FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
តុលាការអេស្ប៉ាញ បង្គាប់ FIFA និង UEFA បញ្ឈប់ការប្រឆាំងការបង្កើតពាន Super League
28, May 2024 , 7:29 pm        
រូបភាព
តុលាការប្រទេសអេស្ប៉ាញ បានបង្គាប់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បញ្ឈប់ការប្រឆាំងទៅលើលទ្ធភាពការបង្កើតពានរង្វាន់តំបន់អឺរ៉ុបថ្មី European Super League (ESL)។ តុលាការអេស្ប៉ាញចោទ​ ស្ថាប័នគ្រប់គ្រងបាល់ទាត់កំពូលទាំង ២ បានអនុវត្តអាកប្បកិរិយាប្រឆាំងបែបនេះ ព្រោះតែខ្លាចបាត់បង់ឥទ្ធិពលរបស់ខ្លួនក្នុងវិស័យកីឡាបាល់ទាត់។



បើតាមសេចក្តីប្រកាសរបស់តុលាការអេស្ប៉ាញ នាថ្ងៃទី២៧ ខែឧសភា លោកស្រី Sofia Gil Garia ដែលជាចៅក្រម បានសម្រេចថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ FIFA និង UEFA បានរំលោភបំពានច្បាប់ ដោយបានហាមឃាត់ក្លិបបាល់ទាត់ ពីការចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ថ្មី ក្នុងយុគបាល់ទាត់សម័យទំនើប​។ លោកស្រី Gil Garcia ក៏បានស្នើឱ្យ FIFA និង UEFA បញ្ឈប់រាល់ការប្រឆាំង ដែលធ្លាប់បានធ្វើឡើងកន្លងមក​ចំពោះការបង្កើតពាន ​ESL។
 
រឿងក្តីក្តាំបង្កើតពាន ESL នេះត្រូវបានដឹកនាំដោយក្រុមហ៊ុន A22 Sports Management ដែលជាក្រុមហ៊ុនអភិវឌ្ឍវិស័យកីឡា។ ក្រុមហ៊ុន A22 Sports បានដាក់ពាក្យបណ្តឹង ទៅតុលាការអេស្ប៉ាញ ដើម្បីតទល់ទៅនឹងសហព័ន្ធបាល់ទាត់អេស្ប៉ាញ, លីគកំពូលអេស្ប៉ាញ La Liga, UEFA និង FIFA ដែលបានរារាំងផ្លូវ។
 
កាលពីថ្ងៃទី២៧ ខែឧសភា ដដែល ក្របខណ្ឌ La Liga បានទទូច ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការទៅលើការបង្កើតពាន ESL ដោយថាខ្លួនមិនគាំទ្រឡើយ។ 



ដំបូងឡើយគ្រោងការបង្កើតពាន ESL ត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០២១ ដោយភ្លាមៗ វត្តមានក្លិបចំនួន ១២ ត្រូវបានបញ្ចូលទៅក្នុងគម្រោងនោះ។ គ្រាន់តែការប្រកាសធ្វើឡើងមិនដល់រយៈពេល ៤៨ម៉ោង ផង អ្នកគាំទ្រវិស័យបាល់ទាត់តំបន់អឺរ៉ុប និងពិភពលោក ចាប់ផ្តើមមានប្រត្តិកម្មយ៉ាងខ្លាំង ហើយស្ថាប័ន FIFA និង UEFA ប្រកាសដាក់ទណ្ឌកម្មលើក្លិបដែលចូលរួមការបង្កើតពាននេះ។
 
ក្លិបចំនួន ៩ ចំណោមក្លិបទាំង ១២ ដែលស្ថិតក្នុងគម្រោងពាន ESL បានសម្រេចដកខ្លួនចេញភ្លាមៗ ក្រោយរងការរិះគន់ និងខ្លាចមានទណ្ឌកម្មពី UEFA។ ក្រុមហ៊ុនអភិវឌ្ឍកីឡា A22 Sports បាននិយាយថា UEFA និង FIFA បានកាន់តំណែងផ្តាច់មុខលើវិស័យបាល់ទាត់ ដែលបំពានលើច្បាប់នៃការប្រកួតប្រជែង និងរចលនាសេរី របស់សហភាពអឹរ៉ុប (EU)។ 
 
ក្លិប Real Madrid, Barcelona, Juventus គឺជាក្រុម ៣ ដំបូងគេដែលប្រកាសគាំទ្រដល់ការបង្កើតពាន ក្នុងចំណោមក្រុមធំៗតំបន់អឺរ៉ុប ៩ ផ្សេងទៀត កាលពីខែមេសា ឆ្នាំ ២០១១។ ក្លិបទាំង ៩ ដែលបានប្រកាសដកខ្លួនភ្លាមៗ ក្រោយមានភាពចលាចល រួមមាន Manchester United, Manchester City, Liverpool, Chelsea, Tottenham Hotspur, Arsenal, AC Milan, Inter Milan និង Atletico Madrid។
 
កន្លងមក តុលាការយុត្តិធម៌សហភាពអឺរ៉ុប (ECJ) ក៏បានប្រឆាំងទៅនឹងការរារាំងរបស់ UEFA និង FIFA ទោះបីជាពួកគេមិនដឹងពីភាពជាក់លាក់ ថាតើពាន ESL អាចនឹងដំណើរការទៅមុខ ឬក៏មិនអាចក៏ដោយក្តី៕

Tag:
 FIFA
  UEFA
  European Super League
© រក្សាសិទ្ធិដោយ thmeythmey.com