កីឡាជាតិ
ជាតិ
Manny Pacquiao នឹងមកកម្ពុជា ជាលើកទី២
24, May 2024 , 4:39 pm        
រូបភាព
Manny Pacquiao ឈរពីមុខកាន់ខ្សែក្រវ៉ាត់ រូបពីហ្វេសប៊ុក Manny Pacquiao
Manny Pacquiao ឈរពីមុខកាន់ខ្សែក្រវ៉ាត់ រូបពីហ្វេសប៊ុក Manny Pacquiao
Manny Pacquiao កីឡាករប្រដាល់សកលហ្វីលីពីនដ៏ល្បីឈ្មោះ នឹងមកគាំទ្រប្រដាល់គុនខ្មែរ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍«សង្វៀនហនុមានគុនខ្មែរ» ដែលនឹងប្រព្រឹតនៅកោះពេជ្រ វេលាម៉ោង៨:៣០។ នេះ គឺលើកទី២ ដែលស្តេចប្រដាល់ហ្វីលីពីន មកទឹកដីកម្ពុជា បន្ទាប់ពីលើកដំបូង នៅឆ្នាំ២០១៦។



Manny Pacquiao គឺជានិមិត្តរូបនៃប្រទេសហ្វីលីពីន ដែលបានលើកកេរ្ដិ៍ឈ្មោះប្រទេសខ្លួន ល្បីលើឆាកអន្ដរជាតិ តាមរយៈកីឡាប្រដាល់សកល។ អ្នកប្រដាល់រូបនេះ ធ្លាប់មកកម្ពុជាម្ដងរួចមកហើយ ក្នុងពេលទស្សនៈកិច្ចជាមួយ លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦។
 
ដោយឡែក អតីតអ្នកប្រដាល់ ដែលសព្វថ្ងៃមានតំណែងជាសមាជិក​ព្រឹទ្ធសភាហ្វីលីពីនរូបនេះ នឹងមកកម្ពុជា ម្ដងទៀត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដើម្បីទស្សនា និងគាំទ្រការប្រកួតប្រដាល់គុនខ្មែរ ក្នុងព្រឹត្តិការណ៍«សង្វៀនហនុមានគុនខ្មែរ» នៅកោះពេជ្រ។

Manny Pacquiao ថតរូបជាមួយអ្នកគាំទ្រ នៅកម្ពុជា

នាសន្និសីទកាសែតស្តីពីព្រឹត្តិការណ៍«សង្វៀនហនុមានគុនខ្មែរ» នៅព្រឹកថ្ងៃទី២៤ ខែឧសភា លោក ចាន់ សៅរ័ត្ន តំណាងក្រុមហ៊ុនរៀបចំកម្មវិធី ក៏បានបង្ហើបដែរថា នឹងមានកីឡាករប្រដាល់លំដាប់ពិភពលោក បង្ហាញវត្តមានក្នុងការប្រកួតគុខខ្មែរនេះផងដែរ។
 
គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍«សង្វៀនហនុមានគុនខ្មែរ» កីឡាករ អេអាំម៉ារីន ភូថង ប្រកួតជាមួយ សូត្រ វាសនា ស្របពេល ឡុង សំណាង ជួប ផាន់ គ្រាន់។ ចំពោះអ្នកទាំង៤នេះ កីឡាករ ដែលឈ្នះ នឹងត្រូវបន្ដជួបគ្នា ដើម្បីដណ្ដើមខ្សែក្រវ៉ាត់ ជាមួយប្រាក់រង្វាន់៥ពាន់ដុល្លារ។
 
ដោយឡែក ក្នុងព្រឹត្តិការណ៍នេះ កីឡាករកម្ពុជា ៣រូបត្រូវប្រកួតមិត្តភាពអន្ដរជាតិ មានដូចជា៖ ពេជ្រ សម្បត្តិ, យ៉េន ឌីណា និង ភក្ដី គុនខ្មែរ។  កីឡាករទាំង៣នេះ ត្រូវប្រកួតជាមួយកីឡាករបរទេស។ ចំពោះសមាសភាពកីឡាករបរទេសនោះ ផលិតកររៀបចំព្រឹត្តិការណ៍ មិនទាន់បានបញ្ជាក់ឡើយ៕

Tag:
 ប្រដាល់គុនខ្មែរ
  Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com