ជាតិ
អ្នកជំនាញសិទ្ធិមនុស្សថា កុមារកាន់តែងាយរងគ្រោះពីការកេងកម្លាំងពលកម្ម ក្នុងសម័យបច្ចេកវិទ្យា
01, Jun 2024 , 9:19 am        
រូបភាព
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ។ រូបពី លីកាដូ
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ។ រូបពី លីកាដូ
ភ្នំពេញ៖ លោក​ អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូអះអាងថា ការកេងកម្លាំងពលកម្មកុមារ ដើម្បីឱ្យជួយរកលុយ ឬទាញប្រយោជន៍ផ្សេងពីកុមារ មានការផ្លាស់ប្ដូរ ពីការបង្ខំឱ្យនៅតាមបណ្ដាសិប្បកម្ម និងរោងចក្រ ទៅជាការប្រើកុមារឱ្យធ្វើការរកលុយ តាមប្រព័ន្ធអនឡាញ។ យ៉ាងណាក៏ដោយ ករណីយកកុមារធ្វើទីផ្សារ ដើម្បីរកលុយ ខ្លះកើតឡើងដោយអចេតនា និងខ្លះទៀតដោយចេតនា។

 
សូមអញ្ជើញស្វែងយកបន្ថែមក្នុងបទសម្ភាស រវាងអ្នកសារព័ត៌មានថ្មីៗ កញ្ញា ឡាយ សុភាវតី និងលោក អំ សំអាត៖ 
 
កញ្ញា ឡាយ សុភាវតី៖ សង្គមកម្ពុជាបច្ចុប្បន្នកំពុងវិវឌ្ឍទៅជាសម័យបច្ចេកវិទ្យា។ ដូចនេះ តើលោក អំ សំអាត កត់សម្គាល់ឃើញការរំលោភសិទ្ធិកុមារ ងាយនឹងបង្កឡើង តាមរូបភាពបែបណាខ្លះ? 
 
លោក អំ សំអាត៖ ទិដ្ឋភាពទូទៅក្នុងសម័យបច្ចេកវិទ្យា យើងឃើញថាកុមារងាយរងគ្រោះកាន់តែខ្លាំងតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងន័យនេះ គឺកុមារងាយរងគ្រោះដោយសារកត្តា រំលោភបំពានផ្លូវភេទតាមអនឡាញ។ ចំណែក ចំណុច ចម្បង គឺអាជីវកម្ម ដែលប្រើប្រាស់កុមារជាកម្លាំងពលកម្មដើម្បីឱ្យជួយ រកលុយនិងផ្សព្វផ្សាយផលិតជាដើម។ យើងមានការព្រួយបារម្ភខ្លាំង លើការរំលោភសិទ្ធិកុមារក្នុងបរិបទថ្មីនេះ ហើយករណីការរំលោភបំពានទាំងអស់នេះ ច្រើនតែត្រូវបានគេមើលរំលង ខណៈសង្គមសព្វថ្ងៃ ផ្ដោតលើករណីបទល្មើសហិង្សាលើកុមារ អាជីវកម្មផ្លូវភេទជាដើម។ 
 
កញ្ញា ឡាយ សុភាវតី៖ សព្វថ្ងៃ ឃើញមានឪពុកម្ដាយ ហើយខ្លះម្ចាស់អាជីវកម្មមួយចំនួន បានយកក្មេងតូច ទៅថតវីដេអូ ដើម្បីរកលុយពីតាមបណ្ដាញសង្គម ក្នុងរូបខ្លះបង្កើតវីដេអូ ខ្លះឱ្យក្មេងឡាយលក់ផលិតផល ខ្លះជួយផ្សព្វផ្សាយផលិតតាមគ្រប់រូបភាពជាដើម។ តើករណីទាំងនេះ អាចចាត់ទុកថា ជាករណីរំលោភបំពានសិទ្ធិពលកម្មកុមារឬទេ? 
លោក អំ សំអាត៖ ករណីទាំងអស់នេះ ជួនការជាករណីរំលោភសិទ្ធិកុមារដោយពុំដឹងខ្លួន ឬអចតនា។ ក្នុងន័យនេះ កុមារត្រូវបានពេលវេលាច្រើន ក្នុងការអភិវឌ្ឍទាំងរាងកាយនិងបញ្ញា។ ហេតុនេះ បើសិនជាយើងយកកុមារ ទៅប្រើប្រាស់ឱ្យឡាយលក់ឬផ្សព្វផ្សាយផលិតផល ហើយប៉ះពាល់ដល់ពេលវេលារបស់ក្មេង ដោយសារក្មេងតូចៗ ពុំទាន់បានយល់និងពិចារណាពីសិទ្ធិរបស់ពួកគេនៅឡើយ គឺគេអាចចាត់ទុកថាយកកុមារធ្វើជំនួញ។ ប៉ុន្តែរូបភាពទាំងអស់នេះត្រូវបានគេមើលរំលង។ 
 
កញ្ញា ឡាយ សុភាវតី៖ ការកេងកម្លាំងពលកម្មកុមារ ដើម្បីទៅពួកគេទៅជួយធ្វើជំនួញនេះ តើក្រៅតែពីកម្ពុជា មានប្រទេសផ្សេងបានគិតគូរលើបញ្ហានេះទេ? 
 
លោក អំ ​សំអាត៖ នៅប្រទេសជឿនលឿនគេបានគិតគូរ។ តែនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ានយើងនេះ ពុំទាន់ឃើញមានប្រទេសណាមួយមានច្បាប់ចែងឱ្យពិតប្រាកដនៅឡើយ។ យ៉ាងណាក៏ដោយ យើងមើលឃើញថា វាជាហានិភ័យខ្ពស់សម្រាប់កុមារ ក្នុងសម័យប្រើប្រាស់បច្ចេកវិទ្យា ពិសេសការរំលោភសិទ្ធិពលកម្ម ឬយកកុមារធ្វើអាជីវកម្ម។ 
 
កញ្ញា ឡាយ សុភាវតី៖ លោកបានសង្កេតឃើញអាជ្ញាធរកម្ពុជា សព្វថ្ងៃបានយកចិត្តទុកដាក់លើការកេងកម្លាំងពលកម្មកុមារ ឱ្យជួយរកលុយតាមប្រព័ន្ធអនឡាញហើយឬនៅ? 
 
លោក អំ ​សំអាត៖ ដូចបានលើកឡើង នៅកម្ពុជាហាក់ផ្ដោយ អាជីវកម្មផ្លូវភេវ និងការកេងកម្លាំងពលកម្មកុមារក្នុងរូបភាពធ្ងន់ធ្ងរ ឬអាក្រក់ៗ។ ប៉ុន្តែ ការយកកុមារទៅឱ្យផ្សព្វផ្សាយផលិតផល និងបង្កើតមាតិការរកលុយនោះ នៅពុំទាន់បានយកចិត្តនៅឡើយទេ។ បើយើងមើលឱ្យជាក់ស្ដែង បើទោះបីជាយកគាត់ទៅជួយផ្សព្វផ្សាយ ឬធ្វើការងាររកលុយតានអនឡាញ ក្នុងអំឡុងពេលកុមារសម្រាកពីការសិក្សា ឬទំនេរ ក៏កុមារត្រូវពេលសម្រាកដើម្បីឱ្យរាងកាយនិងបញ្ញាស្មារតីលូតលាស់បានល្អដែរ។ ដូចនេះ វាប៉ះពាល់ដល់ការលូតលាស់របស់កុមារ។ 
 
កញ្ញា ឡាយ សុភាវតី៖ ងាកទៅក្រុមសង្គមស៊ីវិល តើបានគិតគូរពីបញ្ហារំលោភសិទ្ធិកុមារ ឱ្យពួកគេរកផលប្រយោជន៍តាមបណ្ដាញសង្គមឬទេ? 
លោក អំ ​សំអាត៖ ក្នុងនាមជាអង្គការសង្គមស៊ីវិល យើងបានយកចិត្តទុកដាក់ និងកំពុងសិក្សាលើករណីខាងលើ ព្រោះជារឿងដែលគួរឱ្យចាប់អារមណ៍ ព្រោះជាការរំលោភបំពានសិទ្ធិកុមារ ក្នុងសម័យបច្ចេកវិទ្យាថ្មី។ ព្រោះយើងសង្កេតឃើញថា សកម្មភាពដែលយកកុមារទៅធ្វើជំនួញរកលុយតាមអនឡាញ គឺពុំសមរម្យ។ 
 
កញ្ញា ឡាយ សុភាវតី៖ តើគួរមានវិធានការបែបណា ដើម្បីទប់ស្កាត់និងជួយកុមារ ពីការកេងកម្លាំងពលកម្មកុមារតាមប្រព័ន្ធបច្ចេកវិទ្យា? 
 
លោក អំ សំអាត៖ វាដល់ពេលហើយដែលគ្រប់ភាគីពាក់ព័ន្ធរួមគ្នា ពិសេសស្ថានប័នរដ្ឋ ត្រូវសិក្សាស្រាជ្រាវ និងរកវិធានការទប់ស្កាត់ ដើម្បីឱ្យការរំលោភបំពានសិទ្ធិកុមារកាន់តែរីករាលដាល ដែលអាចនឹងប៉ះពាល់ដល់ផលប្រយោជន៍កុមារនាពេលអនាត។ ទន្ទឹមនឹងនេះ គ្រប់ឪពុកម្ដាយត្រូវចូលរួមសង្កេតសកម្មភាពរបស់ខ្លួនឯងផ្ទាល់ រួមទាំងអ្នកនៅក្បែរក្មេងៗថា មានបានប្រើប្រាស់កុមារដើម្បីទាញយកប្រយោជន៍ រហូតដល់ប៉ះពាល់ដល់ការលូតលាស់កុមារដែររទេ? ជាមួយគ្នាដែរ ក្រសួងពាក់ពា័ន្ធ ក៏គួរពិនិត្យច្បាប់ពាក់ព័ន្ធនឹងកុមារឡើងវិញ លើការឆ្លើយតបនឹងការវិឌ្ឍនៃសង្គម ដើម្បីការងារសិទ្ធិកុមារ ក្នុងសម័យបច្ចេកវិទ្យា៕ 

Tag:
 សិទ្ធិកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com