អន្តរជាតិ
តើការប្រើប្រាស់អុីមែលបង្កការបំភាយឧស្ម័នផ្ទះកញ្ចក់តាមរបៀបណា?
12, May 2024 , 9:39 am        
រូបភាព
រូបភាព Pexels
រូបភាព Pexels
ការបញ្ចេញកាបូនដោយប្រើប្រាស់អ៊ីមែល (Email Carbon Footprint) ជាបរិមាណនៃឧស្ម័នផ្ទះកញ្ចក់ ដែលបញ្ចេញ ទៅក្នុងបរិយាកាសនៅពេលដែលមនុស្សបានបានបង្កើត ផ្ញើ រក្សាទុក និងអានអ៊ីមែល។

 
ដើម្បីសរសេរអ៊ីមែលមួយ អ្នកត្រូវការប្រើឧបករណ៍អេឡិចត្រូនិចដូចជា ទូរស័ព្ទ កុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុជាដើមដែលទាមទារថាមពល ដើម្បីដំណើរការ ហើយថាមពលដែលបានមក ភាគច្រើនគឺមកពីការដុតឥន្ធនៈហ្វូស៊ីលដែលផ្ដល់ផលជាការបំពុលខ្យល់ និងបរិយាកាស។ នៅពេលដែលសរសេរ និងផ្ញើអ៊ីមែល នោះបរិមាណជាក់លាក់មួយនៃឧស្ម័នផ្ទះកញ្ចក់ ក៏ត្រូវបានបញ្ចេញទៅបរិយាកាសផងដែរ។
 
បន្ថែមពីនេះ ប្រសិនបើបុគ្គលដែលទទួលបានអ៊ីមែលមិនលុបអ៊ីមែលនោះទេ សារនោះត្រូវ បានរក្សាទុកនៅលើម៉ាស៊ីនមេផ្ទុកទិន្នន័យដែលត្រូវការថាមពលជាច្រើនដើម្បីដំណើរការ។ កាលណានរណាម្នាក់រក្សាទុកអ៊ីមែលកាន់តែយូរនោះកាបូនក៏នឹងត្រូវបានបង្កើតកាន់តែច្រើនឡើងផងដែរ។
 
តាមអ្នកជំនាញខាងការបញ្ចេញកាបូនដោយប្រើប្រាស់អ៊ីមែល លោក Berners Lee​ បានលើកឡើងក្នុងសៀវភៅរបស់លោកដែលមានចំណងជើង៖ «How Bad Are Bananas?: The carbon footprint of everything» ថា អ៊ីមែលខ្លីមួយផ្ញើពីកុំព្យូទ័រយួរដៃមួយទៅកុំព្យូទ័រមួយទៀតបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ០,៣ ក្រាម ខណៈអ៊ីមែលដ៏វែងមួយដែលចំណាយពេល ១០ នាទីដើម្បីសរសេរ និង ៣ នាទីដើម្បីអាន ហើយត្រូវបានផ្ញើពីកុំព្យូទ័រយួរដៃមួយទៅកុំព្យូទ័រមួយទៀតបញ្ចេញឧស្ម័ន ១៧ក្រាម។
 
ក្នុងរយៈពេលមួយឆ្នាំ ការប្រើប្រាស់អ៊ីមែលជាមធ្យមរបស់មនុស្សម្នាក់ប្រែប្រួលចន្លោះពី ៣ ទៅ ៤០ គីឡូក្រាម។ ស្រដៀងគ្នានេះ ការប្រៀបធៀបការផ្ញើ ៦៥ អ៊ីមែលគឺស្មើនឹងការបើកបរ ១ គីឡូម៉ែត្រសម្រាប់ឡាន។ ដូច្នេះការរួមចំណែកនៃការប្រើប្រាស់អ៊ីមែលដោយមនុស្សម្នាក់ៗបង្កជាការបំភាយជាសកល អាចមានចំនួនច្រើន ខណៈអ្នកប្រើប្រាស់អ៊ីមែលទូទាំង ពិភពលោកមានរហូតដល់ ៣,៩ពាន់លាននាក់។
 
ការកាត់បន្ថយការបំភាញចេញពីអ៊ីមែលដោយបុគ្គលប្រើប្រាស់ម្នាក់ៗ គឺធ្វើឡើងតាមរយៈការកាត់បន្ថយការផ្ញើអ៊ីមែលណាដែលមិនចាំបាច់ និងជៀសវាងការផ្ញើអ៊ីមែលខ្លីទៅវិញទៅមក, ការផ្ញើតំណភ្ជាប់ (link) ទៅឯកសារជាជាងភ្ជាប់ឯកសារនោះ (attachment) ទៅនឹងអ៊ីមែលផ្ទាល់, ការលុបអ៊ីម៉ែលដែលមិនចាំបាច់ចោល, និងការបិទការទទួលអ៊ីមែលពាណិជ្ជកម្ម ឬការផ្សព្វផ្សាយណាមួយ (unsubscription)៕

Tag:
 អុីមែល
© រក្សាសិទ្ធិដោយ thmeythmey.com