កីឡាជាតិ
ជាតិ
See you Soon ជាក្រុមតំណាងកម្ពុជាក្នុងការប្រកួត MSC 2024 នៅអារ៉ាប៊ីសាអូឌីត​
26, May 2024 , 9:59 pm        
រូបភាព
ក្រុមកីឡាអេឡិចត្រូនិក See You Soon លើវិញ្ញាសា MLBB Esports ក្លាយជាក្រុមតំណាងប្រទេសកម្ពុជា ទៅកាន់ការប្រកួតពានរង្វាន់ពាក់កណ្តាលរដូវកាល Mid Season Cup 2024 (MSC) តម្លៃប្រាក់រង្វាន់បែងចែកសរុប ៣លានដុល្លារ។ ការប្រកួតនេះ នឹងធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត​។

 
កាលពីសប្តាហ៍មុនក្រុម See You Soon បានគ្រងជើងឯកពានរង្វាន់លីគកីឡាអេឡិចត្រូនិកអាជីព MPL KH រដូវកាលទី៦ និងឈ្នះសំបុត្រទៅកាន់ MSC 2024។ 
 
ក្រុមស្ថិតនៅកម្ពុជានេះ ត្រូវបានផ្តល់កៅអីស្វ័យប្រវត្តិ ១កៅអី ទៅកាន់ការប្រកួត MSC 2024 ហើយក្រុម See You Soon សម្រេចគោលដៅទៅការប្រកួតឆាកអន្តរជាតិជាថ្មីម្តងទៀត តាមរយៈការឈ្នះពានក្នុងស្រុក MPL KH រដូវកាលទី៦។ See You Soon ជាក្រុមដំបូងដែលឈ្នះពាន MPL KH ច្រើនជាងគេ ដល់ទៅ ៣លើក ខណៈ ​Flash KH ឈ្នះ ២លើក។ 
 


ក្រុម See You Soon ចាប់ផ្តើមការប្រកួតពាន MPL KH រដូវកាលទី៦ វគ្គសន្សំពិន្ទុ Regular Season ដោយភាពរអាត់រអួល និងបញ្ហាជាច្រើន រហូតនៅសប្តាហ៍ដំបូងក្រុមស្ថិតនៅបារាង​ ចំណោមក្រុម ៧ផ្សេងទៀត។ យ៉ាងណាវិលចូលការប្រកួតនៅវគ្គ Playoffs ក្រុម See You Soon ធ្វើបានល្អខ្លាំង ដោយបានបំបាក់ក្រុម PRO Esports លទ្ធផល ៣-១, CFU Gaming លទ្ធផល ៣-០ នឹងក្រុម Flash KH លទ្ធផល ៣-០ ដើម្បីឡើងទៅកាន់វគ្គ Grand Final ហើយយកឈ្នះក្រុម D-Roar Legends លទ្ធផល ៤-២។
 


ចំណែកពានរង្វាន់ MSC 2024 លើវិញ្ញាសា MLBB Esports ដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មានតម្លៃប្រាក់រង្វាន់រហូតដល់ ៣លានដុល្លារ។ ក្រុម See You Soon នឹងកាន់ទង់ជាតិតំណាងប្រទេសកម្ពុជា នៅក្នុងការប្រកួត ដែលចាប់ផ្តើមពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១៤ ខែកក្កដា។ 
 
ប្រាក់រង្វាន់ ៣លានដុល្លារ នឹងត្រូវបែងចែក ដោយក្រុមលេខ ១ ទទួលបានប្រាក់រង្វាន់ ១លានដុល្លារ, លេខ ២ ទទួលបាន ៥០ម៉ឺនដុល្លារ, លេខ ៣​-៤ ទទួលបាន ២០ម៉ឺនដុល្លារ, ចំណាត់ថ្នាក់លេខ ៥-៨ ទទួលបាន ១០ម៉ឺនដុល្លារ, លេខ ៩-១៦ ទទួលបាន ៥,៦ម៉ឺនដុល្លារ និងចំណាត់ថ្នាក់ពី ១៧ ដល់លេខ ២៣ ទទួលបានក្នុងមួយក្រុម ៣,៦ម៉ឺនដុល្លារ។ 
 


ដោយឡែកការឈ្នះពាន MPL KH រដូវកាលទី៦ ក្រុម See You Soon ឈ្នះបានប្រាក់រង្វាន់ ១,៦ម៉ឺនល្លារ ពីការប្រកួតរដូវកាលដ៏ទាក់ទាញបំផុត ពីកម្រិតសមត្ថភាពក្រុមនីមួយដែលបានប្រជែងក៏គួរឱ្យភ្ញាក់ផ្អើល និងអស្ចារ្យមិនធ្លាប់មានពីមុនមក នៃការប្រកួតកីឡាអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា។ D-Roar Legends ស្ថិតនៅចំណាត់ថ្នាក់លេខ​ ២ ចំណែកក្រុម Flash KH បន្តឈរតំណែងលេខ ៣ ពីររដូវកាលជាប់គ្នា៕
 

Tag:
 See You Soon
  កីឡាអេឡិចត្រនិក
  MSC 2024
© រក្សាសិទ្ធិដោយ thmeythmey.com