អន្តរជាតិ
រដ្ឋាភិបាលអូស្ត្រាលីត្រូវការថវិកាដើម្បីជួយសម្រាលអតិផរណាខ្ពស់
12, May 2024 , 5:59 pm        
រូបភាព
រដ្ឋមន្រ្តីហិរញ្ញវត្ថុអូស្ត្រាលី លោក Jim Chalmers នាថ្ងៃទី១២ ខែឧសភាបានលើកឡើងថា ថវិកាចំណាយសម្រាប់​សហព័ន្ធដែលនឹងបញ្ច្ចេញ នឹងជួយបន្ធូរបន្ថយអតិផរណារបស់ប្រទេស ខណៈដែលប្រជាជនអូស្ត្រាលីជាច្រើនបន្តប្រឈមនឹងសម្ពាធចំណាយនៃការរស់នៅខ្ពស់។

 
«យើងរំពឹងថាថវិកាដូចដែលខ្ញុំបាននិយាយនឹងធ្វើឱ្យអតិផរណាធ្លាក់ចុះជាជាងការកើនឡើង នៃអតិផរណា»។ លោក Chalmers បាននិយាយនៅក្នុងបទសម្ភាសតាមទូរទស្សន៍ Australian Broadcasting បែបនេះរួចបន្តថា គម្រោងថវិកាដែលដាក់ស្នើកាលពីថ្ងៃទី៧ ខែឧសភា ផ្តោតជាចម្បងលើអតិផរណា ប៉ុន្តែមិនមែនជាការផ្តោតលើតែមួយមុខនោះទេ។
 
ថវិកានេះនឹងក្លាយជាថវិកាដែលទទួលខុសត្រូវ និងបន្ធូរបន្ថយសម្ពាធនៃការរស់នៅ ហើយនឹងវិនិយោគនៅពេលខាងមុខនៅអូស្ត្រាលីផងដែរ។
 
សេដ្ឋវិទូរបស់ធនាគារកណ្តាលអូស្ត្រាលីព្យាករថា អតិផរណាអ្នកប្រើប្រាស់ដែលមានចំនួន៣,៦ភាគរយនៅក្នុងត្រីមាសទី១ នឹងកើនឡើងដល់៣,៨ភាគរយនៅខែមិថុនារហូតដល់ដំណាច់ឆ្នាំនេះ។
 
ក្រុមមន្ត្រីអូស្រ្តាលីបានលើកឡើងកាលពីថ្ងៃទី៧ ខែឧសភាថា ថវិកាចំណាំយសហព័ន្ធ នឹងផ្តោតសំខាន់លើលំនៅឋាន ដោយសារការកើនឡើងថ្លៃជួល ការដំឡើងអត្រាការប្រាក់ និងការកើនឡើងចំណាយរស់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារលំនៅដ្ឋានដែលមានតម្លៃមិនសមរម្យបំផុតនៅលើពិភពលោករួចទៅហើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com