អន្តរជាតិ
ផ្ទៃដីជាង ១០០ហិកតាក្នុងខេត្តIshikawa ជប៉ុន ត្រូវជន់លិចដោយរលកស៊ូណាមិ
04, Jan 2024 , 10:40 am        
រូបភាព
រូបភាព NHK
រូបភាព NHK
រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី៣ ខែមករា បានរាយការណ៍ថា បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងដល់ ៧,៦ រ៉ិចទ័រ នៅថ្ងៃទី១ ខែមករា ផ្ទៃដីយ៉ាងហោចណាស់ ១០០ ហិកតានៃក្រុងចំនួនពីរក្នុងខេត្ត Ishikawa នៃឧបទ្វីប Noto ត្រូវបានជន់លិចដោយសាររលកស៊ូណាមិ។ យ៉ាងណាមិញ ទំហំខូចខាតលម្អិត មិនទាន់ដឹងច្បាស់នោះឡើយ។

 
ក្រសួងដែនដីជប៉ុន បានវិភាគការខូចខាតបង្កដោយរលកស៊ូណាមិ នៅទីក្រុង Suzu និង ទីក្រុង Noto ក្នុងខេត្ត Ishikawa នៃឧបទ្វីប Noto ដែលស្ថិតតាមបណ្ដោយសមុទ្រជប៉ុន ដោយប្រើរូបភាពពីលើអាកាសផ្ដល់ដោយឧទ្ធម្ភាគចក្រសង្គ្រោះរបស់ខេត្ត។ តំបន់ដែលត្រូវ បានបញ្ជាក់ថាមានទឹកជំនន់សរុបរហូតដល់ ១០០ ហិកតា ហើយក្នុងនោះរួមមានកំពង់ផែ Iida ចំនួន ១៥​ ហិកតា និងផ្ទៃដីចំនួន ២៧ ហិកតានៅតំបន់ Nunoura និង Kurikawashiri នៅទីក្រុង Noto។ 
 
រលកស៊ូណាមិបានវាយប្រហារតំបន់ជាច្រើនបន្ទាប់ពីការរញ្ជួយដី។ មន្ត្រី​ក្រសួងដែន​ ដីក៏សម្គាល់ថា ​ទំហំ​ទឹក​ជំនន់​ពិត​ប្រាកដគឺ​ទំនង​ជា​ធំ​ជាង​ការរាយការណ៍ខាងលើផងដែរ។ កន្លងមក ជប៉ុន បានប្រកាសអាសន្នពីលទ្ធភាពមានរលកយក្សស៊ូណាមិវាយប្រហារមកលើខ្លួនជាថ្មី មុនពេលលើកចោលការព្រមាននេះ នៅថ្ងៃទី២ ខែមករា។ រលកមានកម្ពស់រហូតដល់ប្រមាណ ១២០សង់ទីម៉ែត្រឯណោះ។ 
 
គួរបញ្ជាក់ថា មកទល់ពេលនេះ ផលប៉ះពាល់ និងទំហំខូចនៃផ្ទះសម្បែង ឬជម្រៅទឹកជំនន់ មិនមានការរាយការណ៍លម្អិតនៅឡើយ។ បើទាក់ទងនឹងគ្រោះរញ្ជួយដី គិតត្រឹមថ្ងៃទី៣ ខែមករា យ៉ាងហោចណាស់មនុស្ស ៦២នាក់ត្រូវបានស្លាប់ ២០០ នាក់រងរបួសហើយក្នុងនោះ ២០ នាក់រងរបួសធ្ងន់។ ឯផ្ទះសម្បែងជាច្រើនបានរងការខូចខាតដោយសារការរញ្ជួយដី និង អគ្គិភ័យផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com