កីឡាជាតិ
ជាតិ
អត្តពលិកគ្មានសីលធម៌ និងវិន័យ មិនគួរជាប់ជម្រើសជាតិ
29, May 2024 , 8:29 am        
រូបភាព
អត្ដពលិប៊ីយ៉ាកម្ពុជា ប្រមូលផ្ដុំហ្វឹកហាត់ រូបពីសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា
អត្ដពលិប៊ីយ៉ាកម្ពុជា ប្រមូលផ្ដុំហ្វឹកហាត់ រូបពីសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា
កីឡាករ-កីឡាការិនី ដែលមិនគោរពវិន័យ មានចរិតតួឯក គេចវេសម៉ោងហ្វឹកហាត់ ប្រើប្រាស់សារធាតុហាមឃាត់ និងប្រព្រឹតអំពើអបាយមុខផ្សេងៗ នឹងមិនត្រូវកោះហៅឲ្យចូលជម្រើសជាតិឡើយ។ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បង្ហោះសារលើហ្វេសប៊ុកដូច្នេះ។ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា ចាត់ទុក អត្ដពលិក គ្មានសីលធម៌ និងវិន័យ មិនគួរជាប់ជម្រើសជាតិ និងនាំឲ្យអាប់ឱនដល់កេរ្ដ៍ឈ្មោះជាតិ។



សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា​ បានកោះហៅគ្រូបង្វឹក កីឡាករ-កីឡាការិនី ចំនួន១០នាក់ ហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ត្រៀមប្រកួតព្រឹត្តិការណ៍នានា ជាពិសេសការត្រៀមខ្លួនសម្រាប់ ស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥។ ក្នុងចំណោម១០នាក់នោះ កីឡាករ មាន៦នាក់ និងកីឡាការិនី២នាក់ ហើយគ្រូបង្វឹក២នាក់ នឹងត្រូវប្រមូលផ្ដុំហ្វឹកហាត់ ចាប់ពីចុងខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤។
 
លោក ម៉ារ៉ា សុជាតិ ដែលត្រូវបានគេស្គាល់ថាជា លោក មូន ម៉ារ៉ា តារាចម្រៀងអំឡុងឆ្នាំ២០០០ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា អំឡុងពេលហ្វឹកហាត់ កីឡាករ-កីឡាការិនី ត្រូវតែគោរពវិន័យ និងមានសីលធម៌ ព្រោះអត្ដចរិតល្អរបស់អត្ដពលិក នឹងបង្ហាញពីកេរ្ដ៍ឈ្មោះ និងរូបភាពល្អរបស់កម្ពុជា ទៅកាន់អន្ដរជាតិ។
 
អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ៖«កីឡាករ-កីឡាការិនី ត្រូវគោរពវិន័យ និងលក្ខន្ដិកៈសហព័ន្ធ គឺជារឿងប្រសើរ ដែលត្រូវមាន។ ហើយប្រសិនជាពួកគេ ធ្វើមិនបាននូវចំណុចល្អទាំងនេះ ពួកគេមិនគួរជាប់ជម្រើសជាតិទេ ព្រោះនាំឲ្យប៉ះពាល់កេរ្ដ៍ឈ្មោះសហព័ន្ធ និងប្រទេសជាតិ។»។
 
លោក សុជាតិ បន្ថែមទៀតថា កីឡាករខ្លះមានចរិតតួឯក ពិបាកណែនាំ ព្រោះយល់ថាខ្លួនឯងខ្លាំង និងមានចរិតលោភលន់សម្លឹងឃើញតែប្រាក់រង្វាន់ ប៉ុន្ដែមិនគិតពីកេរ្ដ៍ឈ្មោះជាតិ។ ម្យ៉ាងវិញទៀត កីឡាករបែបនេះ តែងតែបង្ហោះសារលើហ្វេសប៊ុក និយាយពីបញ្ហាផ្ទៃក្នុង ឲ្យមហាជនដឹង។ 
 
«ចរឹតតួឯកជាទូទៅ គឺកីឡាករ ឬកីឡាការិនី ដែលពិបាកនិយាយ ទាមទារច្រើន ព្រោះអាងថាខ្លួនពូកែ គិតតែប្រយោជន៍ខ្លួនឯង ជាងប្រយោជន៍រួម និងចូលចិត្ត Drama និយាយរួមចង់ឲ្យគេទ្រ។»។ អគ្គលេខាធិការរូបនេះ អះអាងដូច្នេះ៕

Tag:
 ម៉ារ៉ា សុជាតិ
  ប៊ីយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com