កីឡាជាតិ
ជាតិ
សកម្មភាពអប់រំកាយ និងកីឡា ជួយតម្រង់ទិសសិស្សនិស្សិត ក្លាយជាអត្ដពលិកជំនាញ
25, May 2024 , 8:59 am        
រូបភាព
លោក វ៉ាត់ ចំរើន ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សា ឆ្នាំ២
លោក វ៉ាត់ ចំរើន ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សា ឆ្នាំ២
 
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ឱ្យគ្រប់សាលា និងគ្រឹះស្ថានអប់រំទាំងអស់ ត្រូវអនុវត្តកម្មវិធីអប់រំកាយ និងកីឡា ទាំងក្នុងម៉ោងសិក្សា និងក្រៅម៉ោងសិក្សា។ ការអនុវត្តបែបនេះ ជាការតម្រង់ទិសសិស្សនិស្សិត ឲ្យចាប់យកកីឡាណាមួយ ដែលខ្លួនស្រឡាញ់ ហើយជំរុញពួកគេក្លាយជាកីឡាករ-កីឡាការិនីជំនាញ នាពេលអនាគត។

 
ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាជាច្រើន សម្រាប់សិស្ស និស្សិត ក្នុងនោះមានការប្រកួតកីឡាបឋមសិក្សា និងកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេទេស ជាដើម។ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បាននិយាយថា គោលបំណង នៃការបង្កើតព្រឹត្តិការណ៍កីឡាទាំងនេះ គឺដើម្បីបំផុសសកម្មភាពកីឡាក្នុងគ្រឹះស្ថានសិក្សា, ដើម្បីឲ្យសិស្សានុសិស្សមានសុខុមាលភាពល្អ និងកាយសម្បទាមាំមួន, ដើម្បីឲ្យសិស្សទាំងនោះ មានឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ និងស្មារតីក្រុម។ បន្ថែមជាងនេះទៀត សកម្មភាពកីឡាទាំងអស់នេះ បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា បង្កើតមិត្តភាព និងសាមគ្គីភាព ក្នុងសង្គមថែមទៀត។
 
ដោយឡែក សាលានៅតាមតំបន់មួយចំនួន ព្យាយាមមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ខេត្ត ព្រោះរាល់ការចូលរួម ត្រូវការចំណាយថវិកា។ គ្រូម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលបង្រៀននៅវិទ្យាល័យមួយ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានប្រាប់សារព័ត៌មានថ្មីៗថា នៅសាលារបស់ខ្លួន មិនសូវមានសកម្មភាពកីឡាឡើយ ហើយក៏មិនចូលរួមក្នុងការប្រកួតនានា ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ។ មូលហេតុនោះ គឺដោយសារសកម្មភាពកីឡា ត្រូវការចំណាយថវិកា។
 
លោក វ៉ាត់ ចំរើន បាននិយាយថាក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តឲ្យគ្រប់គ្រឹះស្ថានសិក្សា សាលាទាំងនោះ ត្រូវអនុវត្តកម្មវិធីអប់រំកាយ និងកីឡា ទាំងក្នុងម៉ោងសិក្សា និងក្រៅម៉ោងសិក្សា។ រដ្ឋលេខាធិការរូបនេះ ចាត់ទុកថា សកម្មភាពកីឡាទាំងនេះ គឺជាការតម្រង់ទិសសិស្សានុសិស្ស និស្សិតឲ្យចាប់យកកីឡាដែលខ្លួនស្រឡាញ់ និងជំរុញឲ្យពួកគេក្លាយជាកីឡាករ-កីឡាការិនីជំនាញ។ ម្យ៉ាងវិញទៀត សកម្មភាពកីឡា ក៏អាចកាត់បន្ថយភាពតានតឹង ឲ្យបញ្ញាស្មារតី និងសុខភាពផ្លូវចិត្តល្អ ដល់ការសិក្សារបស់ពួកគេផងដែរ។
 
«គ្រប់សាលាទាំងអស់ ត្រូវអនុវត្តកម្មវិធីអប់រំកាយ និងកីឡា ក្នុងម៉ោងសិក្សា និងក្រៅម៉ោងសិក្សា។ សកម្មភាពអប់រំកាយ និងកីឡានេះ គឺជាកតព្វកិច្ចមួយរបស់សិស្សានុសិស្ស នៅតាមសាលាអនុវត្តន៍ជារៀងរាល់ពេលកំណត់។ កីឡានិស្ស័យ បានន័យថាតម្រង់ទិសទៅរកជំនាញ។ ពួកគាត់លេងដើម្បីសប្បាយផង ដើម្បីសុខភាពផង ដើម្បីបំបាត់ភាពតានតឹងផង និងសុខភាពស្មារតីផង និងដើម្បីសុខភាពសិក្សារបស់គាត់ផង។ កីឡា នឹងធ្វើឱ្យឲ្យការសិក្សារបស់គាត់មានសុខភាពតាមការលេងកីឡារបស់គាត់ ហើយគាត់ត្រូវកែប្រែសាលារបស់គាត់ឲ្យទៅជាសាលាគំរូ។» នេះជាការបញ្ជាក់របស់ លោក វ៉ាត់ ចំរើន៕
 

Tag:
 វ៉ាត់ ចំរើន
  កីឡាបឋមសិក្សា
  កីឡាឧត្តមសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com