កីឡាជាតិ
ជាតិ
AFC Club Ranking៖ លីគកម្ពុជា ជាប់លេខ៣១ ចំណោម៤៧ ខណៈអារ៉ាប៊ីសាអូឌីតល្អជាងគេ
29, May 2024 , 7:00 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានផ្តល់ពិន្ទុឱ្យលីគអារ៉ាប៊ីសាអូឌីត ជាលីគកីឡាបាល់ទាត់ល្អដាច់គេប្រចាំរដូវកាល ២០២៣-២៤ នៃលីគទាំងនៅអាស៊ី (AFC Club Competitions Ranking 2024) តាមពីក្រោយដោយលីគជប៉ុន និងកូរ៉េខាងត្បូង។ លីគកម្ពុជា ជាប់ចំណាត់ថ្នាក់ទី៣១ ក្នុងចំណោមលីគទាំង៤៧ របស់ AFC។

 
នាការប្រកាសពិន្ទុនៅស្នាក់ការកណ្តាល AFC ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែឧសភា លីគបាល់ទាត់អារ៉ាប៊ីសាអូឌីត ទទួលបានពិន្ទុច្រើនជាងគេចំនួន ១០៣,១៤៨ នាំមុខលីគជប៉ុនដែលទទួលបាន៩៦,៩៩៩ពិន្ទុ និងលីគកូរ៉េខាងត្បូង ៩៣,៦០០ពិន្ទុ។ ការផ្តល់ពិន្ទុនេះ ដោយយោងតាមលទ្ធផលប្រកួតក្នុងលីគ និងការប្រកួត AFC Champions League (ACL) ក្នុងនោះក្រុម Al Hilal SFC ជាជើងឯកឆ្នាំ ២០១៩ និង ២០២១ និងរងជើងឯកនៅឆ្នាំ ២០២២។
 
លើសពីនេះទៅទៀត នៅក្នុងរដូវកាល ២០២៣-២៤ ក្រៅពី Al Hilal ក្រុមនៅអារ៉ាប៊ីសាអូឌីតចំនួន៣ទៀត រួមមាន Al Nassr ដែលមានប្រធានក្រុម Cristiano Ronaldo ជាសមាជិក, Al Ittihad និង Al Fayha សុទ្ធតែបង្ហាញភាពលេចធ្លោទាំងក្នុងលីគ និង ACL បើទោះពានក្លិបប្រចាំតំបន់អាស៊ីនេះធ្លាក់ទៅ​លើ​ក្រុម Al Ain FC នៃលីគអេមីរ៉ាត​អារ៉ាប់រួម (UAE) ក្តី។

នៅប៉ុន្មានរដូវកាលចុងក្រោយ ក្លិបក្នុងលីគកំពូលអារ៉ាប៊ីសាអូឌីត នាំចូលកីឡាករល្បីៗពីតំបន់អឺរ៉ុបជាច្រើនរូបទៅរួមក្រុម ដែលរួមមាន Neymar, Karim Benzema និង Ronaldo ដែលធ្វើឱ្យលីគនេះកើនប្រជាប្រិយភាពយ៉ាងខ្លាំង។


 
Yokohama F Marinos ក្រុមរងជើងឯក ACL រួមជាមួយ Urawa Red Diamonds និង Kashima Antlers ជួយលីគជប៉ុនទទួលបានចំណាត់ថ្នាក់លេខ២ ស្របពេល Jeonbuk Hyundai Motors FC និង Pohang Steelers ជួយលីគកូរ៉េខាងត្បូង បានចំណាត់ថ្នាក់ទី៣ ប្រចាំ AFC។
 
Al Ain ដែលគ្រងតំណែងជើងឯក ACL រដូវកាល ២០២៣-២៤ ជួយលីគអេមីរ៉ាត​អារ៉ាប់រួម ទទួលបានចំណាត់ថ្នាក់ទី៤ ដោយរកបាន ៧៤,៨៧៣ ពិន្ទុ។
 
ដោយឡែក លីគកម្ពុជា ជាប់ចំណាត់ថ្នាក់ទី៣១ ដោយទទួលបាន ១០,៣៧៥ពិន្ទុ ក្នុងចំណោមលីគទាំង៤៣ ដែលស្ថិតក្រោមសហព័ន្ទកីឡាបាល់ទាត់អាស៊ី ដោយនាំមុខលីគមីយ៉ាន់ម៉ា (៣២) ម៉ុងហ្គោលី (៣៤) ឡាវ ()៣៧ ព្រុយណេ (៤១) ទីម័រខាងកើត (៤៣)។ ថៃ ស្ថិតនៅលេខរៀងទី៨ ម៉ាឡេស៊ី (១២) វៀតណាម (១៤)​ សិង្ហបុរី (២៣) ហ្វីលីពីន (២៥) ឥណ្ឌូណេស៊ី (២៨) ស្របពេលលីគកីឡាបាល់ទាត់ យេម៉ែន ស្ថិតនៅបាតតារាង៕
 

Tag:
 AFC Club Ranking
© រក្សាសិទ្ធិដោយ thmeythmey.com