RFI
អន្តរជាតិ
ព្យុះ​ព្រះ​អាទិត្យ​ក្នុង​កំរិត​ដ៏​​ខ្លាំងក្លាបំផុតមួយ​ ​​បាន​មក​ប៉ះ​ប្រព័ន្ធ​​ផែនដី
12, May 2024 , 9:39 pm        
រូបភាព
ពន្លឺ​ក្នុង​មេឃ​រុស្ស៊ី បង្ក​ដោយ​ព្យុះ​ព្រះ​អាទិត្យ យប់​ថ្ងៃ​សុក្រ​ទី ១០ ឧសភា​២០២៤ REUTERS - Alexey Malgavko
ពន្លឺ​ក្នុង​មេឃ​រុស្ស៊ី បង្ក​ដោយ​ព្យុះ​ព្រះ​អាទិត្យ យប់​ថ្ងៃ​សុក្រ​ទី ១០ ឧសភា​២០២៤ REUTERS - Alexey Malgavko
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា

ទីភ្នាក់ងារ​តាមដាន​សមុទ្ទ​និង​បរិយាកាស​អាមេរិក ​មិន​ដែលជូន​ដំណឹង​​ ដូច​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី ១០​ឧសភា ម្សិលមិញទេ៖ “ជា​លើក​ទី​មួយ គិត​​ក្នុង​រយៈ​ពេល​២០​ឆ្នាំមក​នេះ​​ ព្យុះ​ព្រះអាទិត្យ​ ឬ​ព្យុះ​ម៉ាញេទិក​មក​ពីព្រះ​អាទិត្យ ​ដ៏​ខ្លាំងក្លា​មិន​ធ្លាប់​មាន​ ពោល​គឺ​ជា​កម្លាំង​ព្យុះ​​ម៉ាញេទិកកំរិតទី៥​ដ៏​ខ្ពស់​បំផុត​​នៃមាត្រដា្ឋន​ បាន​មក​ប៉ះ​ប្រព័ន្ធ​ផែន​ដី”។ បាតុភូត​នេះ​បាន​ធ្វើ​ឱ្យ​​មាន​ពន្លឺ​ពិសេស​នៅ​លើ​ផ្ទៃមេឃ​ ដែល​មនុស្ស​ប្រាថ្នា​គយគន់​ តែ​ក៏​អាច​បង្ក​ឱ្យ​មាន​ផល​រំខាន​ជា​ច្រើន​ក្នុងផ្នែក​ទូរគមនាគមន៍ និង​បណ្តាញ​អគ្គិសនី។



ព្រះអាទិត្យ​ក៏ទំនង​​ចេះ​ខឹង​ហើយ​ផ្ទុះ​ព្រួស​ភ្លើង​ទៅ​ក្នុង​បរិយាកាស​ កាលពី​ថ្ងៃពុធ​ទី​៨​ឧសភា​ ដែល​បង្ក​ជា​ព្យុះ​ព្រះ​អាទិត្យ​​ឡើង។ បន្ទាប់​ពី​ធ្វើ​ដំណើរ​អស់​បី​ថ្ងៃ ក្នុង​ល្បឿន​រាប់​សិប​រយ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង លើ​​ចម្ងាយផ្លូវ​ប្រមាណ​​១៥០លាន​គីឡូម៉ែត្រ ព្យុះ​ព្រះអាទិត្យ ដែល​ជា​បំណែកថាមពល និង​​ធាតុម៉ាញេទិក​របស់​ព្រះអាទិត្យ​ បាន​មកដល់​​ភពរបស់​​ផែន​ដី ក្នុងកំរិត​​កម្លាំង​ដ៏​ខ្លាំងក្លាបំផុត​ មិន​ធ្លាប់​ជួប​ប្រទះ​ឡើយ​នា​រយៈ​ពេល​២០​ឆ្នាំ​កន្លង​មក​នេះ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​អ្នក​ជំនាញ​អាកាសធាតុ​អវកាស​នៃ​ទីភ្នាក់ងារ​អាមេរិក​ផ្នែក​តាមដាន​សមុទ្ទ​និង​បរិយាកាស(NOAA)។
 
អ្នក​ជំនាញ​បាន​លម្អិត​ទៀតថា ពេល​នេះ ព្រះ​អាទិត្យ​កំពុង​មាន​សកម្មភាព​ខ្លាំង​ឡើង​ស្ទើរ​ដល់​កំពូល​ ទៅ​តាម​វដ្ត​របស់​វា​ដែល​មាន​រយៈ​ពេល​១១​ឆ្នាំម្តង។ នៅ​​លើក​នេះ​​ ព្រះ​អាទិត្យ​ព្រួស​​បំណែក​ភ្លើង​ជា​ច្រើន ក្នុង​នោះ​មាន​៧​បំណែក មាន​អង្កត់​ផ្ចិត​ធំ​ជាង​ផែន​ដី ១៦​ដង ហើយ​ដុំ​ទីមួយ​បាន​មក​ដល់​ភព​​ផែន​ដី នៅ​ថ្ងៃ​សុក្រ​ទី​១០ឧសភា វេលា​ម៉ោង​៦​កន្លះល្ងាច​​ម៉ោង​នៅ​ប្រទេស​បារាំង និង​ដុំ​បន្ត​បន្ទាប់​នាចុង​សប្តាហ៍​នេះ។
 
ដោយ​មាន​ដែន​ម៉ាញេទិក​ការពារ​ ភពផែនដី​មិន​រង​ព្យុះព្រះ​អាទិត្យ​ដោយ​ត្រង់ៗ​ទេ ប៉ុន្តែ​បាតុភូត​នេះ​អាចបង្ក​ផលវិបាក​ជា​ច្រើន​ ដូច​ជាអាច​ធ្វើ​ឱ្យប្រព័ន្ធ​អគ្គិសនី និង​បណ្តាញ​ទូរគមនាគមន៍ ​​ជួប​ភាព​រអាក់​រអួល​ ព្រោះ​ប្រព័ន្ធ​ផ្កាយ​រណប​ងាយ​រង​ឥទ្ធិពល​នឹង​បាតុភូត​ម៉ាញេទិក​បែប​ដូច្នេះ​ខ្លាំងណាស់។ កាលពី​ខែ​តុលា​ឆ្នាំ​២០០៣ ព្យុះ​ម៉ាញេទិក​ក្នុង​កំរិត​ដ៏​ខ្ពស់​បំផុត​ទី​៥​នៃ​មាត្រ​ដ្ឋាន​ ដូច​ព្យុះ​ព្រះអាទិត្យ​លើក​នេះ បាន​ធ្វើ​​ឱ្យ​ដាច់​ចរន្ត​អគ្គិសនី​រាប់​ម៉ោង​នៅស៊ុយអែត ខូច​ម៉ាស៊ីនភ្លើង​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។ ព្យុះ​ព្រះអាទិត្យ​ខ្លាំងក្លា​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​គឺ​នៅ​ឆ្នាំ​១៨៥៩ ក្នុង​កំរិត​៥​ដែរ។ ភ្នាក់ងារ​ណាសា បាន​ទាក់ទង​ទៅ​ស្ថានីយអវកាស​អន្តរជាតិ ដែល​ងាយ​រង​វិទ្យុសកម្ម​ព្រះ​អាទិត្យ ​ដើម្បី​ធានា​សុវត្ថិភាព​របស់​អវកាសយានិក។

ខាង​ផ្នែក​អាកាសចរណ៍​ស៊ីវិល​ក៏​បាន​ទទួល​ការ​ណែនាំ​ឱ្យប្រុងប្រយ័ត្ន​ត្រៀម​លក្ខណៈ​ប្រឈម​នឹង​ភាព​រំខាន​ផ្នែក​ទូរគមនាគមន៍​ជា​យថាហេតុ​ណា​មួយបង្ក​ឡើង​​បាតុភូត​ព្យុះ​ព្រះ​អាទិត្យ​នេះ​។
 
​ព្យុះ​ព្រះអាទិត្យ​ក៏ជា​ដំណឹង​ល្អ​សម្រាប់​ការព្យាករអាកាសធាតុ​អវកាសដែរ ដោយជំរុញ​ឱ្យ​មាន​បាតុភូត​ពន្លឺ​​ក្នុង​បរិយាកាស។ ព្យុះ​កាន់​តែ​ខ្លាំង​ បាតុភូត​ពន្លឺ​ក្នុង​ផ្ទៃ​មេឃកាន់​តែ​លេច​ច្រើន​នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​អឌ្ឍគោល​។ យប់​មិញ​បាតុភូត​ពន្លឺ​ បាន​លេច​លើ​ផ្ទៃ​មេឃ​​បារាំង អាល្លឺម៉ង់ និង​អាមេរិក រហូត​ដល់​រដ្ឋ​កាលីហ្វ័រញ៉ា​ផង។ តាម​ធម្មតា បាតុភូត​ពន្លឺ​បៃតង ខៀវក្រហម​លេច​លើ​ផ្ទៃ​មេឃ​ ​ធ្លាប់​តែមើល​ឃើញ​នៅ​តំបន់​ប៉ូល​​​​ខាង​ជើងនិង​ត្បូង​​តែ​ប៉ុណ្ណោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com