អន្តរជាតិ
ប្រទេសទាំងបួនដែលមានប្រព័ន្ធអប់រំល្អសម្រាប់កុមារ
19, May 2024 , 10:20 am        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស Rishi Sunak និងកុមារម្នាក់ នៅក្នុងឆ្នាំ២០២៣។ រូបភាព AFP
នាយករដ្ឋមន្រ្តីអង់គ្លេស Rishi Sunak និងកុមារម្នាក់ នៅក្នុងឆ្នាំ២០២៣។ រូបភាព AFP
ការអប់រំកុមារភាពកំណត់មូលដ្ឋានគ្រឹះនៃចំណេះដឹង ការត្រិះរិះពិចារណា និងជំនាញសង្គម។ នៅក្នុងប្រទេសដែលផ្តល់អាទិភាពដល់ដំណាក់ដ៏សំខាន់នេះ កុមារមិនត្រឹមតែត្រូវបានបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានបំផុសគំនិត ចូលរួម និងយល់ដឹងច្រើនពីកត្ដាជុំវិញខ្លួន។

ប្រជាជាតិទាំងបួនខាងក្រោមនេះ បានផ្តល់ពីសារសំខាន់នៃការអប់រំកុមារ ដោយបានធ្វើការ វិនិយោគលើវិធីសាស្រ្តបង្រៀន កម្មវិធីសិក្សាដ៏ទូលំទូលាយ និងគោលការណ៍រួមបញ្ចូល ដែលបង្កើតបរិយាកាសប្រកបដោយការយកចិត្តទុកដាក់សម្រាប់អ្នកសិក្សាវ័យក្មេងគ្រប់រូប។ 
  

រូបភាព AFP

ហ្វាំងឡង់

ហ្វាំងឡង់ផ្តល់ជូនប្រព័ន្ធអប់រំដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យសម្រាប់កុមារគ្រប់ មជ្ឈដ្ឋានដែលប្រឆាំងនឹងទម្លាប់នៃការអប់រំដែលជំរុញដោយការធ្វើតេស្តដែលត្រូវបានអនុម័តដោយប្រទេសលោកខាងលិចភាគច្រើន។ 
 
នៅក្នុងការស្ទង់មតិថ្មីៗនេះ ៩២ ភាគរយនៃ ឪពុកម្តាយជនបរទេសបានបោះឆ្នោតហ្វាំងឡង់ជា ជម្រើសកំពូលសម្រាប់ការអប់រំក្នុង ចំណោម ៤១ ប្រទេសជុំវិញពិភពលោក។  ទាក់ទងនឹងការចំណាយការអប់រំគឺមិនគិតថ្លៃចាប់ពីកម្រិតមត្តេយ្យសិក្សាដល់កម្រិតឧត្តមសិក្សា។
 
អង់គ្លេស
 
ទោះបីជាឆ្លងកាត់ពេលវេលានៃការផ្លាស់ប្តូរ និងភាពមិនច្បាស់លាស់ខាងនយោបាយក៏ដោយ អង់គ្លេសនៅតែបន្តចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមកន្លែងសិក្សាល្អបំផុតរបស់ពិភពលោក។ ប្រព័ន្ធអប់រំរបស់អង់គ្លេសមានភាពបត់បែន ដែលអនុញ្ញាតឱ្យកុមារអាចសិក្សាតាមរបៀប ដែលសមស្របនឹងការរស់នៅរបស់គ្រួសារ និងសេចក្តីប្រាថ្នាក្នុងអាជីពរបស់ពួកគេ។ 
 
សាលារដ្ឋមិនគិតថ្លៃចាប់ពីអាយុ៥ ទៅ ១៨ឆ្នាំ ហើយអង់គ្លេសជាកន្លែងសម្រាប់ សាលាឯកជនដ៏ល្អបំផុតមួយចំនួននៅក្នុងពិភពលោក។
 
នូវែលសេឡង់
 
ការអប់រំនៅសាលារដ្ឋនៅនូវែលសេឡង់ គឺមិនគិតថ្លៃសម្រាប់អ្នករស់នៅអចិន្ត្រៃយ៍ដែលមាន អាយុចន្លោះពី ៥ ទៅ ១៩ ឆ្នាំ ហើយប្រព័ន្ធឆ្លុះបញ្ចាំងពីសង្គមដ៏ខុសប្លែកគេ និងចម្រុះ។ វប្បធម៌ មានភាពរួសរាយរាក់ទាក់ ហើយអាកប្បកិរិយាចំពោះកុមារបរទេសគឺមានភាពវិជ្ជមាន និង ស្វាគមន៍។ 
 
ជាទូទៅ នូវែលសេឡង់គឺជាប្រទេសដែលមានសន្តិភាព ជាមួយនឹងការទទួលយកនូវ សមត្ថភាពផ្សេងៗគ្នា ជំនឿសាសនា កម្រិតប្រាក់ចំណូល និងក្រុមជនជាតិភាគតិចដែលជា មូលហេតុធ្វើឱ្យប្រទេសនេះជាជម្រើសដ៏រ៉ឹងមាំសម្រាប់គ្រួសារជនបរទេសនៅជុំវិញពិភពលោក។
 
អាឡឺម៉ង់
 
ចំណុចសំខាន់មួយគឺរយៈពេលសិក្សាមានពេលខ្លី ដោយកុមារភាគច្រើនចូលរៀនតែ ពេលព្រឹក។ សិស្សនៅកម្រិតមធ្យមសិក្សា ជារឿយៗត្រូវបាន បំបែកចេញពីសាលាផ្សេងៗគ្នា អាស្រ័យលើសមិទ្ធិផលសិក្សា និងចំណាប់អារម្មណ៍របស់ពួកគេ។
 
ការទាក់ទាញមួយទៀតនៃការអប់រំនៅអាឡឺម៉ង់គឺ សញ្ញាបត្រសាកលវិទ្យាល័យគឺឥតគិតថ្លៃ មិនដូចនៅអាម៉េរិក និងអង់គ្លេសទេ។ ចំណុចពិសេសមួយទៀតគឺប្រព័ន្ធដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរដែលអាចទុកចិត្តបាន និងស្តង់ដារ សុខភាព និងសុវត្ថិភាពខ្ពស់។
 
សរុបមកវិញ បណ្ដាប្រទេសខាងលើនេះផ្ដល់ការអប់រំល្អលើពិភពលោកដោយសារពួកគេ ផ្តោតលើសុខុមាលភាពសិស្ស និងសមធម៌ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព គ្រូដែលបណ្តុះបណ្តាលបានល្អ និងវិធីសាស្រ្តបង្រៀនប្រកបដោយភាពច្នៃប្រឌិត និងព្រមទាំង ការសង្កត់ធ្ងន់លើជំនាញការគិតបែបរិះគន់ និងរៀបចំសិស្សឱ្យក្លាយជាអ្នកសិក្សាពេញមួយជីវិត៕

Tag:
 (ហ្វាំងឡង់
  អង់គ្លេស
  អាល្លឺម៉ង់)
© រក្សាសិទ្ធិដោយ thmeythmey.com