ជាតិ
អាជ្ញាធរជាតិអប្សរា នឹងបើកសាកល្បងខ្សែទស្សនាថ្មីនៅប្រាសាទអង្គរវត្ត និងបន្ទាយស្រី នៅខែសីហា ![ផ្នែកខ្លះ នៃប្រាសាទអង្គរវត្ត (ឆ្វេង) និងប្រាសាទបន្ទាយស្រី (ស្ដាំ)។](https://image.thmeythmey.com/pictures/2023/07/23/_front_.jpg)
ផ្នែកខ្លះ នៃប្រាសាទអង្គរវត្ត (ឆ្វេង) និងប្រាសាទបន្ទាយស្រី (ស្ដាំ)។
×![]()
សៀមរាប៖ អាជ្ញាធរជាតិអប្សរា នឹងដាក់ដំណើរការសាកល្បង ខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រី នៃរមណីយដ្ឋានអង្គរ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ បើតាមអាជ្ញាធរជាតិអប្សរា ខ្សែទស្សនាថ្មីនេះ នឹងរួមចំណែក បង្កើនគុណភាពនៃការទស្សនា និងលើកតម្លៃប្រាសាទក៏ដូចជាផ្ដល់បទពិសោធល្អៗជូនទេសជាតិ និងអន្តរជាតិ។
តាមរយៈទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ខ្សែទស្សនាថ្មីនៅប្រាសាទអង្គរវត្ត ផ្ដល់ជម្រើសបីដល់ទេសចរ។ ជម្រើសទី១«ទិសដៅទស្សនាបែបទេសចរ» ជាខ្សែទស្សនារយៈពេលខ្លី មានរយៈ២ម៉ោង។ ជម្រើសទី២ «ទិសដៅទស្សនាបែបជំនឿ-សាសនា» ជាខ្សែទស្សនារយៈពេលមធ្យម មានរយៈពេល២ម៉ោង និង៣០នាទី។ ជម្រើសទី៣ «ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រ» ជាខ្សែទស្សនារយៈពេលវែង ដោយមានរយៈពេលទស្សនា៣ម៉ោង។
![](https://image.thmeythmey.com/pictures/2023/07/23/_____.jpg)
ខ្សែទស្សនាថ្មី នៅប្រាសាទបន្ទាយស្រី។ រូបភាព អាជ្ញាធរជាតិអប្សរា។
ចំពោះខ្សែទស្សនាថ្មីនៅប្រាសាទបន្ទាយស្រីវិញ អាជ្ញាធរជាតិអប្សរា បានរៀបចំជាជម្រើស២ សម្រាប់ទេសចរ ដោយ១ ជាជម្រើសទស្សនារយៈពេលខ្លី គឺ១ម៉ោង និង២០នាទី។ រីឯជម្រើសមួយទៀត គឺជាជម្រើសទស្សនារយៈពេល១ម៉ោង និង៤០នាទី។
តាមរយៈជម្រើសខ្សែទស្សនាថ្មី ក្នុងប្រាសាទទាំង២ នឹងអនុញ្ញាតឱ្យទេសចរឆ្លងកាត់ផ្នែកសំខាន់ៗរួមមាន ផ្ទាំងចម្លាក់សាច់រឿង និងចំណុចសំខាន់ ដែលអាចទស្សនាបានទូលំទូលាយជាងកាលមុនៗ។ អាជ្ញាធរអប្សរាអះអាងដូច្នេះ ហើយបន្តថា អំឡុងពេលនៃការដាក់ដំណើរការសាកល្បងនេះ ក្រុមការងារជំនាញ ក៏នឹងប្រើប្រាស់វិធីសាស្ត្រស្ទង់មតិ ការរាប់ចំនួនភ្ញៀវ និងការដើរតាមភ្ញៀវ (Tracking)ផងដែរ។
![](https://image.thmeythmey.com/pictures/2023/07/23/23720231354_____.jpg)
ទិសដៅទស្សនាបែបទេសចរ នៅប្រាសាទអង្គរវត្ត។ រូបភាព អាជ្ញាធរជាតិអប្សរា។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ អ្នកទេសចរនិងសាធារណជន ទទួលជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តន៍សាកល្បង នៃខ្សែទស្សនាខាងលើ៕
![](https://image.thmeythmey.com/pictures/2023/07/23/23720231355_____.jpg)
ទិសដៅទស្សនាបែបជំនឿ និងសាសនា នៅប្រាសាទអង្គរវត្ត។ រូបភាព អាជ្ញាធរជាតិអប្សរា។
![](https://image.thmeythmey.com/pictures/2023/07/23/23720231356_____.jpg)
ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រ នៅប្រាសាទអង្គរវត្ត។ រូបភាព អាជ្ញាធរជាតិអប្សរា។
Tag:
ខ្សែទស្សនា
អង្គរវត្ត
បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com