អន្តរជាតិ
មនុស្សជាង១​ម៉ឺននាក់បានទៅដល់អង់គ្លេសតាមទូកតូចៗចាប់តាំងពីខែមករា
27, May 2024 , 8:29 am        
រូបភាព
តាំងពីដើមឆ្នាំ២០២៤ អ្នកស្វែងរកសិទ្ធិជ្រកកោនជាង១ម៉ឺននាក់បានទៅដល់ប្រទេស អង់គ្លេសតាមទូកតូចៗ នេះបើតាមទិន្នន័យរដ្ឋាភិបាលដែលបង្ហាញនាថ្ងៃទី២៥ ខែឧសភា។ ចំនួននេះគូសបញ្ជាក់ពីបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Rishi Sunak នៅមុនការបោះឆ្នោតជាតិនៅថ្ងៃទី៤ ខែកក្កដា។

 
តួលេខចុងក្រោយនៅលើគេហទំព័ររបស់រដ្ឋាភិបាលបានបង្ហាញថា មនុស្សចំនួន១០,១៧០ ឯណោះបានទៅដល់ទឹកដីនេះចន្លោះខែមករា ដល់ថ្ងៃទី២៥ ខែឧសភា ដែលកើនឡើងពី ៧,៣៩៥ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 
«យើងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូបារាំងរបស់យើង ដើម្បីទប់ស្កាត់ការឆ្លងដែន និងសង្គ្រោះជីវិត»។ អ្នកនាំពាក្យក្រសួងមហាផ្ទៃអង់គ្លេសបញ្ជាក់បែបនេះ។
 
នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បញ្ជាក់ថា អ្នកស្វែងរកសិទ្ធិជ្រកកោនដែល ទៅអង់គ្លេសដោយខុសច្បាប់ នឹងមិនត្រូវបាននិរទេសទៅរវ៉ាន់ដាមុនពេលបោះឆ្នោតនោះទេ។ ការបញ្ជាក់នេះធ្វើឡើងដើម្បីឱ្យអស់សង្ស័យលើគោលនយោបាយជនបរទេសក្នុង ចំណោមគោលនយោបាយសំខាន់ៗរបស់គណបក្សអភិរក្សរបស់លោក។
 
 
លោក Stephen Kinnock រដ្ឋ​មន្ត្រី​អន្តោ​ប្រវេសន៍​ស្រមោល​របស់គណបក្ស​កម្មករ​ បាន​អះអាងថា រដ្ឋាភិបាល​របស់លោក Sunak មិន​បាន​ធ្វើ​គ្រប់​គ្រាន់​ដើម្បី​ដោះស្រាយ​បញ្ហាលំហូរជនអន្តោប្រតវេសន៍នេះ​ទេ។
 
«ដោយសារតែកិច្ចខិតខំទាំងអស់របស់រដ្ឋាភិបាលឥឡូវនេះផ្តោតលើការធ្វើឱ្យមនុស្សពីរបីរយនាក់ហោះហើរទៅកាន់រវ៉ាន់ដា ពួកគេបានបាត់បង់ការយកចិត្តទុកដាក់លើមនុស្សរាប់ពាន់ នាក់ទៀតដែលកំពុងឆ្លងកាត់ចក្រព្រំដែនជារៀងរាល់ខែ»។ លោក Kinnock បានសង្កត់ធ្ងន់ នៅក្នុងសេចក្តីថ្លែងការណ៍មួយបែបនេះ។
 
បន្ថែមពីនេះ គណបក្សការងារបាននិយាយថា ប្រសិនបើពួកគេជាប់ឆ្នោតនោះ បក្សនេះនឹង បង្កើតទីបញ្ជាការសន្តិសុខព្រំដែនដែលនឹងប្រមូលផ្តុំបុគ្គលិកពីផ្នែកប៉ូលិស ទីភ្នាក់ងារស៊ើប ការណ៍​ក្នុងស្រុក និងព្រះរាជអាជ្ញាដើម្បីធ្វើការជាមួយភ្នាក់ងារអន្តរជាតិក្នុងការបញ្ឈប់ការរត់ ពន្ធមនុស្ស ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com