កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ឈ្នះស្បែកជើងមាសប្រចាំលីគអារ៉ាប៊ីសាអូឌីតរដូវកាល ២០២៣-២៤
30, May 2024 , 9:39 pm        
រូបភាព
Cristiano Ronaldo បន្តឈ្នះពានរង្វាន់ឯកត្តជនបន្ថែមទៀតក្នុងអាជីព ដោយក្លាយជាម្ចាស់ស្បែកជើងមាស ប្រចាំលីគកំពូលអារ៉ាប៊ីសាអូឌីត រដូវកាល ២០២៣-២៤ ក្រោយបាន៣៥គ្រាប់ឱ្យ Al Nassr។ Ronaldo រកបាន ៥០គ្រាប់ ពីគ្រាប់កម្មវិធីប្រកួតទាំងអស់ប្រចាំរដូវកាលនេះ។



កីឡាករសញ្ជាតិព័រទុយហ្កាល់ បន្តកត់ត្រាកំណត់ត្រា និងពានរង្វាន់ឯកត្តជនដែលគេបានឈ្នះទៅក្នុងសៀវភៅប្រវត្តិសាស្ត្របាល់ទាត់សម័យទំនើប។ រដូវកាល ២០២៣​-២៤ ខ្សែប្រយុទ្ធរបស់ក្រុម Al Nassr រកបាន ៥០គ្រាប់ជាថ្មីទូទាំងរដូវកាល និងរាល់ពានរង្វាន់ដែលបានប្រកួត។ កាលពីរដូវកាលមុន Ronaldo ក៏ជាប់ឈ្មោះជាកីឡាករដែលរកបានគ្រាប់បាល់លើស ៥០គ្រាប់ទូទាំងរដូវកាលផងដែរ។
 
កាលពីពេលថ្មីៗនេះ Ronaldo បានក្លាយជាកីឡាករដំបូងគេដែលរកបានគ្រាប់បាល់ច្រើនបំផុតប្រចាំរដូវកាល របស់ Saudi Pro League ដោយរកបានចំនួន ៣៥គ្រាប់។ កីឡាករវ័យ ៣៩ឆ្នាំ បំបែកកំណត់ត្រាដែលកាន់កាប់ដោយកីឡាករ Abderrazak Hamdallah អតីតកីឡាករក្រុម Al Nassr រកបាន ៣៤គ្រាប់ ក្នុងមួយរដូវកាល។
 
Ronaldo ម្ចាស់ពាន Ballon d’Or ៥សម័ហ ធ្វើបានកំណត់ត្រាជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបំផុត ក្នុងមួយរដូវកាល លើកដំបូង កាលពីឆ្នាំ ២០១៦ ដោយរូបគេកាលនោះលេងនៅក្លិបយក្សរបស់អេស្ប៉ាញ Real Madrid។
 
ទោះជាមានវ័យ ៣៩ឆ្នាំ ក៏ដោយ ប៉ុន្តែកម្លាំងកាយ ក៏ដូចជាបច្ចេកទេសរបស់ Ronaldo នៅតែបង្ហាញថារូបគេជាកីឡាករល្អមួយរូបមិនអាចមើលរំលងបានឡើយ។ បន្ទាប់ពីស៊ុតបាល់សរុប ៣៥គ្រាប់ ប្រចាំលីគអារ៉ាប៊ីសាអូឌីតរដូវកាលនេះ បានធ្វើឱ្យ Ronaldo ក្លាយជាកីឡាករឈ្នះស្បែកជើងមាស និងជាកីឡាករដែលឈ្នះស្បែងជើងមាសនៅលីគចំនួន ៤ ផ្សេងគ្នា។
 
ក្របខណ្ឌ Saudi Pro League បានបញ្ចប់រដូវកាលរួចរាល់ទៅហើយ ប៉ុន្តែ​ Ronaldo នៅមិនទាន់ចប់ភារកិច្ចនៅឡើយ ដោយក្រុម Al Nassr នៅមានពានរង្វាន់ King Cup of Champions វគ្គផ្តាច់ព្រ័ត្រ ដោយត្រូវតទល់ជាថ្មីជាមួយនឹងក្រុម Al Hilal ម្ចាស់ពាន Saudi Pro League សារជាថ្មី។ 
 
បន្ទាប់ពីការប្រកួតជាមួយក្លិប Al Nassr រួច ខ្សែប្រយុទ្ធវ័យចំណាស់ ក៏នឹងមានភារកិច្ចធំមួយទៀតនោះគឺ ដឹកនាំក្រុមជម្រើសជាតិព័រទុយហ្កាល់ ប្រកួតប្រជែងក្នុងពានរង្វាន់អឺរ៉ុប Euro 2024 ដែលត្រូវធ្វើឡើងរយៈពេល ២សប្តាហ៍ខាងមុខ៕

Tag:
 Cristiano Ronaldo
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com