កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន មានក្តីស្រម៉ៃ ចង់ឃើញអត្តពលិកតេក្វាន់ដូ WT ឈ្នះមេដាយអូឡាំពិក
28, May 2024 , 11:59 am        
រូបភាព
លោក វ៉ាត់ ចំរើន ចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក រូបពី NOCC
លោក វ៉ាត់ ចំរើន ចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក រូបពី NOCC
ខេមរសហព័ន្ធតេក្វាន់ដូ WT បានរៀបចំវគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាតេក្វាន់ដូ WT កម្រិតថ្នាក់ជាតិ ចាប់ពីថ្ងៃទី២១-២៧ ខែឧសភា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានសិក្ខាកាមចំនួន២៥នាក់។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ណែនាំឲ្យសិក្ខាកាម យកអ្វីដែលបានរៀន ទៅអភិវឌ្ឍធនធានកីឡាករ-កីឡាការិនី និងសង្គម និងចង់ឃើញអត្តពលិកតេក្វាន់ដូ WT របស់កម្ពុជា ឈ្នះមេដាយអូឡាំពិក។



វគ្គ​បណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាតេក្វាន់ដូ WT ដែលបានធ្វើឡើងរយៈពេល ៧ថ្ងៃ នៅទីស្នាក់ការ NOCC បានបញ្ចប់នៅថ្ងៃទី២៧ ខែឧសភា។ ក្នុងពិធីចែកវិញ្ញាបនបត្រ លោក វ៉ាត់ ចំរើន បានណែនាំឲ្យសិក្ខាកាមទាំងនោះ យកអ្វីដែលបានរៀន ទៅអនុវត្ត និងកែប្រែឥរិយាបទខ្លួន ជាពិសេសការជួយអភិវឌ្ឍធនធានកីឡាករ-កីឡាការិនី ដើម្បីជាប្រយោជន៍ដល់សង្គម។
 
«ប្រទេសជាតិត្រូវការយើងទាំងអស់គ្នា។ យើង ត្រូវសួរខ្លួនឯងថា៖ តើយើងធ្វើអ្វីខ្លះបានចំពោះជាតិ? យើងកុំសួរថា៖តើជាតិបានធ្វើអ្វីខ្លះចំពោះយើង?។ យើង ត្រូវសួរថាយើងបានធ្វើអ្វីខ្លះសម្រាប់ជាតិរបស់យើង។»។ លោក វ៉ាត់ ចំរើន បានណែនាំដូច្នេះ។
 
អគ្គលេខាធិការរូបនេះ ក៏បានលើកទឹកចិត្តឲ្យសិក្ខាកាម ដែលជាអត្ដពលិក និងគ្រូបង្វឹកទាំងនោះ មានគោលដៅខ្ពស់ក្នុងការប្រជែងយកមេដាយអាស៊ីហ្គេម និងមេដាយអូឡាំពិកហ្គេម។

វគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក រូបពី NOCC

លោក វ៉ាត់ ចំរើន ធ្លាប់ជោគជ័យលើផែនការយុទ្ធសាស្ដ្រម្ដងរួចមកហើយ កាលពីឆ្នាំ២០១៤ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី បានដណ្ដើមបានមេដាយមាសអាស៊ីហ្គេម លើកីឡាតេក្វាន់ដូ WT ដែលជាប្រភេទកីឡាអូឡាំពិក។ ប៉ុន្ដែអគ្គលេខាធិការរូបនេះ នៅតែលើកទឹកចិត្តឲ្យអត្ដពលិកទាំងអស់បន្ដការខំប្រឹងប្រែង ដើម្បីដណ្ដើមមេដាយអូឡាំពិកហ្គេម។
 
លោក វ៉ាត់ ចំរើន បានលើកទឹកចិត្តដូច្នេះ៖«ខ្ញុំ ចង់ឲ្យតេក្វាន់ដូ WT មានក្ដីសង្ឃឹមធំមួយ។ ផែនការណ៍យុទ្ធសាស្ដ្ររបស់ខ្ញុំ បានជោគជ័យ ក្រោយពីឆ្នាំ២០១៤ ស៊ន សៀវម៉ី បានមេដាយមាសអាស៊ីហ្គេម មុនគេ។ សៀវម៉ី បានមេដាយមាសអាស៊ីហ្គេម សម្រាប់កម្ពុជាមុនគេ ដែលជាប្រភេទកីឡាអូឡាំពិក។ ក្ដីស្រម៉ៃរបស់ខ្ញុំ មួយទៀត ចង់ឃើញ ពួកយើង បានមេដាយដំបូងគេ នៅអូឡាំពិកហ្គេម។»។
 
ដោយឡែក រាល់ជោគជ័យ តែងតែមានឧបសគ្គ។ លោក វ៉ាត់ ចំរើន និយាយថា បើអត្ដពលិក មិនហ៊ានលះបង់ តស៊ូ និងប្រឹងប្រែងហាត់ទេ នឹងមិនអាចសម្រេចលទ្ធផល ឬគោលដៅសំខាន់ៗឡើយ។ «រាល់ការធ្វើរបស់យើង នឹងមិនបានសម្រេចទេ ប្រសិនជាមិនលះបង់ មិនព្យាយាម និងតស៊ូ។ ខ្ញុំ ធ្លាប់និយាយាជាមួយ ស៊ន សៀវម៉ី ពេលគាត់នៅហាត់ ប្រាប់គាត់ថាគាត់ឈឺជង្គង់ ឈឺនេះ ឈឺនោះ។ អ៊ីចឹងជំរុញទឹកចិត្តគាត់ថា ប្រសិនជាគាត់ទ្រាំការឈឺចាប់នេះ បានកាន់តែធំ កាន់តែច្រើន គាត់នឹងទទួលបានជោគជ័យពីការងារប្រកួតរបស់គាត់។

មនុស្សយើង បើគ្មានការឈឺចាប់វាមិនមានលទ្ធផលទេ ហើយក៏គ្មានកម្លាំងជំរុញទេ។»។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ៕

Tag:
 តេក្វាន់ដូ
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com