កីឡាជាតិ
ជាតិ
NOCC រំពឹងថាមានមនុស្ស ៤ពាន់នាក់ ចូលរួមភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១២
17, May 2024 , 9:47 am        
រូបភាព
ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង
ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង
គិតត្រឹមពេលនេះ តួលេខបណ្ដោះអាសន្នអ្នកចូលរួមរត់ប្រណាំភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងជាតិ លើកទី១២ មានចំនួន ៣៦០៥នាក់ ក្នុងនោះមាន៦៤ជាតិសាសន៍។ ក្នុងចំណោមតួលេខនេះ អ្នកចូលរួម ៣០០២នាក់ជាជនជាតិកម្ពុជា។ ចំណែក៥ប្រទេស ដែលអ្នកចូលរួមច្រើនជាងគេ មានជប៉ុន ចិន បារាំង ម៉ាឡេស៊ី និងហ្វីលីពីន។ នេះបើតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC ស្របពេលព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។



ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១២ នៅទីស្នាក់ការ កាលពីថ្ងៃទី១៥ ខែឧសភា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការរត់ម៉ារ៉ាតុងនេះ មានប្រភេទវិញ្ញាសាដូចជា ២១គីឡូម៉ែត្រ មានចំនួន ៦២៦នាក់, ១០គីឡូម៉ែត្រ ១៦៣២នាក់, ៥គីឡូម៉ែត្រ ១១១៣នាក់ និង២គីឡូម៉ែត្រ ២៣៤នាក់។ 
 
បើតាមអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អ្នកចុះឈ្មោះទាំងអស់នោះ មាន៦៤ជាតិសាសន៍ផ្សេងគ្នា ដោយក្នុងនោះអត្តពលិកចំនួន ៦០៣នាក់ ជាជនបរទេស ដែលភាគច្រើនស្នាក់នៅកម្ពុជា។ 
 
លោក វ៉ាត់ ចំរើន រំពឹងថា ចំនួនអ្នកចូលរួម អាចឈានដល់៤០០០ ឬ៤៥០០នាក់។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ៖«ឆ្នាំនេះ គឺជាឆ្នាំ ដែលយើង គិតថាសុវត្ថិភាព ១០០ភាគរយកពីជំងឺកូវីដ-១៩។ យើង គិតថាអាចឡើងដល់ ៤០០០ ឬ៤៥០០នាក់។ កាលពីមុនជំងឺកូវីដ យើង ធ្លាប់មានអ្នកចូលរួម ដល់៥០០០នាក់ម្ដងរួចមកហើយ។ យើង នឹងរុញពីចំនួន២០០០-៣០០០នាក់ ឲ្យទៅ៥០០០នាក់។»៕
 

Tag:
 វ៉ាត់ ចំរើន
  រត់ពាក់កណ្ដាលម៉ារ៉ាតុង
© រក្សាសិទ្ធិដោយ thmeythmey.com