អន្តរជាតិ
តើប្រទេសណាខ្លះដែលដាក់កម្រិតលើកុមារក្នុងការលេងវីដេអូហ្គេម?
22, May 2024 , 8:59 am        
រូបភាព
កុមារកាន់ដៃហ្គេម PS3។ រូបភាព Pexels
កុមារកាន់ដៃហ្គេម PS3។ រូបភាព Pexels
ការលេងវីដេអូហ្គេមបានក្លាយជាសកម្មភាពពេញនិយមសម្រាប់មនុស្សគ្រប់វ័យចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មកម្ល៉េះ។ ក្រៅពីមនុស្សពេញវ័យ កុមារជាច្រើន បានចំណាយពេលវេលាក្នុងការលេងហ្គេមជាច្រើនប្រភេទ ខណៈបណ្ឌិត្យសភាកុមារអាម៉េរិកណែនាំថាកុមារគួរចំណាយពេលតែពីរម៉ោងក្នុងមួយថ្ងៃក៏ដោយ។

 
ការសិក្សាបង្ហាញថាការលេងហ្គេមវីដេអូអាចរួមចំណែកដល់ការគេងមិនលក់ និងប៉ះពាល់ដល់ការយកចិត្តទុកដាក់ ដំណើរការសិក្សា អារម្មណ៍ និងសុខុមាលភាព។ ទន្ទឹមនេះ ការលេងវីដេអូហ្គេមរួមមានអំពើហឹង្សាអាចរួមចំណែកដល់អាកប្បកិរិយាកាចសហាវចំពោះ​កុមារផងដែរ។ 
 
ក្នុងការទប់ស្កាតផលប៉ះពាល់ប្រទេសមួយចំនួនខាងក្រោមបានដាក់ចេញនូវបម្រាម និង ការរឹតបន្តឹងមួយចំនួនសម្រាប់កុមារក្នុងការលេងវីដេអូហ្គេម។
 
ចិន
 
ចិនបានចេញច្បាប់ថ្មីមួយក្នុងខែសីហា ឆ្នាំ ២០២១ ដែលកំណត់ឱ្យក្មេងអាយុក្រោម ១៨ ឆ្នាំអាចលេងហ្គេមបានតែមួយម៉ោងប៉ុណ្ណោះនៅថ្ងៃសុក្រ ថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យសាធារណៈ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការក្រុមឧស្សាហកម្មហ្គេមរបស់ចិនបានចេញផ្សាយរបាយការណ៍មួយដែលបញ្ជាក់ថា បទប្បញ្ញត្តិបានទប់ស្កាត់ការលេងវីដេអូហ្គេមក្នុងចំណោមយុវវ័យដោយជោគជ័យ ដោយបង្ហាញថា ៧៥ ភាគរយនៃអ្នកលេងហ្គេមវ័យក្មេងឥឡូវនេះលេងតិចជាង ៣ម៉ោងក្នុងមួយសប្តាហ៍។

រូបភាព Pexels

កូរ៉េខាងត្បូង 
 
កូរ៉េខាងត្បូងធ្លាប់បានដាក់ចេញច្បាប់ហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំពីការលេងហ្គេម កុំព្យូទ័រតាមអ៊ីនធឺណិតពីពាក់កណ្តាលអធ្រាត្រដល់ម៉ោង ៦ព្រឹក ដើម្បីលើកទឹកចិត្តកុមារឱ្យគេងបានគ្រប់គ្រាន់ និងការពារសុខភាពរបស់ពួកគេ ខណៈការញៀនហ្គេមគឺជាបញ្ហាសង្គម។ ប៉ុន្តែប្រសិទ្ធភាពរបស់វិធានការនេះត្រូវបានចោទសួរជាបន្តបន្ទាប់ ហើយមានការរិះ គន់ថាវាបំពានខ្លាំងពេកទៅលើជម្រើសរបស់យុវជន រួមជាមួយនឹងការតវ៉ាពីក្រុមហ៊ុនហ្គេម។
 
ទោះបីជាវិធានការនេះត្រូវបានលុបចោលក៏ដោយ ក៏វិធានការមួយផ្សេងទៀតនៅតែមាន ឥទ្ធិពលដែលអនីតិជនក្រោមអាយុ ១៨ ឆ្នាំ ត្រូវបានឪពុកម្តាយអាចកំណត់ពេលវេលាជាក់ លាក់សម្រាប់ការប្រើប្រាស់ហ្គេម។
 
សិង្ហបុរី
 
សិង្ហបុរីបានរួមបញ្ចូលគោលការណ៍ណែនាំ ២៤ម៉ោងសម្រាប់កុមារ និងមនុស្សវ័យជំទង់ ដោយបានផ្តល់អនុសាសន៍ថា មនុស្សវ័យក្មេងដែលមានអាយុចន្លោះពី ៧ ទៅ ១៨ឆ្នាំ ត្រូវកំណត់រយៈពេលនៃការចំណាយពេលមុខអេក្រង់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ កុមារ ឬមនុស្សវ័យជំទង់ អាចលេងហ្គេម និងសកម្មភាពកីឡាផ្សេងទៀត ១ម៉ោងឬលើសពីនេះ ក្នុងមួយថ្ងៃ ក្នុងមួយសប្តាហ៍។
 
សកម្មភាពដែលចំណាយពេលមុខអេក្រង់នោះសំដៅការប្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ឬការលេងវីដេអូហ្គេម។
 
ជប៉ុន
 
តំបន់ Kagawa បានក្លាយជាយុត្តាធិការដំបូងគេនៅជប៉ុនដែលបង្កើតបទប្បញ្ញត្តិដែលមាន បំណងដោះស្រាយបញ្ហាញៀននឹងការលេងហ្គេមវីដេអូដោយសុំឱ្យឪពុកម្តាយកំណត់ពេលវេលាមិនលើសពី ៦០ នាទីនៅថ្ងៃសិក្សា និងមួយម៉ោងកន្លះនៅចុងសប្តាហ៍។ ច្បាប់នេះអនុវត្ត ចំពោះជនណាដែលមានអាយុក្រោម ២០ ឆ្នាំ ដែលជាអាយុភាគច្រើននៅជប៉ុន។ យ៉ាងណាមិញ បទប្បញ្ញត្តិនេះមិនមានយន្តការអនុវត្តនោះឡើយ៕

Tag:
 ចិន
  កូរ៉េខាងត្បូង
  សិង្ហបុរី
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com