អន្តរជាតិ
ហេតុអ្វី​បាន​ជា​គុណភាព​ខ្យល់​នៅ​ទីក្រុង​អាស៊ី​ខាង​ត្បូង​ពុលខ្លាំង?
12, May 2024 , 8:29 am        
រូបភាព
នៅឆ្នាំ២០២៣ បង់ក្លាដែសបានកត់ត្រាគុណភាពខ្យល់អាក្រក់បំផុតក្នុងចំណោម១៣៤ ប្រទេសដែលត្រូវបានត្រួតពិនិត្យដោយក្រុមអាកាសធាតុស្វីស IQAir ។ ប៉ាគីស្ថាន និង ឥណ្ឌាស្ថិតនៅលំដាប់បន្ទាប់ពីបង់ក្លាដែស ខណៈតំបន់អាស៊ីខាងត្បូងទាំងមូលទទួលរង ការបំពុលដ៏អាក្រក់បំផុតនៅក្នុងពិភពលោកទាំងមូល។

 
របាយការណ៍ដោយក្រុមអាកាសធាតុស្វីស IQAir រកឃើញថា គុណភាពខ្យល់មិនល្អនៅ អាស៊ីខាងត្បូង ជារឿយៗកាន់តែធ្លាក់ចុះបន្ថែមទៀតដោយសារការបំភាយឧស្ម័នចេញពី ការផលិតឥដ្ឋដុត ឧស្សាហកម្មផ្សេងៗ ការដុតកាកសំណល់កសិកម្ម និងការអនុវត្តបូជាសព។ បន្ថែមពីនេះ ការដុតឥន្ធនៈរឹងសម្រាប់ចម្អិនអាហារ និងកំដៅ ជាពិសេសក្នុងអំឡុងពេល ខែត្រជាក់បន្ថែមការបំពុលបរិយាកាសផងដែរ។
 
នៅបង់ក្លាដែស ឡឥដ្ឋមានប្រមាណ៨ពាន់កន្លែង ដែលខ្លះដំណើរការដោយ ខុសច្បាប់។ ការ​ដុត​សំរាម​ប្លាស្ទិក និង​ផ្សែង​រថយន្ត​ក៏​រួម​ចំណែក​ធ្វើ​ឱ្យ​គុណភាព​ខ្យល់​ធ្លាក់​ ចុះ​ផង​ដែរ។ ក្នុង​រដូវ​ដុត​ដំណាំ ផ្សែងចេញ​ពី​​ឥណ្ឌា នេប៉ាល់ និង​ប៉ាគីស្ថាន​ក៏​អាច​រសាត់​ចូល​ បង់ក្លាដែស​ដែរ។
 
ឯភាគខាងជើងឥណ្ឌា និងក្រុងញូវដេលីមានគុណភាពខ្យល់មិនល្អ ជាពិសេសដោយសារតែការ ដុតជីវម៉ាស ឬដុតកាកសំណល់ឈើ ឬដំណាំដើម្បីធ្វើជាឥន្ធនៈ ការដុតធ្យូងថ្ម និងការបំភាយ យានយន្ត។ ការដុតដំណាំប្រចាំឆ្នាំដែលកសិករនៅឥណ្ឌា និងប៉ាគីស្ថានដុតបំផ្លាញសំណល់ រុក្ខជាតិបន្ទាប់ពីប្រមូលផលស្រូវដើម្បីរៀបចំវាលស្រែសម្រាប់ចំការស្រូវសាលីក៏ជាការរួមចំណែកដល់ការបំពុលបរិយាកាសផងដែរ។
 
យោងតាមសន្ទស្សន៍ជីវិតគុណភាពខ្យល់ (AQLI) ដែលបោះពុម្ពដោយវិទ្យាស្ថានគោល នយោបាយថាមពលនៅសាកលវិទ្យាល័យឈីកាហ្គោ (EPIC) ក្នុងខែសីហា ឆ្នាំ២០២៣ អាយុកាលជាមធ្យមរបស់ប្រជាជនឥណ្ឌាត្រូវបានកាត់បន្ថយត្រឹម៥ឆ្នាំ ៣ខែ ដោយសារ តែការបំពុលខ្យល់ដល់កម្រិត PM2.5 ។ នៅទីក្រុងញូវដេលី អាយុកាលជាមធ្យមត្រូវបាន កាត់បន្ថយរហូតដល់១០ឆ្នាំ។
 
បន្ថែមពីនេះ របាយការណ៍បានរកឃើញថាប្រជាជនប៉ាគីស្ថានជាមធ្យមនឹងរស់នៅបានយូរ ជាងនេះរហូតដល់៣,៩ឆ្នាំ ប្រសិនបើគុណភាពខ្យល់បំពេញតាមគោលការណ៍ណែនាំរបស់ អង្គការសុខភាពពិភពលោក៕

© រក្សាសិទ្ធិដោយ thmeythmey.com