កីឡាអន្តរជាតិ
អន្តរជាតិ
Olympiakos លើកពាន ECL ក្លាយជាក្រុមក្រិកដំបូងបំផុតឈ្នះជើងឯកអឺរ៉ុប
30, May 2024 , 9:59 am        
រូបភាព
Olympiakos​ ក្លាយជាក្រុមរបស់ក្រិកលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលឈ្នះជើងឯកអឺរ៉ុប តាមរយៈការយកឈ្នះ Fiorentina ១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa Conference League រាត្រីថ្ងៃទី២០ ខែឧសភា។

 
ខ្សែប្រយុទ្ធសញ្ញាតិម៉ារ៉ុក Ayoub El Kaabi ក្លាយជាវីរបុរុស ក្រោយរកបានគ្រាប់បាល់ជ័យជម្នះនៅនាទី១១៦ នៃម៉ោងបន្ថែមលើកទី២ បន្ទាប់ពី Olympiakos និង Fiorentina បញ្ចប់ការប្រកួតក្នុងម៉ោងផ្លូវការ៩០នាទី ដោយគ្មានការស៊ុតបញ្ចូលទីគ្នា នៅកីឡដ្ឋាន OPAP Arena ក្នុងក្រុងអាថែន ប្រទេសក្រិក។
 
តាមរយៈលទ្ធផលនេះគ្រប់គ្រាន់ជួយ Olympiakos ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក José Luis Mendilibar ក្លាយជាជើងឯក Conference League រដូវកាល ២០២៣-២៤ និងជារដូវកាលទីពីរ ចាប់តាំងពីបង្កើតពានរង្វាន់លំដាប់ទី៣អឺរ៉ុបនេះ។ Olympiakos ក៏ជាក្រុមពីប្រទេសក្រិកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលគ្រងជើងឯកអឺរ៉ុប។
 
ដោយឡែក នេះជាការខកចិត្ត​ពីរលើកជាប់គ្នារបស់ក្រុមអ៊ីតាលី Fiorentina ដែល​បានត្រឹមរងជើងឯក។ កាលពីរដូវកាលមុន Fiorentina បាន​ចាញ់ West Ham នៅវ​គ្គផ្តាច់ព្រ័ត្រ ECL ​ដែរ ដោយគ្រានោះ ខ្សែប្រយុទ្ធ Jarrod Bowen សម្រេចទីនៅចុងម៉ោងដូចគ្នា។
 
Europa Conference League បង្កើតឡើងដំបូងនៅរដូវកាល ២០២១-២២ ដោយក្រុមអ៊ីតាលី AS Roma គ្រងតំណែងជើងឯក ដោយការយកឈ្នះក្រុមហូឡង់ Feyenoord ១-០ នៅវគ្គផ្តាច់ព្រ័ត្រ៕

Tag:
 Europa Conference League
© រក្សាសិទ្ធិដោយ thmeythmey.com