អន្តរជាតិ
នាយករដ្ឋមន្ត្រីអូស្ត្រាលីសន្យាផ្តល់ថវិកា ១,៤ ពាន់លានដុល្លារដើម្បីជុំរុញតម្លៃផ្ទះសមរម្យ
17, Jun 2023 , 8:29 pm        
រូបភាព
រដ្ឋាភិបាលស្ដាំនិយមអូស្ត្រាលីនាថ្ងៃទី១៧ ខែមិថុនា បានលើកឡើងថា  ខ្លួននឹងប្តេជ្ញាផ្តល់ ប្រាក់ចំនួន ២ ពាន់លានដុល្លារអូស្ត្រាលី ឬ ១,៤ ពាន់លានដុល្លារ ដើម្បីផ្តល់ផ្ទះថ្មីរាប់ពាន់ ខ្នងដែលមានតម្លៃសមរម្យនៅទូទាំងប្រទេស ខណៈអូស្ត្រាលីកំពុងជួបនឹងការឡើងថ្លៃនៃការ រស់នៅ។

 
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់តូនី អាល់បានីសពីទីក្រុងមែលប៊ន បានប្រកាសថា មូលនិធិចំនួន ១,៤ ពាន់លានដុល្លារដែលនឹងត្រូវប្រើប្រាស់នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥ នឹងត្រូវប្រគល់ទៅឱ្យរដ្ឋាភិបាលរដ្ឋ និងក្រសួងដែនដីក្នុងរយៈពេលពីរសប្តាហ៍ ដោយមានគោលបំណងជំរុញការផ្គត់ផ្គង់លំនៅដ្ឋានសាធារណៈសម្រាប់ប្រជាជនអូស្ត្រាលី ក្នុងបញ្ជីរង់ចាំ។
 
«រដ្ឋាភិបាលទទួលបន្ទុកការងារដែលខ្ញុំដឹកនាំជឿជាក់ថាប្រជាជនអូស្ត្រាលីគ្រប់រូបសមនឹង ទទួលបានលំនៅឋានដែលមានសុវត្ថិភាព»។ លោកអាល់បានីសលើកឡើងបែបនេះផងដែរ រួចសង្កត់ធ្ងន់ថា ថវិកានេះមួយរយភាគរយនឹងក្លាយជាលំនៅដ្ឋានសាធារណៈ។ 
 
នៅក្នុងសេចក្តីថ្លែងការណ៍មួមេដឹកនាំរូបនេះបញ្ជាក់ពីការធានាលំនៅឋានបន្ថែមទៀតសម្រាប់ប្រជាជនអូស្ត្រាលីថាជា អាទិភាពជាតិដ៏សំខាន់ ហើយការផ្តល់មូលនិធិបន្ថែមបាននាំមកនូវ ការវិនិយោគរបស់រដ្ឋាភិបាលនៅក្នុងតំបន់នេះដល់ទៅជាង ៩,៥ ពាន់លានដុល្លារអូស្ត្រាលី ឬ ៦,៤ លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២៣។
 
ដោយឡែក អូស្ត្រាលីចង់បង្កើតមូលនិធិលំនៅដ្ឋានតម្លៃ ១០ ពាន់លានដុល្លារអូស្ត្រាលី ឬ ៦,៨ ពាន់លានដុល្លារដើម្បីសាងសង់ផ្ទះថ្មីដែលមានតម្លៃសមរម្យយ៉ាងហោចណាស់ចំនួន ៣ ម៉ឺន ខ្នង ប៉ុន្តែបានប្រឈមមុខនឹងការប្រឆាំងនៅក្នុងសភាពីសមាជិកព្រឹទ្ធសភាគណបក្សតូចៗ។
 
រដ្ឋាភិបាលកាលពីខែឧសភាបានសន្យាបញ្ចូលទឹកប្រាក់ចំនួន ១៤,៦ ពាន់លានដុល្លារអូស្ត្រាលី ក្នុងរយៈពេល ៤ ឆ្នាំនៅក្នុងថវិកាសហព័ន្ធសម្រាប់ការបន្ធូរបន្ថយការចំណាយលើការរស់នៅ សម្រាប់គ្រួសារ និងអាជីវកម្ម ហើយបានបញ្ជាក់ថា វិធានការនេះនឹងមិនបង្កឱ្យមានវិបត្តិអតិផរ ណាខ្ពស់នោះឡើយ។
 
គួរបញ្ជាក់ថា នៅខែមិថុនាឆ្នាំ ២០២១ មាន ៤១៧,៨០០ គ្រួសារនៅលើកម្មវិធីលំនៅដ្ឋានសង្គម សំខាន់ៗរួមទាំងលំនៅដ្ឋានសាធារណៈ កើនឡើងពី ៣៧៨,៦០០ គ្រួសារក្នុងខែមិថុនា ឆ្នាំ ២០០៨។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com