អន្តរជាតិ
ហុងកុង ​រៀបចំផែនការហាមឃាត់​ផលិតផល​សមុទ្រ​ជប៉ុន​
12, Jul 2023 , 11:42 am        
រូបភាព
មេដឹកនាំហុងកុង លោក John Lee បាននិយាយថា ហុងកុងនឹង ហាម​ឃាត់​ផលិតផល​អាហារ​សមុទ្រ​ពីខេត្តមួយចំនួនធំរបស់ជប៉ុន ប្រសិនបើទីក្រុងតូក្យូបន្តផែនការបញ្ចេញទឹកពីរោងចក្រ Fukushima​ ចូលទៅក្នុងសមុទ្រ។

 
ហុងកុង ជាទីផ្សារធំទីពីររបស់ជប៉ុនសម្រាប់ការនាំចេញកសិផល និងនេសាទ ខណៈចិនដីគោក​ជា​ទីផ្សារធំជាងគេបង្អស់។ ប៉ុន្តែហុងកុង នឹងចាត់វិធានការរឹតត្បិតបន្ថែមទៀតជុំវិញផែនការ​របស់ជប៉ុនលើការបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មរួចរាល់ពីរោងចក្រនៅ Fukushima ដោយសារសុវត្ថិភាព​ចំណី​អាហារ។ ទីក្រុង តូក្យូអះអាងថា ការបញ្ចេញនេះនឹងមានសុវត្ថិភាព និង​ស្របតាមស្តង់ដារពិភពលោក។
 
នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង John Lee បានថ្លែងនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយថា ការហាមឃាត់បច្ចុប្បន្នរបស់ហុងកុងលើការដឹកជញ្ជូនផលិតសមុទ្រពីជប៉ុន ​នឹងត្រូវពង្រីកថែមទៀត។
 
«ប្រសិនបើការបញ្ចេញសារធាតុចាប់ផ្តើម យើងនឹងហាមឃាត់ផលិតផលសមុទ្រមួយចំនួនធំ»។ លោក Lee បានសង្កត់ធ្ងន់បែបនេះ ហើយបន្តថា លោកបានស្នើឱ្យលេខាធិការបរិស្ថាន និងអេកូឡូស៊ីនៃ​ទីក្រុង​ហុងកុងបង្កើតក្រុមការងារចម្រុះដើម្បីរៀបចំផែនការសកម្មភាពរបស់ទីក្រុងទល់នឹងរឿងនេះដែរ។ 
 
ទន្ទឹមនេះ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងប្រកាសព័ត៌មាន លម្អិត​នៃ​ផែនការ​ជាសាធារណៈឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទោះឧស្សាហកម្មម្ហូបអាហារនឹង​រង​ផល​ប៉ះពាល់ ហុងកុងត្រូវបង្ខំចិត្តសម្រេចចិត្តធ្វើបែបនេះដោយសារតែការបញ្ចេញ​សារធាតុមិន​ធ្លាប់​មាន​ពី​មុនមក។
 
កាលពីសប្ដាហ៍មុន ទៅក្រុងប៉េកាំងក៏បានប្រកាសរឹតបន្តឹងការត្រួតពិនិត្យលើម្ហូបអាហារពីជប៉ុន និង​ការ​នាំចូលរបស់ជប៉ុនមួយចំនួនដែរ។ កូរ៉េខាងត្បូងវិញក៏បន្តបម្រាមលើការនាំចូលអាហារ និង​អាហារ​សមុទ្រពីតំបន់ Fukushima ដដែល។
 
ក្នុងឆ្នាំ២០២២ ជប៉ុនបាននាំចេញផលិតផលជលផលចំនួន៥៣៦លានដុល្លារទៅកាន់ទីក្រុងហុងកុង​៕
 

Tag:
 ហុងកុង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com