កីឡាអន្តរជាតិ
អន្តរជាតិ
WSVI៖ ក្លិបបាល់ទះវិសាខា បំបាក់ក្លិបជប៉ុន Saitama Azalea ឡើងវគ្គ ១/២
31, May 2024 , 5:36 pm        
រូបភាព
សមាគមក្លិបបាល់ទះ វិសាខា រកបានជ័យជម្នះជាថ្មី នៅក្នុងការប្រកួតទី៣ របស់ខ្លួន ក្នុងពានរង្វាន់បាល់ទះ Win+ Streak Volleyball Invitational 2024 នៅតៃវ៉ាន់ លើក្រុមមកពីជប៉ុន Saitama Azalea ដោយលទ្ធផលសិត ៣-១ នាថ្ងៃទី៣១ ខែឧសភា។ វិសាខាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយឈរក្នុងនាមក្រុមលេខ២ ក្នុងពូល B។



ការយកឈ្នះទៅលើក្រុមមកពីជប៉ុន លទ្ធផលសិត ៣-១ ជួយរុញច្រានក្រុមបាល់ទះវិសាខា ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីក្លិប Saitama ឆ្លងកាត់ ៣ប្រកួត ឈ្នះ១ និងចាញ់២ ឈរចំណាត់ថ្នាក់លេខ ៣។ វិសាខាឈរនៅចំណាត់ថ្នាក់លេខ ២ ឈរពីក្រោមក្រុមម្ចាស់ផ្ទះ Win Streak។ 
 
ការប្រកួតនៅក្នុងសិតទីមួយ ប៉ះជាមួយក្លិបមកពីជប៉ុន ក្រុមវិសាខា យកឈ្នះទាំងតានតឹងដោយលទ្ធផលពិន្ទុ ២៧-២៥ ប៉ុន្តែនៅសិតទី២ វិសាខា ហាក់មានទម្រង់លេងល្អខ្លាំងឡើងវិញ ដោយយកឈ្នះងាយស្រួល ក្នុងលទ្ធផលពិន្ទុ ២៥-១៨ លើក្រុម Saitama Azalea។ សិតទី៣ ក្រុម Saitama វាយបកឈ្នះការប្រកួតលើ វិសាខា ដែលព្យាយាមតាមពិន្ទុពីក្រោយរហូតតាមស្មើលទ្ធផល ២៥-២៥ តាំងពីលទ្ធផលពិន្ទុ ១៣-២២។ តែយ៉ាងណាក្រុមជប៉ុន មិនបណ្តោយឱ្យរបូតឱកាសឈ្នះ ១សិតមកវិញឡើយ ដោយបញ្ចប់ការប្រកួតក្នុងពិន្ទុ ២៧-២៥។
 
សិតទី៤ កាន់តែស្វិតស្វាញ ក្រុមទាំងសងខាង ប្រដេញតាមពិន្ទុគ្នាទៅវិញទៅមកតាំងពីនាទីដំបូងតែម្តង ដើម្បីស្វែងឱកាសឆ្លងទៅកាន់ការប្រកួតវគ្គបន្ទាប់។ វិសាខា ទោះបីត្រូវបានក្រុម Saitama ចាប់ទម្រង់លេងបានក៏ដោយ ប៉ុន្តែវិសាខា នៅតែអាចរកបានជ័យជម្នះដោយលទ្ធផល ២៥-២៣។
 
កាលពីការប្រកួតថ្ងៃបើកឆាក វិសាខា ឈ្នះក្រុមបាល់ទះ Australian Volleyball Academy របស់អូស្ត្រាលី ក្នុងលទ្ធផល ៣-០ សិត ក្នុងការប្រកួតបើកឆាកវគ្គសន្សំពិន្ទុ។ ប៉ុន្តែការប្រកួតទីពីរ ប៉ះក្រុមម្ចាស់ផ្ទះ Win Streak ដែលមានកីឡាករ វឿន វាសនា លេងឱ្យនោះ វិសាខា បានរងបរាជ័យលទ្ធផល ៣-២ សិតទាំងប្រផិតប្រផើយ នឹងស្វិតស្វាញបំផុត។
 
ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Win Streak ឈរលេខ ១ ចាប់ដៃជាមួយវិសាខា លេខ ២ ចេញពីពូល B ចំណែកក្រុម Saitama Azalea បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៣ និងក្រុម Australia Volleyball Academy នៅចំណាត់ថ្នាក់លេខ ៤៕

Tag:
 បាល់ទះ
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com