រមានបំផុតនៅក្នុងវៀតណាម។ នៅប្រទេសនេះ វាជាអំពើខុសច្បាប់សម្រាប់ពលរដ្ឋក្នុងការកាន់កាប់អាវុធ ហើយទីផ្សារខុសច្បាប់សម្រាប់អាវុធក៏មានកម្រិត។ មនុស្ស៤នាក់ត្រូវបានបាញ់សម្លាប់នៅកន្លែងជល់មាន់ខុសច្បាប់នៅជាយក្រុងហូជីមិញ ក្នុងខែមករាឆ្នាំ ២០២០ ។ នៅក្នុងការបាញ់ប្រហារដ៏កម្រមួយផ្សេងទៀតក្នុងឆ្នាំ ២០១៦ មន្ត្រីជាន់ខ្ពស់ពីរនាក់នៅខេត្ត Yen Bai ភាគខាងជើង ត្រូវបានសម្លាប់ដោយអ្នកធ្វើការជាមួយផង៕

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com