អន្តរជាតិ
ទីបំផុតលោកពូទីន សារភាពថា ការដាក់គ្រាប់បែកនុយក្លេអ៊ែរនៅបេឡារុស ជាការព្រមានដល់លោកខាងលិច
17, Jun 2023 , 4:09 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាថ្ងៃទី១៦ ខែមិថុនា បានបញ្ជាក់ជាលើកដំបូងថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់លោក ទៅកាន់បេឡារុសបានកើតឡើងរួចហើយ។ លោកថា នេះគឺជាការក្រើនរំលឹកដល់លោកខាងលិច ដែលមិនអាចធ្វើឱ្យរុស្ស៊ីបរាជ័យបានឡើយ។

 
ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចដ៏ល្បីរបស់រុស្ស៊ីនៅទីក្រុង St Petersburg លោកពូទីន ថា ក្បាល គ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ត្រូវបានប្រគល់ទៅឱ្យសម្ព័ន្ធមិត្តជិតស្និតបេឡារុសរួចហើយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា រុស្ស៊ីមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរសម្រាប់ពេលនេះ។
 
«ដូចដែលអ្នកបានដឹងហើយថាយើងកំពុងចរចាជាមួយសម្ព័ន្ធមិត្តរបស់យើង (ប្រធានាធិបតី បេឡារុសលោក Alexander) Lukashenko ថាយើងនឹងផ្លាស់ទីផ្នែកមួយនៃអាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រទាំងនេះទៅកាន់ទឹកដីបេឡារុស។ រឿងនេះបានកើតឡើងហើយ»។ មេដឹកនាំ រុស្ស៊ីលោកពូទីនបានសម្គាល់បែបនេះរួចបន្តថា ផ្នែកទីមួយនៃការបញ្ជូនបានធ្វើរួចរាល់ហើយ ខណៈផ្នែកផ្សេងៗទៀតនឹងត្រូវបញ្ជូនចប់សព្វគ្រប់ត្រឹមចុងរដូវក្ដៅ (ខែកញ្ញា) ឬចុងឆ្នាំនេះ។
 
ជាលើកដំបូងតាំងពីការដួលរលំនៃសហភាពសូវៀត វិធានការដាក់ពង្រាយក្បាលគ្រាប់នុយ ក្លេអ៊ែររបស់ទីក្រុងមូស្កូត្រូវបានបញ្ជូនទៅក្រៅប្រទេស ហើយព្រមទាំងអាចមានសក្តានុពល ក្នុងការប្រើប្រាស់នៅលើសមរភូមិទៀតផងដែរ ។ លោកពូទីន បន្ថែមថា វាជាក្នុងគោលបំណងជាការព្រមានដល់លោកខាងលិច អំពីការបំពាក់អាវុធ និងការគាំទ្រអ៊ុយក្រែន។ 
 
ថ្មីៗនេះ ប្រធានាធិបតីបេឡារុស្សលោក Lukashenko ដែលជាសម្ព័ន្ធមិត្តរ៉ឹងមាំរបស់លោក ពូទីនបានលើកឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ប្រទេសរបស់លោកបានចាប់ផ្តើមទទួល អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ដែលរួមបញ្ចូលទាំងគ្រាប់បែកបរមាណូ ដែលមានកម្លាំងខ្លាំងជាងបីដងនៃគ្រាប់បែកអាម៉េរិកបានទម្លាក់លើប៉ុនក្នុងឆ្នាំ ១៩៤៥ ។
 
ក្រៅពីនេះទាក់ទិននឹងការចរចាជាមួយលោកខាងលិចដើម្បីកាត់បន្ថយចំនួនអាវុធនុយក្លេអ៊ែរ លោកពូទីន សង្កត់ធ្ងន់ថា មិនមែនជារឿងគួរតែចាប់ផ្ដើមនោះឡើយ ខណៈដែលរុស្ស៊ីមាន ចំនួនអាវុធនុយក្លេអ៊ែរច្រើនជាងប្រទេសក្នុងសម្ព័ន្ធយោធាណាតូ។
 
គួរបញ្ជាក់ថា មេដឹកនាំរុស្ស៊ីបានប្រកាសកាលពីខែមីនាថា លោកបានយល់ព្រមដាក់ពង្រាយ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងបេឡារុសដោយចង្អុលទៅការដាក់ពង្រាយអាវុធបែបនេះ របស់អាម៉េរិក នៅក្នុងប្រទេសមួយចំនួននៅអឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ អាម៉េរិកបានរិះគន់ការសម្រេចចិត្តរបស់លោកពូទីន ប៉ុន្តែបានសម្គាល់ថាខ្លួនមិនមានចេតនាផ្លាស់ប្តូរគោលជំហររបស់ខ្លួន លើអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រនោះទេ ហើយក៏មិនបានឃើញសញ្ញាណា មួយដែលបង្ហាញថា រុស្ស៊ីកំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com