ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន ម៉ាណែត ដាក់ចេញផែនការកែច្នៃខេត្តព្រះសីហនុ ទៅជាពេជ្រ មានតម្លៃ ![រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ](https://image.thmeythmey.com/pictures/2023/11/07/untitled-2.jpg)
រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
×![]()
ខេត្តព្រះសីហនុ មានសក្ដានុពលច្រើនណាស់ ដែលមិនទាន់បានប្រើប្រាស់អស់លទ្ធភាព។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់ទុកខេត្តមាត់សមុទ្រមួយនេះ ជាគ្រាប់ពេជ្រ មានតម្លៃ ដែលត្រូវការកែច្នៃ។
សម្ដេច ហ៊ុន ម៉ាណែត បានមើលឃើញថា ធម្មជាតិខេត្តព្រះសីហនុល្អណាស់ ដែលប្រៀបបានដូចជាគ្រាប់ពេជ្រ តែត្រូវការកែច្នៃ ដើម្បីបានជាប្រយោជន៍។ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ឱកាសកែច្នៃខេត្តព្រះសីហនុ ឱ្យទៅជាគ្រាប់ពេជ្រមានតម្លៃនេះ វាត្រូវទាមទារចាំបាច់នូវស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសគោលនយោបាយច្បាស់លាស់ថែមទៀត។
«ខេត្តព្រះសីហនុ ជាដុំពេជ្រមិនទាន់ច្នៃ ដែលត្រូវច្នៃឱ្យទៅជាពេជ្រច្រើនមុខ»។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ១៥,១៩៤នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៧ វិច្ឆិកា។
បើតាមសម្ដេច ហ៊ុន ម៉ាណែត រដ្ឋាភិបាលកំពុងដាក់ចេញផែនការមេ អភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ប៉ុន្តែមិនយកខេត្តជាប់សមុទ្រដទៃនោះ មកប្រកួតប្រជែងជាមួយខេត្តព្រះសីហនុនោះឡើយ។ ត្រង់ចំណុចនេះ សម្ដេច ហាមមិនឱ្យខេត្តសមុទ្រទាំងនោះ ប្រកួតប្រជែងគ្នាឯងទេ តែត្រូវមានគោលដៅរួមមួយ ក្នុងការអភិវឌ្ឍសក្ដានុពលក្នុងតំបន់រៀងខ្លួន ទៅប្រកួតជាមួយប្រទេសជិតខាងវិញ។
« ហើយខេត្តព្រះសីហនុមួយ បើអភិវឌ្ឍន៍បានត្រឹមត្រូវ គឺចិញ្ចឹមច្រើនណាស់ ចិញ្ចឹមសេដ្ឋកិច្ចជាតិ ហើយខេត្តនៅជុំវិញនេះ គឺបានផលច្រើនណាស់ ព្រោះសក្ដានុពលនៅមួយកន្លែង តែផលចែកចាយ»។ នេះបើតាមសម្ដេច ។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ក៏បានប្រកាសដាក់ចេញមហិច្ឆតាប្រែក្លាយកំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញ តាមរយៈការអភិវឌ្ឍកំពង់ផែទឹកជ្រៅ ផ្សារភ្ជាប់ជាមួយគម្រោងព្រែកជីកតេជោសែន។ ក្រៅពីកំពង់ផែខេត្តព្រះសីហនុនេះ កំពង់ផែក្នុងខេត្តសមុទ្រផ្សេងទៀត ដូចជា កំពត និងកោះកុងជាដើម ក៏ត្រូវអភិវឌ្ឍន៍ដែរ។ នាយករដ្ឋមន្រ្តី ប្រកាសប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គិតគូរពីការអភិវឌ្ឍន៍ផែនៅខេត្តជាប់សមុទ្រទាំងនោះ។ បើតាមសម្ដេច ហ៊ុន ម៉ាណែត នាពេលអនាគត ខេត្តព្រះសីហនុ នឹងបង្កើនការផ្សារភ្ជាប់តាមរយៈផ្លូវទឹក ជាមួយថៃ ហ្វីលីពីន រហូតដល់ ម៉ាឌីវ ជាដើម ។
ប្រមុខរដ្ឋាភិបាល បានបង្ហាញក្តីរំពឹងថា ខេត្តព្រះសីហនុ នឹងប្រែក្លាយទៅជាខេត្ត ដែលប្រជាពលរដ្ឋមានចំណូលខ្ពស់ នារយៈពេលពី៥ ទៅ១០ឆ្នាំទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com