កីឡាអន្តរជាតិ
អន្តរជាតិ
Nagelsmann គ្រូបង្វឹកអាល្លឺម៉ង់ ជាគ្រូក្មេងជាងគេនៅ Euro 2024
31, May 2024 , 9:54 am        
រូបភាព
Julian Nagelsmann ក្លាយជាគ្រូបង្វឹកវ័យក្មេងជាងគេ ប្រចាំព្រឹត្តិការណ៍ UEFA Euro ឆ្នាំ២០២៤។ Nagelsmann វ័យ៣៧ឆ្នាំ នឹងត្រូវដឹកនាំម្ចាស់ផ្ទះអាល្លឺម៉ង់ តទល់ស្កុតឡែន ហុងគ្រី​ និងស្វ៊ីស ក្នុងពូល A។ លោក Ralf Rangnick គ្រូអូទ្រីស ជាគ្រូបង្វឹកចាស់ជាងគេនៅជើងឯកអឺរ៉ុបនេះ។



Nagelsmann ដែលទើបឈានចូលវ័យ ៣៧ឆ្នាំ នឹងត្រូវដឹកនាំក្រុមរហស្សនាមឥន្ទ្រីដែក ស្វាគមន៍ស្កុតឡែន នៅជំនួបបើកឆាកព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីអឺរ៉ុប នៅរាត្រីថ្ងៃទី១៤ ខែកក្កដា។ គ្រូបង្វឹកក្មេងជាងគេរូបនេះ មានជំនឿចិត្តខ្ពស់ក្នុងការនាំក្រុមអាល្លឺម៉ងគ្រងជើងឯក Euro ឆ្នាំ២០២៤នេះ។
 
មិនត្រឹមជាប់ជាគ្រូក្មេងនៅ Euro 2024 នេះនោះទេ Nagelsmann ក៏ក្លាយជាគ្រូក្មេងជាងគេ ចាប់តាំងពីបង្កើតពានរង្វាន់ទ្វីបអឺរ៉ុបនេះមកម្លេះ។ មួយវិញទៀត ប្រសិនបើអតីតគ្រូ Bayern Munich រូបនេះ ជួយអាល្លឺម៉ង់ឈ្នះជើងឯកនៅឆ្នាំនេះទៀតនោះ រូបគេនឹងបំបែកកំណត់ត្រារបស់លោក José Villalonga ដែលបានដឹកនាំអេស្ប៉ាញគ្រងជើងឯកអឺរ៉ុបនេះ នៅឆ្នាំ ១៩៦៤ នៅវ័យក្មេងជាងគេ ៤៤ឆ្នាំ។

លោក Domenico Tedesco

លោក Domenico Tedesco គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក ជាគ្រូបង្វឹកក្មេងជាងគេលំដាប់ទីពីរ បន្ទាប់ពីលោក Nagelsmann។ គ្រូបង្វឹកកូនកាត់អ៊ីតាលី-អាល្លឺម៉ង់រូបនេះ មានអាយុ៣៨ឆ្នាំ។ លោក Tedesco នឹងត្រូវដឹកនាំក្រុមរហស្សនាមបិសាចក្រហម តទល់ ស្លូវ៉ាគី រូម៉ានី និង អ៊ុយក្រែន ក្នុងពូល E។
 
ដោយឡែកគ្រូបង្វឹកចាស់ជាងគេប្រចាំព្រឹតិ្តការណ៍ Euro នៅអាល្លឺម៉ង់នេះ គឺលោក Ralf Rangnick គ្រូបង្វឹកក្រុមអូទ្រីស ដែលមានវ័យ៦៦ឆ្នាំ។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ធ្លាប់កាន់ការជាអ្នកចាត់ការទូទៅបណ្តោះអាសន្នក្រុម Manchester United ផងដែរ។ អូទ្រីស ស្ថិតក្នុងពូល D ជាមួយបារាំង ហូងឡង់ និងប៉ូឡូញ។
 
បន្ទាប់ពីលោក Rangnick គ្រូបង្វឹកដែលមានវ័យចាស់ជាងគេលំដាប់ទីពីរ គឺលោក Luciano Spalletti គ្រូបង្វឹកម្ចាស់ការពារជើងឯកអ៊ីតាលី។ គ្រូសញ្ជាតិអ៊ីតាលីរូបនេះ មានអាយុ ៦៥ឆ្នាំ។ អ៊ីតាលី ស្ថិតក្នុងពូល B ជាមួយអេស្ប៉ាញ ក្រូអាស៊ី និងអាល់បានី៕

Tag:
 Euro 2024
  Julian Nagelsmann
© រក្សាសិទ្ធិដោយ thmeythmey.com