អន្តរជាតិ
លោក ពូទីន បដិសេធផែនការរបស់អាហ្វ្រិក ដែលសម្របសម្រួលក្នុងជម្លោះនៅអ៊ុយ ក្រែន
18, Jun 2023 , 12:19 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាថ្ងៃទី១៧ ខែមិថុនា បានបដិសេធធាតុនៃសំណើ ផែនការសន្តិសុខរបស់អាហ្វ្រិក ដែលស្វែងរកការសម្រុះសម្រួលក្នុងសង្គ្រាមនៅអ៊ុយក្រែន 
ខណៈដែលលោកជឿថាសំណើរបស់ពួកគេជាច្រើនមិនសមហេតុផល។ ផែនការទាំងនោះ ក៏ត្រូវបានច្រានចោលដោយក្រុងកៀវផងដែរ។

 
មេដឹកនាំអាហ្រ្វិកកំពុងស្វែងរកកិច្ចព្រមព្រៀងស្តីពី «វិធានការកសាងទំនុកចិត្ត» ជាបន្តបន្ទាប់ ទោះបីជាទីក្រុងកៀវ កាលពីសប្តាហ៍មុនបានចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំ ដើម្បីរុញច្រានកងកម្លាំងរុស្ស៊ីពីតំបន់ភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន ដែលកម្លាំងរុស្ស៊ីកាន់កាប់។
 
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់បន្ទាប់ពីជួបមេដឹកនាំ អាហ្វ្រិក នៅទីក្រុងកៀវ នាថ្ងៃទី១៦ ខែមិថុនាថា កិច្ចចរចាសន្តិភាពនឹងតម្រូវឱ្យក្រុងមូស្កូ ដកកងកម្លាំងរបស់ខ្លួនចេញពីទឹកដីអ៊ុយក្រែន ។
 
លោកពូទីន វិញ បានបើកកិច្ចពិភាក្សានាថ្ងៃទី១៧ ខែមិថុនា ជាមួយតំណាងប្រទេស អាហ្វ្រិក ទាំង ៧ រួមមាន សេណេហ្កាល់ អេហ្ស៊ីប សំប៊ី អ៊ូហ្កង់ដា កុងហ្គោ កូម័រ និងអាហ្វ្រិកខាងត្បូង នៅក្នុងវិមានមួយនៅជិត St Petersburg ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រុស្ស៊ី ចំពោះទ្វីបនេះ។
 
ប៉ុន្តែក្រោយធ្វើបទបង្ហាញពីផែនការសន្តិសុខដោយប្រធានាធិបតីកូម័រលោក Azali Assoumani ប្រធានាធិបតីសេណេហ្កាល់ លោក Macky Sall និងប្រធានាធិបតីអាហ្រ្វិក ខាងត្បូងលោក Cyril Ramaphosa លោកពូទីនបានបង្អាក់ការសន្មត់នៃផែនការសន្ដិភាព ដែលបញ្ជាក់ពីការទទួលយកព្រំដែនអ៊ុយក្រែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
 
លោកពូទីនបានរំលឹកឡើងវិញពីជំហររបស់លោកថា អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោក ខាងលិច បានចាប់ផ្តើមជម្លោះជាយូរមកហើយ មុនពេលដែលរុស្ស៊ីបានបញ្ជូនកងកម្លាំង ប្រដាប់អាវុធ របស់ខ្លួនឆ្លងកាត់ព្រំដែនក្នុងខែកុម្ភៈឆ្នាំមុន។ 
 
លោកក៏សម្គាល់ថា លោកខាងលិច ហើយមិនមែនរុស្ស៊ីទេ ដែលជាអ្នកទទួលខុសត្រូវចំពោះ ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃម្ហូបអាហារពិភពលោក កាលពីដើមឆ្នាំមុន ដែលបានប៉ះពាល់ ដល់ទ្វីបអាហ្រ្វិកយ៉ាងធ្ងន់ធ្ងរ។
 
ទន្ទឹមនេះមេដឹកនាំរុស្ស៊ីរូបនេះអះអាងថា ខ្លួនមិនដែលបដិសេធការចរចាជាមួយភាគីអ៊ុយក្រែន ដែលត្រូវបានរារាំងដោយក្រុងកៀវ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងមូស្កូបាននិយាយ ម្តងហើយម្តងទៀតចំពោះ សន្តិភាពណាមួយត្រូវតែអនុញ្ញាតឱ្យមាន «ការពិតថ្មី» ដែលមាន ន័យថា ខ្លួនបានប្រកាសការបញ្ចូលខេត្តចំនួន ៥ របស់អ៊ុយក្រែន ខណៈ ៤ ក្នុងនោះរុស្ស៊ី គ្រប់គ្រងបានតែផ្នែកខ្លះប៉ុណ្ណោះ។ នេះគឺជាតំបន់នៃបន្ទាត់ក្រហមដែលរុស្ស៊ីបានកំណត់ផង ដែរ។
 
ជុំវិញរឿងនេះ រដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បាននិយាយបន្ទាប់ពីកិច្ចប្រជុំរយៈ ពេលបីម៉ោងថា ផែនការសន្តិភាពរបស់អាហ្រ្វិកមានធាតុផ្សំចំនួន ១០ ប៉ុន្តែ មិនត្រូវបានកត់ត្រា នៅលើក្រដាស ឬជាផ្លូវការឡើយ។
 
«គំនិតផ្តួចផ្តើមសន្តិភាពដែលស្នើឡើងដោយបណ្តាប្រទេសអាហ្វ្រិកគឺពិបាកអនុវត្តណាស់ និង ពិបាកក្នុងការប្រៀបធៀបជំហរ»។ លោក Lavrov បញ្ជាក់បែបនេះ តែបន្តថា លោកពូទីន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពិចារណាលើផែនការនោះបន្ថែម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com