កីឡាជាតិ
ជាតិ
Dave Leduc ទារថ្លៃខ្លួន១លានដុល្លារ ក្នុងការត្រឡប់មកសង្វៀនប្រដាល់ និងផ្ដួលកីឡាករមួយថៃ
01, Jun 2024 , 2:59 pm        
រូបភាព
Dave Leduc ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
Dave Leduc ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
លោក Dave Leduc កីឡាករ Lethwei របស់មីយ៉ាន់ម៉ាចង់ឡើងសង្វៀនប្រដាល់វិញ បន្ទាប់ពីបានប្រកាសចូលនិវត្តន៍ ក្រោយការប្រកួតស្មើជាមួយកីឡាករ ព្រំ សំណាង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ កីឡា Lethwei រូបនេះ ប្រាប់ពីតម្លៃខ្លួនក្នុងការវិលត្រឡប់មកអាជីពប្រដាល់វិញ ស្មើ១លានដុល្លារ ប្រសិនជាមានផលិតករណា ព្រមព្រៀងចំពោះចំនួនថវិកាប៉ុណ្ណោះ។



ការប្រកួតស្មើជាមួយ ព្រំ សំណាង នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាលើកចុងក្រោយ ដែល Dave Leduc ឡើងសង្វៀនប្រកួត។ Leduc បានប្រកាសចូលនិវត្តន៍ បន្ទាប់ពីចប់ព្រឹត្តិការណ៍នោះ។

ដោយឡែក កាលពីយប់ថ្ងៃទី៣១ ខែឧសភា Dave Leduc បានប្រាប់សារព័ត៌មានថ្មីៗថា ចង់វិលត្រឡប់មកប្រកួតម្ដងទៀត ប៉ុន្ដែលុះត្រាតែផលិតករផ្ដល់តម្លៃខ្លួនប្រកួត ១លានដុល្លារ។ «ខ្ញុំ ចង់ប្រកួតម្ដងទៀត។ ដូច្នេះ ខ្ញុំនឹងនិយាយជាមួយផលិតករមួយចំនួន ដើម្បីឲ្យដឹងថាអ្នកណាហើយឲ្យតម្លៃខ្លួនខ្ញុំថ្លៃ។ ខ្ញុំ ត្រូវការ ១លានដុល្លារ ដើម្បីមកសង្វៀនប្រដាល់ ម្ដងទៀត។»។ អ្នកប្រដាល់ Lethwei រូបនេះ បាននិយាយដូច្នេះ។


Dave Leduc ថតរូបជាមួយអ្នកគាំទ្រ

ទោះយ៉ាងណា មកទល់ពេលនេះ ពុំទាន់មានកីឡាកររូបណា ធ្លាប់ទទួលបានតម្លៃខ្លួន ១ លានដុល្លារ នោះឡើយ ក្នុងមួយប្រកួតនៅក្នុងប្រទេសកម្ពុជា ហើយក៏ពុំទាន់មានផលិតករ ណា (Promoter) ហ៊ានចំណាយ ដើម្បីហៅកីឡាករមកប្រកួតផងដែរ។ Dave Leduc បន្ដទៀតថា ប្រសិនជាមានផលិតកររូបណា ហ៊ានឲ្យតម្លៃនេះពិតមែន រូបលោក នឹងប្រកួតតែជាមួយកីឡាករ Muay Thai ទេ ព្រោះចង់បំបាក់អំនួតកីឡាករទាំងនោះ។ បន្ថែមជាងនេះទៀត លោក Dave ចាត់ទុកថា Muay Thai ជាក្បាច់គុនចម្លងពីគុនខ្មែរ។

អ្នកប្រដាល់មីយ៉ាន់ម៉ារូបនេះ បាននិយាយថា៖«ហើយប្រសិនជាមានផលិតករណា អាចនាំខ្ញុំទៅសង្វៀនប្រកួតបាន ខ្ញុំនឹងដើរផ្ដួលកីឡាករ Muay Thai។ ខ្ញុំគិតថា Muay Thai គឺលួចចម្លងក្បាច់គុនខ្មែរ។ ខ្ញុំចង់ប្រកួតម្ដង ប៉ុន្ដែផ្ដួលតែកីឡាករ Muay Thai។»។

គួរបញ្ជាក់ថា បន្ទាប់ពីប្រកាសចូលនិវត្តន៍ លោក Dave Leduc បានមករស់នៅកម្ពុជា ទើបបានរយៈពេលជិត៣ខែ ហើយបានបើកអាជីវកម្មផ្ទាល់ខ្លួន ជាក្លិបកីឡាឈ្មោះ«ដាវ» ដែលកំពុងសាងសង់ នៅទួលទំពូង រាជធានីភ្នំពេញ៕
 

Tag:
 Dave Leduc
  ប្រដាល់
  Lethwei
© រក្សាសិទ្ធិដោយ thmeythmey.com