កីឡាជាតិ
ជាតិ
រុស្ស៊ី បារាំង ហ្វីលីពីន វៀតណាម ចូលរួមជិះកង់ ភ្នំពេញ-សៀមរាប «ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារ»
30, May 2024 , 7:59 am        
រូបភាព
ការប្រកួតកីឡាទោចក្រយាន រូបពីសហព័ន្ធកីឡាទោចក្រយានកម្ពុជា
ការប្រកួតកីឡាទោចក្រយាន រូបពីសហព័ន្ធកីឡាទោចក្រយានកម្ពុជា
រុស្ស៊ី បារាំង ហ្វីលីពីន និងវៀតណាម ក៏ចូលរួមជាមួយកម្ពុជាក្នុងព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារ នៅថ្ងៃទី១ ខែមិថុនា ពីភ្នំពេញទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលមានចម្ងាយ ៣១០គីឡូម៉ែត្រ។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បញ្ជាក់ថា មានអ្នកចុះឈ្មោះជិះកង់ ២៦០នាក់ ចូលរួមក្នុងព្រឹត្តិការណ៍នេះ។ អគ្គលេខាធិការរូបនេះ ពេញចិត្តនូវចំនួនអ្នកចូលរួមនេះ ព្រោះអាចធានាបាននូវសុវត្ថិភាព ចរាចរណ៍ និងសណ្ដាប់ធ្នាប់នានា អំឡុងពេលធ្វើដំណើរ។

 
លោក នូ ចំរើន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា អ្នកចូលរួមជិះកង់ក្នុងព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារ មានចំនួន២៦០នាក់។​ ក្នុងនោះ នាក់ចូលរួម២០ភាគរយជាជនបរទេស មានដូចជា៖ រុស្ស៊ី, បារាំង, ហ្វីលីពីន និងវៀតណាម។ 
 
អគ្គលេខាធិការរូបនេះ ចាត់ទុកថានេះ គឺដូចអ្វីដែលរំពឹងទុក ព្រោះចំនួននេះ សហព័ន្ធកីឡាទោចក្រយានកម្ពុជា អាចគ្រប់គ្រងនូវសណ្ដាប់ធ្នាប់នានា ការសម្រួលចរាចរណ៍ពេលធ្វើដំណើរ និងសុវត្ថិភាព សុខភាព នៃអ្នកចូលរួម។ 
 
«នេះ គឺដូចជាអ្វី ដែលយើងរំពឹងទុកហើយ ព្រោះយើងរំពឹងថាបាន៣០០នាក់ ប្រសិនជាលើស៣០០នាក់ យើងពិបាកគ្រប់គ្រង។ ប៉ុន្ដែចំនួននេះ វាស្ថិតក្នុងការគ្រប់គ្រងរបស់យើង។ យើង នឹងអាចរៀបចំបានល្អ។»។ លោក នូ ចំរើន បាននិយាយដូច្នេះ។
 
គោលបំណង នៃការរៀបចំព្រឹត្តិការណ៍នេះ សហព័ន្ធកីឡាទោចក្រយានកម្ពុជា ធ្វើឡើងដើម្បីប្រមូលថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរ និងលើកម្ពស់វិស័យកីឡាជិះកង់នៅកម្ពុជា។ 
 
គួរបញ្ជាក់ផងដែរថា គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារ នឹងធ្វើនៅថ្ងៃទី១ ខែមិថុនា ដែលត្រូវជាថ្ងៃទិវាកុមារអន្ដរជាតិ។ ចម្ងាយ៣១០គីឡូម៉ែត្រនេះ គឺត្រូវជិះរយៈពេលមួយថ្ងៃ ហើយចេញដំណើរចាប់ពីម៉ោង ៤:៣០ព្រឹក ដោយគ្រោងទៅដល់មន្ទីរពេទ្យកុមារអង្គរ នៅម៉ោង៧:៣០យប់៕

Tag:
 នូ ចំរើន
  ជិះកង់
  ជិះកង់ដើម្បីកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com