កីឡាជាតិ
ជាតិ
ម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថន និងអត្តពលិកហែលទឹក២រូប បានទៅប្រជែងមេដាយអូឡាំពិក ប៉ារីស
30, May 2024 , 4:29 pm        
រូបភាព
រូបភាព៖ ក្រសួងព័ត៌មាន
រូបភាព៖ ក្រសួងព័ត៌មាន
កម្ពុជា ក្នុងនាមជាប្រទេសនៃសមាជិកអូឡាំពិក ទទួលបានសិទ្ធិពិសេសចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើចាប់ពីថ្ងៃទី២៦ ខែមិថុនា ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៤។ ការទទួលបានសិទ្ធិពិសេសនេះ គឺដោយសារកម្ពុជា ពុំមានកីឡាករ-កីឡាការិនីរូបណា ជាប់ក្នុងវគ្គជម្រុះប្រកួតសំខាន់ៗ ក្នុងតំបន់ និងក្នុងទ្វីបទេ។ អត្ដពលិក៣រូបនោះ ទៅចូលរួមព្រឹត្តិការណ៍នេះ តាមរយៈសិទ្ធអនុគ្រោះនោះ មានអត្ដពលកម្ម១រូប  និងអត្តពលិក ហែលទឹក ២រូប។



យោងលើគេហទំព័ររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី២៩ ខែឧសភា កម្ពុជា នឹងបញ្ជូនអត្ដលិក៣រូប ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក លើកទី៣៣។ អត្ដពលិក ៣រូបនោះ មានដូចជា ឈុន ប៊ុនថន កីឡាករអត្ដពលកម្ម ដែលជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ និង Antoine Della Pharent កីឡាករហែលទឹក។ ដោយឡែក សមាសភាពកីឡាការិនីហែលទឹក១រូបទៀត សហព័ន្ធខ្មែរកីឡាហែលទឹក មិនទាន់អាចបញ្ជាក់បាននៅឡើយទេ។



លោក ញ៉ាន សុខវិសាល នាយបេសកកម្មដឹកនាំប្រតិភូកីឡា បានបញ្ជាក់ថា កម្ពុជា គឺជាប្រទេស១ ក្នុងចំណោម៣ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ដែលមិនមានអត្ដពលិកជាប់វគ្គជម្រុះ ហើយទទួលបានសិទ្ធិអនុគ្រោះចូលរួម។ ៣ប្រទេសផ្សេងទៀតនោះ មាន៖ ឡាវ ព្រុយណេ និងទីម័រខាងកើត។ ក្រៅពីនេះប្រទេសតំបន់អាស៊ានផ្សេងទៀត ថៃ មានអត្ដពលិក៣៨នាក់, ឥណ្ឌូណេស៊ី២១នាក់, ប្រទេសម៉ាឡេស៊ី ១៨នាក់, សិង្ហបុរី ១៧នាក់, ប្រទេសហ្វីលីនពីន ១២នាក់, ប្រទេសវៀតណាម ១០នាក់ និងប្រទេសមីយ៉ាន់ម៉ា ១នាក់។
 
ដោយឡែក នាយបេសកកម្មរូបនេះ មិនរំពឹងទៅលើការដណ្ដើមបានជ័យជម្នះទេ ប៉ុន្ដែរំពឹងលើការដកស្រង់បទពិសោធន៍។ ចំណែកប្រតិភូដឹកនាំ ក៏ចូលរួមដើម្បីយកបទពិសោធន៍ពីការរៀបចំការប្រកួតព្រឹត្តិការណ៍ធំ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ Asian Youth Games 2029៕

Tag:
 អូឡាំពិក
  អត្ដពលកម្ម
  ហែលទឹក
© រក្សាសិទ្ធិដោយ thmeythmey.com