កីឡាជាតិ
ជាតិ
អាស៊ីអឺរ៉ុប ឈ្នះមេដាយច្រើនជាងគេពីព្រឹត្តិការណ៍សាកលវិទ្យាល័យ
27, May 2024 , 6:59 pm        
រូបភាព
ក្រុមសិស្សនិស្សិតពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដណ្តើមបានមេដាយច្រើនជាងគេសរុប៦១មេដាយ ក្នុងការប្រកួតកីឡាសិស្សឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ក្នុងចំណោម ៤៧គ្រឹះស្ថានឧត្តមសិក្សាចូលរួម។ ១៥ គ្រឹះស្ថាន មិនទទួលបានមេដាយសោះ។

 
៤៧គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ១៧៦៤នាក់ ចូលរួមប្រជែងមេដាយក្នុងការប្រកួតកីឡាសិស្សឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ បានបញ្ចប់ហើយនៅថ្ងៃទី២៦ ខែឧសភា ក្រោយដំណើរការប្រកួត ចាប់ពីថ្ងៃទី១៩ ខែឧសភា។
 
ក្រោយការប្រកួតរយៈពេល៨ថ្ងៃ អត្តពលោកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាស២៨ ប្រាក់១៨ និងសំរឹទ្ធិ ១៥ សរុប៦១ ច្រើនជាងគេក្នុងតារាងចំណាត់ថ្នាក់មេដា តាមពីក្រោយដោយ វិទ្យាស្ងានខេមអេដ ដែលរកបានមេដាយមាស១៩ ប្រាក់១០ និងសំរឹទ្ធិ១៦ សរុប៤៥មេដាយ និងលេខ៣ សាកលវិទ្យាល័យវេស្ទើន ដែលរកបានមេដាយសរុប៥០ ក្នុងនោះមាស១៦ ប្រាក់១៦ និងសំរឹទ្ធិ១៨។
 


ដោយឡែក ក្នុងចំណោម ៤៧គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដែលបានចូលរួមប្រកួតប្រជែង មាន១៥គ្រិះស្ថាន មិនទទួលបានមេដាយឡើយ ក្នុងនោះមានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, វិ.ពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិនខេត្តព្រះសីហនុ, វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ, វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ, វិទ្យាស្ថានជាតិអប់រំ, សាកលវិទ្យាល័យ CUS, សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ, សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា, សាកលវិទ្យាល័យក្រចេះ, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ, សាកលវិទ្យាល័យជាតិមានជ័យ, វិទ្យាស្ថានអាហ្គា និង វិទ្យាស្ថានអាស៊ីកម្ពុជា។
 
នាពិធីបិទការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានផ្តែផ្តាំបណ្ដាគ្រឹះស្ថានចូលរួមទាំងអស់ យកបទពិសោធន៍ក្នុងការចូលរួមនៅឆ្នាំនេះ ធ្វើជាត្រីវិស័យ ក្នុងសកម្មភាពអប់រំកាយ និងកីឡា នៅក្នុងឧត្តមសិក្សារៀងៗខ្លួន។
 


លេខាធិកាគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) រូបនេះ ក៏បានណែណាម កីឡាករ កីឡាការិនីបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់ជំនាញកីឡាទៅតាមគ្រឹះស្ថាននីមួយៗ ឱ្យកាន់តែល្អប្រសើរ ដើម្បីអាចមានឱកាសក្លាយជាកីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា នាពេលខាងមុខ។
 
សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សឧត្តមសិក្សា និងមធ្យមសិក្សា ឆ្នាំ២០២៤ ដែលធ្វើឡើងពីថ្ងៃទី១៩ ដល់ ២៦ ខែឧសភា មាន១៣ប្រភេទកីឡា លើ១០៣វិញ្ញាសា។ កីឡាទាំង១៣ប្រភេទរួមមាន កីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, គុនដាវ, ប៉េតង់, ហែលទឹក, វាយកូនឃ្លីលើតុ, តេក្វានដូ WT, តេក្វាន់ដូ ITF, ការ៉ាតេ, វាយសី, អត្តពលកម្ម និង ស៊ីប៉ាក់តាក្រ។ ព្រឹត្តិការណ៍ដែលរៀបចំ២ឆ្នាំម្តង នឹងធ្វើឡើងបន្តបន្ទាប់ទៀតនៅឆ្នាំ២០២៦៕

Tag:
 កីឡាឧត្តមសិក្សា
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com