កីឡាជាតិ
ជាតិ
លោក ខូវ ឆាយ៖ វត្តមាន Pacquiaoទស្សនាគុនខ្មែរ នឹងធ្វើឱ្យពិភពលោក កាន់តែទទួលស្គាល់
31, May 2024 , 4:39 pm        
រូបភាព
លោក Manny Pacquiao
លោក Manny Pacquiao
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ យល់ថាវត្តមានរបស់ស្ដេចប្រដាល់ហ្វីលីពីន លោក Manny Pacquiao គឺជាសក្ខីភាពបង្ហាញថា ពិភពលោក ក៏បានស្គាល់ និងកំពុងតាមដានពីក្បាច់បុរាណខ្មែរដែរ។ នេះបើតាមលោក ខូវ ឆាយ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh។



  

ស្ដេចប្រដាល់សកលរបស់ហ្វីលីពីនលោក Manny Pacquiao បានមកកម្ពុជា ជាលើកទី២ កាលពីថ្ងៃទី៣០ ខែឧសភា ហើយនឹងធ្វើជាភ្ញៀវកិត្តយស ទស្សនាការប្រកួត«ហនុមានគុនខ្មែរ» នៅកោះពេជ្រ​ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ 
 
លោក ខូវ ឆាយ ចាត់ទុកថា វត្តមានលោក Pacquiao ជាភ្ញៀវកិត្តិយសនេះ គឺជាសក្ខីភាពបង្ហាញថា រាល់ការប្រកួត និងសកម្មភាពនានា នៃវិស័យប្រដាល់គុនខ្មែរ ត្រូវបានអន្ដរជាតិទទួលស្គាល់ និងកំពុងតាមដាន។​ 

លោក Manny Pacquiao ឡើងថ្លែងពីចំណាប់អារម្មណ៍

ប្រធានសហព័ន្ធរូបនេះ បន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់ Pacquiao មកកម្ពុជា ត្រូវបានអ្នករៀបចំកម្មវិធីប្រដាល់ លាក់ជាការសម្ងាត់ ប៉ុន្ដែក៏នៅតែបែកធ្លាយតាមបណ្ដាសារព័ត៌មានអន្ដរជាតិជាច្រើន។ បើតាមលោក ខូវ ឆាយ ព័ត៌មាននៃដំណើរទស្សនៈកិច្ចនេះ បានធ្វើឲ្យពិភពលោក ស្គាល់គុនខ្មែរកាន់តែច្បាស់ និងកាន់តែចង់ដឹងបន្ថែមទៀត ពីក្បាច់ប្រដាល់ខ្មែរ។

«ស្ដេចប្រដាល់ហ្វីលីពីន ក៏ទទួលស្គាល់ក្បាច់ប្រដាល់គុនខ្មែរ។ វត្តមានរបស់គាត់ និងជួយផ្សព្វផ្សាយប្រដាល់គុនខ្មែរ ឲ្យបានល្បីល្បាញទៅឆាកអន្ដរជាតិ កាន់តែខ្លាំងជាងនេះ។ យើងដឹងហើយថាគាត់ជាអ្នកដែលល្បី ហើយមានអ្នកគាំទ្រនៅគ្រប់ទិសទីជុំវិញពិភពលោក។ ដូច្នេះការចូលរួមរបស់គាត់ នឹងមានការចាប់អារម្មណ៍ចំពោះប្រជាពលរដ្ឋ នៅជុំវិញពិភពលោក ហើយគេនឹងបានស្គាល់ និងបានឃើញនូវព្រឹត្តិការណ៍នានារបស់គុនខ្មែរយើង។»។ លោក ខូវ ឆាយ យល់ឃើញដូច្នេះ។
 
ដោយឡែក គម្រោងទស្សនៈកិច្ចបន្ទាប់របស់ លោក Pacquiao នៅកម្ពុជា មិនត្រូវអ្នករៀបចំកម្មវិធី បញ្ជាក់ឡើយ ដោយទុកជាការសម្ងាត់។ 
 
កាលពីខែធ្នូ ឆ្នាំ២០១៦ ស្ដេចប្រដាល់រូបនេះ បានមកកម្ពុជា ជាមួយ លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន ក្នុងនាមជាសមាជិកព្រឹទ្ធសភា៕

Tag:
 Manny Pacquiao
  ខូវ ឆាយ
  ប្រដាល់ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com