អន្តរជាតិ
ក្រោយ​ចិន​ធ្វើ​សមយុទ្ធចប់ ប្រធានាធិបតី​តៃវ៉ាន់​ប្រកាសបើកចំហរសម្រាប់ការចរចាជាថ្មី
26, May 2024 , 4:39 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់លោក Willam Lai ចេញមុខបញ្ជាក់ជំហរចរចាម្តងទៀតជាមួយចិននាថ្ងៃទី២៦ ខែឧសភា។ ពោលគឺ បន្ទាប់ពីសមយុទ្ធ២ថ្ងៃរបស់ចិននៅជិតកោះ។ លោក Lai ទន្ទឹងរង់ចាំការពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងការផ្សះផ្សាគ្នារវាងកោះតៃវ៉ាន់ និងចិនដីគោក។



នៅថ្ងៃទី២៣ និង២៤ ខែឧសភា ចិនបានធ្វើសមយុទ្ធយោធាធំមួយដោយហៅឈ្មោះជាការដាក់ទណ្ឌកម្ម តបនឹងការស្បថចូលកាន់តំណែងមេដឹកនាំតៃវ៉ាន់ William Lai ។ ទីក្រុងប៉េកាំងបានចាត់ទុកលោក Lai ជាមនុស្សចង់បានឯករាជ្យឱ្យតៃវ៉ាន់។
 
រដ្ឋាភិបាល​តៃវ៉ាន់ក៏​បាន​ថ្កោលទោស​សមយុទ្ធ​សង្គ្រាម​របស់​ចិនដែរ តែនៅបើកទ្វារសម្រាប់ការចរចា។ លោក Lai បានបញ្ជាក់ថា លោកនៅតែទន្ទឹងរង់ចាំ ក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងការផ្សះផ្សាជាមួយចិនតាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការបង្កើតផលប្រយោជន៍ទៅវិញទៅមក និងឆ្ពោះទៅកាន់ជំហរសន្តិភាព និងវិបុលភាពរួម។ 
 
លោក​បាន​ថ្លែងអំណរគុណ​ដល់អាម៉េរិក និង​ប្រទេស​ដទៃ​ទៀត​ចំពោះ​ការ​បង្ហាញ​ការ​ព្រួយ​ បារម្ភ​ចំពោះសមយុទ្ធ​របស់​ចិន។
 
«សហគមន៍អន្តរជាតិនឹងមិនទទួលយកប្រទេសណាមួយដែលបង្កើតបញ្ហានៅច្រកសមុទ្រតៃវ៉ាន់ និងប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ឡើយ»។ លោក Lai បានសង្កត់ធ្ងន់បែបនេះក្នុងសុន្ទរកថាមួយ។
 
គួរបញ្ជាក់ថា ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ចិនបានធ្វើសកម្មភាពយោធាជាប្រចាំនៅ ជុំវិញកោះតៃវ៉ាន់ ខណៈដែលព្យាយាមដាក់សម្ពាធលើរដ្ឋាភិបាលរបស់កោះឱ្យចុះចូលក្រោម ការគ្រប់គ្រងរបស់ខ្លួន៕
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com