អន្តរជាតិ
តើវិស័យអ្វីខ្លះរួមចំណែកដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់ពិភពលោក?
24, May 2024 , 8:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ឧស្ម័នផ្ទះកញ្ចក់ (Green House Gas - GHG) ជាឧស្ម័ននៅក្នុងបរិយាកាសរបស់ផែនដីដែលទប់កំដៅមិនឱ្យភាយចេញ។ នៅពេលដែលការបំភាយឧស្ម័នផ្ទះកញ្ចក់គ្របដណ្តប់ផែនដីពួកវានឹង ចាប់យកកំដៅព្រះអាទិត្យដែលនាំឱ្យមានការឡើងកំដៅផែនដី និងការប្រែប្រួលអាកាសធាតុ។ ឧស្ម័នផ្ទះកញ្ចក់នេះរួមមាន កាបូនឌីអុកស៊ីត មេតាន អុកស៊ីតអាស៊ូត និង ចំហាយទឹក។

 
តើវិស័យអ្វីខ្លះដែលរួមចំណែកដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់ពិភពលោក?
 
យោងតាមទិន្នន័យពីក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ ២០២២ ផ្អែក លើការបំភាយឧស្ម័នសកលពីឆ្នាំ ២០១៩ ព័ត៌មានលម្អិតអំពីវិស័យ និងប្រភពរួមចំណែក មានចំនួន ៥ ធំៗ។ 
 
ការផលិតអគ្គិសនី និងកំដៅ
 
ការផលិតអគ្គិសនី និងកំដៅបានរួមចំណែកក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុបចំនួន ៣៤ ភាគរយនៃការបញ្ចេញឧស្ម័នសកលឆ្នាំ ២០១៩។ ការដុតធ្យូងថ្ម ឧស្ម័នធម្មជាតិ និងប្រេង សម្រាប់អគ្គិសនី និងកំដៅ ជាប្រភពដ៏ធំបំផុតមួយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទូទាំងពិភពលោក។
 
ឧស្សាហកម្ម
 
ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីឧស្សាហកម្ម មានពាក់ព័ន្ធនឹងឥន្ធនៈហ្វូស៊ីលដែលបានដុតនៅនឹងកន្លែងសម្រាប់ថាមពល។ វិស័យនេះក៏រួមបញ្ចូលផងដែរនូវការបំភាយចេញពីដំណើរ ការបំប្លែងគីមី លោហធាតុ និងសារធាតុរ៉ែ ដែលទាំងនេះមិនភ្ជាប់ជាមួយការប្រើប្រាស់ ថាមពល និងការបំភាយឧស្ម័នចេញពីសកម្មភាពគ្រប់គ្រងកាកសំណល់នោះឡើយ។ វិស័យ នេះចូលរួមចំនួន ២៤ ភាគរយនៃការបំភាយសរុប។
 
កសិកម្ម រុក្ខាប្រមាញ់ និងការប្រើប្រាស់ដី
 
ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីវិស័យនេះភាគច្រើនមកពីកសិកម្មដូចជាការដាំដុះដំណាំ ការ ចិញ្ចឹមសត្វ និងការកាប់បំផ្លាញព្រៃឈើដែលមានរហូតដល់ ២២ ភាគរយ។ ការប៉ាន់ប្រមាណ នេះមិនរាប់បញ្ចូលឧស្ម័នកាបូនិចដែលប្រព័ន្ធអេកូឡូស៊ីយកចេញពីបរិយាកាសដោយការចាប់យកកាបូនដូចជានៅក្នុងជីវម៉ាស និងដីឡើយ។
 
មធ្យោបាយដឹកជញ្ចូន និងធ្វើដំណើរ
 
ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីវិស័យនេះជាចម្បងពាក់ព័ន្ធនឹងឥន្ធនៈហ្វូស៊ីលដែលបានដុត សម្រាប់ការធ្វើដំណើរតាមផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងការដឹកជញ្ជូនតាមសមុទ្រដែល មានចំនួន ១៥ ភាគរយ។ ស្ទើរតែទាំងអស់ ឬ ៩៥ភាគរយនៃថាមពលដឹកជញ្ជូនរបស់ ពិភពលោកបានមកពីឥន្ធនៈ ដែលមានមូលដ្ឋានលើប្រេង ភាគច្រើនសាំង និងម៉ាស៊ូត។
 
សំណង់អគារ
 
ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីវិស័យនេះកើតឡើងពីការបង្កើតថាមពលនៅនឹងកន្លែង និងការ ដុតឥន្ធនៈសម្រាប់កំដៅក្នុងអគារ ឬចម្អិនអាហារនៅក្នុងផ្ទះ។ វាបានរួមចំណែក ៦ ភាគរយ៕
 

Tag:
 ឧស្ម័នផ្ទះកញ្ចក់
© រក្សាសិទ្ធិដោយ thmeythmey.com