RFI
អន្តរជាតិ
វៀតណាមប្តូរផ្លាស់​ប្រធានាធិបតី​ថ្មី​ផង ប្រធានសភា​ថ្មី​ផង ដើម្បី​កម្ចាត់អំពើ​ពុករលួយ
19, May 2024 , 12:00 pm        
រូបភាព
លោក តូ លិម ប្រធានាធិបតីវៀតណាមទើបតែងតាំងថ្មី។
លោក តូ លិម ប្រធានាធិបតីវៀតណាមទើបតែងតាំងថ្មី។
ដោយ៖ អៀង សុខម៉ិញ/ RFI ខេមរភាសា
 
គណបក្ស​កុម្មុយនីស្ត​វៀតណាម បានតែងតាំងលោក តូ លិម រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ ជា​​ប្រធានាធិបតី​ថ្មី ជំនួស​ប្រធានាធិបតី​ចាស់​ដែល​បានសុំ​​លា​លែង​ចេញ​ពី​តំណែង​ កាលពី​ខែ​មីនា ដោយ​មាន​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ​។ នេះ​បើ​តាម​សេចក្តី​​ប្រកាសរបស់​ប្រព័ន្ធ​ឃោសនា​រដ្ឋ​ នៅ​ថ្ងៃ​សៅរ៍​ទី១៨​ឧសភា ឆ្នាំ​២០២៤។ ក្នុងពេល​រុះ​រើ​​ថ្នាក់​ដឹកនាំ​នយោបាយដ៏​កំពូល​​នេះ វៀតណាម​ក៏​ប្តូរ​ផ្លាស់​ប្រធាន​សភា​ជាតិ ​ដែរ។

គណៈកម្មាធិការ​មជ្ឈិមបក្ស​ បាន​សម្រេច​តែង​តាំង «សមមិត្ត​ តូ លិម សមាជិក​ការិយាល័យ​នយោបាយបក្ស និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខសាធារណៈ​ ជា​ប្រធានាធិបតី​​ ​»។ សភា​នឹង​អនុម័ត​ការ​តែង​តាំង​នេះ នៅ​សប្តាហ៍​ក្រោយ។ នេះ​បើ​តាម​ខ្លឹម​សារ​ដែល​ចុះ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន​វៀតណាម។ ​អាយុ​៦៦​ឆ្នាំ ជា​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (​សន្តិសុខ​សាធារណៈ) តាំងពី​ឆ្នាំ​២០១៦ និង​ជាឥស្សរជន​ដ៏​មាន​ឥទ្ធិពល​បំផុត​ម្នាក់​នៅ​វៀតណាម លោក តូ លិម ល្បី​ខាង​មាន​ជំហរ​នយោបាយ​តឹង​តែង​ខ្លាំង​ប្រឆាំង​នឹង​ចលនា​ការពារ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស។
 
ការ​តែង​តាំង​លោក តូ លិម ​​ជា​ប្រមុខ​រដ្ឋ ធ្វើ​ឡើង​ក្រោយ​ពី​​លោក វ៉ូ វ៉ាន់​ធើង ​បានសុំ​​លាលែង​ចេញ​ពី​តំណែង​ កាលពី​ខែ​មីនា២០២៤ បន្ទាប់​​ពី​ដឹកនាំ​ប្រទេស​បាន​ប្រមាណ​តែ​មួយ​ឆ្នាំ ជំនួស​ប្រធានាធិបតី​មុន លោកង្វៀង ស៊ួនហ្វុក ដែល​ដក​​ចេញ​ពី​តំណែង​ក្រោម​ពាក្យ​ចចាម​សម្អាត​ជនពុក​រលួយ។
 
ការ​ខ្ទាត​ចេញ​ពី​អំណាច​យ៉ាង​ទាន់​ហន់​របស់​អតីត​ប្រធានាធិបតី​វ៉ូ វ៉ាន់ធើង វ័យ​៥៣​ឆ្នាំ ដោយហេតុរំលោភ​វិន័យ​បក្ស​ ​ពាក់ព័ន្ធ​នឹងយុទ្ធនាការ​បោស​សម្អាត​​អំពើ​ពុក​រលួយ​ កើត​ឡើង​ក្នុង​ខណៈ​ដែល​ប្រទេស​វៀតណាម​កំពុង​ឆ្លង​កាត់​ការ​ក្រលាប់​ចាក់​​នយោបាយ​យ៉ាង​ខ្លាំង​​ដែល​ពុំ​ជួប​ប្រទះ​​ពី​មុន​មក​សោះ។ ​ជារបប​ឯកបក្ស វៀតណាម​ល្បី​ខាង​មាន​ស្ថិរភាពនយោបាយ​ណាស់​។

ប៉ុន្តែ​ ​ក្នុង​រយៈ​ពេល​១៨​ខែចុងក្រោយ​នេះ​ មាន​ប្រធានាធិបតី​២​រូប​ ប្រធាន​សភា​ម្នាក់ ឧបនាយករដ្ឋមន្ត្រី​ម្នាក់ ព្រមទាំង​រដ្ឋមន្ត្រី​ជា​ច្រើន សរុប​ប្រមាណ​១៨នាក់ បាន​លាលែង​ពី​តំណែង ឬ​បណ្តេញ​ចេញ​ពី​តួនាទី ដោយ​គ្មាន​បញ្ជាក់​មូល​ហេតុ​ជាក់​លាក់​ តែ​ក្នុង​ក្របខ័ណ្ឌ​នៃ​មហាប្រតិបត្តិការ​​ប្រឆាំ​ងនឹងអំពើ​ពុក​រលួយតែមួយ។
 
​នៅ​វៀតណាម សិទ្ធិ​សម្រេច​នយោបាយ​ចម្បងៗ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​ការិយាល័យ​នយោបាយ​បក្ស​ដែល​មាន​សមាជិក​១៦​រូប។ តាំងពី​ឆ្នាំ​២០២១​មក ស្ថាប័ន​នេះ​បា​ន​រុះ​រើ​សមាជិក​អស់​​១៨​នាក់។ ​ប្រធានាធិបតី ​ជា​​តួនាទី​​កិត្តិយស​ ជា​ប្រមុខ​រដ្ឋ​ និងជា​​​តំណែង​សំខាន់​មួយ ក្នុង​នយោបាយ​ចំណោម​តួនាទី​ចម្បងបួន របស់​ប្រទេស ​គឺប្រធាន​បក្ស នាយករដ្ឋមន្ត្រី និង​ប្រធាន​សភា។

​បុរសខ្លាំង​ពិតរបស់​វៀតណាម​ គឺ​រូប​អគ្គលេខាបក្ស​កុម្មុយនិស្ត​លោក ង្វៀង ហ្វូចុង ដែល​ទំនង​ជា​អ្នក​ចាត់​ចែងមហា​​យុទ្ធនាការ​បោស​សម្អាត​ជនពុក​រលួយ​ និង​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​រង្វង់​ប្រជាពលរដ្ឋ។
 
អ្នក​សង្កេតការណ៍​ជា​ច្រើន​យល់​ថា លោក តូ លិម ជា​ផ្កាយ​កំពុង​រះ។ តំណែង​​ប្រធានាធិបតី​ ជា​ឈ្នាន់​អាច​​នាំ​ទៅ​រក​តួនាទីកំពូល​​ជា​ប្រធានបក្ស នា​​អនាគត ពេល​ថ្នាក់ដឹកនាំ​ចាស់​បញ្ចប់​អាណត្តិ​នៅឆ្នាំ​២០២៦ ឬ​អាច​មុន​ផង​បើ​លោក ង្វៀង ហ្វូចុង សុខ​ចិត្ត​ចូល​និវត្តន៍​មុន​អាណត្តិ។
 
ក្នុង​បរិយាកាស​តែមួយ​ គណៈកម្មាធិការ​មជ្ឈិម​បក្ស​​កុម្មុយនិស្ត​វៀតណាម ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍នេះ​ដែរ តែង​តាំង​ប្រធាន​រដ្ឋ​សភា​ថ្មី សមមិត្ត ចឹង ថាញ់មឹង ជំនួស​ប្រធាន​រដ្ឋសភា​ចាស់​​ដែល​លាលែង​ពី​តំណែង​ដែរ កាលពី​ខែមុន ដោយ​ហេតុ​បាន​រំលោភ​និង​ប្រហែស​ប្រហោង​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹងអំពើ​ពុក​រលួយ៕

© រក្សាសិទ្ធិដោយ thmeythmey.com