កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់ត្រៀមធ្វើកូដកម្មប្រឆាំង FIFA ជុំវិញកាលវិភាគប្រកួតដ៏មមាញឹក
31, May 2024 , 10:59 am        
រូបភាព
ក្រុមកីឡាករបាល់ទាត់អាជីព បានព្រមានទៅកាន់សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ (FIFA) ថា ពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើកូដកម្ម ជុំវិញកាលវិភាគប្រកួតដ៏មមាញឹក លើសលុបខ្លាំងពេក។ នេះបើតាមការលើកឡើងរបស់លោក Maheta Molango ប្រធានសមាគមកីឡាករបាល់ទាត់អាជីព (PFA)។



លោក Molango ធ្លាប់បានស្នើឱ្យមានការផ្លាស់ប្តូរ កាលវិភាលប្រកួត ដែលមានភាពមមាញឹក ចាប់តាំងពីខែកុម្ភៈ កន្លងមក។ ប្រធាន PFA ដដែល ជឿជាក់ថា កីឡាករកំពុងឈានដល់បន្ទាត់ក្រហម ចំពោះការគ្រប់គ្រងអារម្មណ៍។
 
លើបញ្ហាភាពមមាញឹកនៃកាលវិភាគប្រកួតនេះ វាបង្កគ្រោះថ្នាក់ដល់សុខភាពកីឡាករ និងធ្វើឱ្យគុណភាពលេងរបស់កីឡាករធ្លាក់ចុះ។ ភាគច្រើនកីឡាករបាល់ទាត់អាជីពទាំងអស់នោះ បានទទូចថា ពួកគេគឺជាមហាសេដ្ឋី ប៉ុន្តែគ្មានសូម្បីតែពេលវេលាចាយលុយ និងពេលសម្រាកគ្រប់គ្រាន់។ នេះបើតាមលោកMolango។
 
ប្រធាន PFA បានបន្តថា៖«កីឡាករខ្លះបាននិយាយដូច្នេះថា ពួកគេមិនមានពេលវេលាល្អនោះឡើយ ហើយពួកគេអាចនឹងធ្វើកូដកម្មចំពោះបញ្ហានេះ។ កីឡាករខ្លះទៀតនិយាយថា បញ្ហានោះគឺពួកគេជាមហាសេដ្ឋី ប៉ុន្តែគ្មានពេលវេលាក្នុងការចាយលុយដែលពួកគេរកបានទាំងនោះ។»។



តម្រូវការលើកីឡាករកើតឡើងជាលំដាប់ នៅប៉ុន្មានឆ្នាំចុងក្រោយមកនេះ ព្រោះតែពានរង្វាន់ថ្មីជាច្រើនត្រូវបានបង្កើតឡើង និងការប្រកួតប្រជែងថ្មីៗជាច្រើនបានលេចរូបរាងឡើង។

កីឡាករ និងអ្នកចាត់ការក្រុម ក៏រិះគន់ថាប្រតិទិនប្រកួត ទាមទារការប្រកួតច្រើនពេក។ អ្នកចាត់ការប្រចាំលីគកំពូលអង់គ្លេស រួមមានលោក Jurgen Klopp និងលោក Pep Guardiola ក៏ធ្លាប់លើកឡើងពីភាពមមាញឹកនៃកាលវិភាគប្រកួតនេះដែរ។
 
សហព័ន្ធកីឡាករអាជីពពិភពលោក (FIFPRO) រួមជាមួយនឹង PFA ក៏ដូចជាសមាគមលីគបាល់ទាត់ពិភពលោក (WLA) គំរាមចាត់វិធានការផ្លូវច្បាប់ ប្រសិនបើ FIFA បន្តទិសដៅដដែលនេះ។
 
ស្ថាប័នគ្រប់គ្រងលើកីឡាករ ទាំង ៣ ខាងលើ បានផ្ញើលិខិតទៅកាន់លោក Gianni Infantino ប្រធានរបស់ FIFA និងអគ្គលេខាធិការលោក Mattias Grafstrom ថាពួកគេមានក្តីបារម្ភខ្លាំង ទៅការបង្កើនចំនួនក្រុមប្រកួតនៅក្នុងរូបមន្តប្រកួតពានរង្វាន់ FIFA Club World Cup ថ្មី ដែលមានដល់ ៣២ក្រុម៕

Tag:
 FIFA
© រក្សាសិទ្ធិដោយ thmeythmey.com