កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Real Madrid ចង់ក្រសោបពានលើកទី១៥ ឯ Dortmund ចង់ឈ្នះពានលើកទី២
01, Jun 2024 , 5:59 pm        
រូបភាព
ជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រវាងក្រុម Real Madrid ទល់នឹងក្រុម Borussia Dortmund ឈានដល់ការប្រកួតនាថ្ងៃទី១ ខែមិថុនា វេលាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។ ក្រុមយក្ស Real Madrid ជាក្រុមសម្លឹងឱកាសឈ្នះពានរង្វាន់ UCL លើកទី១៥ ក្នុងប្រវត្តិសាស្ត្រ ចំណែកឯ Dortmund វិញ ជាក្រុមស្វែងរកការឈ្នះជាលើកទី២។


 
ទាំង Real Madrid និង Dortmund សុទ្ធសឹងតែបានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញក្នុងរដូវកាលនៃលីគនីមួយៗ ក៏ដូចជានៅក្នុងពានរង្វាន់អឺរ៉ុបផងដែរ។ Real Madrid ក្រុមយក្សមកពីអេស្ប៉ាញ ទើបតែឈ្នះពានរង្វាន់ La Liga រួចមកនេះ ត្រូវបានគេមើលឃើញថាអាចក្លាយជាម្ចាស់ជើងឯក UCL សាជាថ្មី ខណៈក្រុមកំពុងមានទម្រង់លេងផងដែរ។
 
Real Madrid ចាប់តាំងពីពួកគេបានក្លាយជាក្រុមម្ចាស់ជើងឯកលីគកំពូលអេស្ប៉ាញ មុនពេល ៣សប្តាហ៍ ជិតបញ្ចប់រដូវកាល រឿងនេះបានជួយដល់ក្រុមពួកគេមានពេលវេលាច្រើនត្រៀមខ្លួន សម្រាប់ជំនួបផ្តាច់ព្រ័ត្រ។ ចំណែក Borussia Dortmund វិញ ពួកគេជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ៥ នៃពានរង្វាន់ Bundesliga ហើយពេលកន្លងមក ការប្រកួតប្រជែងក្នុងលីគ បានធ្វើឱ្យពួកគេខិតខំខ្លាំងមិនបន្ធូរជើង ព្រោះតែត្រូវប្រជែងពិន្ទុ ដើម្បីប្រជែងកៅអី លេងនៅពានកំពូលអឺរ៉ុបរដូវកាលក្រោយ។
 
រវាងក្រុមទាំងពីរ កាលពីពេលមុនធ្លាប់បានប៉ះគ្នាជាច្រើនលើកហើយ ដោយ១៤ប្រកួតដែលក្រុមទាំងជួបគ្នាក្នុងពានអឺរ៉ុប Real Madrid ឈ្នះ៦លើក ហើយ Dortmund ឈ្នះវិញ៣ប្រកួត និងស្មើ៥ប្រកួត។


 
ក្រុម Real Madrid ដឹកនាំដោយលោក Carlo Ancelotti រដូវកាលនេះ គឺនៅសល់តែមួយជំហានទៀតតែប៉ុណ្ណោះ ដើម្បីក្លាយជាក្រុមជើងឯកពានរង្វាន់ UCL ១៥លើក លើសក្រុមណាទាំងអស់ក្នុងប្រវត្តិសាស្ត្រ។ កីឡាករវ័យក្មេងៗជាច្រើន ដែលក្រុម Real Madrid បានពង្រឹងកន្លងមកតែងតែផ្តល់ការប្រកួតដ៏ជក់ចិត្តបំផុត និងតែងស្រែកឃ្លានការប្រជែងយកជ័យជម្នះសម្រាប់ក្រុម។ 
 
ប្រសិនបើ Real Madrid ឈ្នះពានរង្វាន់ជាកំណត់ត្រាទី១៥ របស់ខ្លួន នោះពួកគេក៏នឹងក្លាយជាក្រុមជោគជ័យបំផុតមួយ ដែលឈ្នះពានរង្វាន់ Champions League ដល់ទៅ ៦លើក ក្នុងរយៈពេល ១០ឆ្នាំ។
 
Dortmund​ ធ្លាប់ឈ្នះពាន UCL មួយលើក នៅឆ្នាំ១៩៩៦-៩៧ ហើយកាលពីឆ្នាំ២០១៣ ពួកគេក៏ធ្លាប់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ​ប៉ុន្តែកាលនោះបានត្រឹមចំណាត់ថ្នាក់លេខ ២ ដោយចាញ់ក្រោមថ្វីជើង Bayern Munich នៅក្នុងកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស។ ការប៉ះ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ របស់ Dortmund ក៏ជាការវិលត្រឡប់ទៅប្រកួតក្នុងទឹកដីកីឡដ្ឋាន Wembley សារជាថ្មីសម្រាប់ពួកគេ។
 
មុនជំនួបផ្តាច់ព្រ័ត្រមកដល់ Real Madrid ហាក់មិនមានបញ្ហាជាមួយនឹងបញ្ហារបួសប៉ុន្មានឡើយ​ដោយមានត្រឹមតែកីឡាករ ២រូបប៉ុណ្ណោះ រួមមាន Aurelien Tchouameni និង David Alaba ហើយមានកីឡាករ Andri Lunin ជាប់បម្រាម។ ចំណែក Dortmund មានកីឡាករ Ramy Bensebaini ស្ថិតក្នុងបញ្ជីរបួស​ហើយកីឡាករសំខាន់ដូចគ្នា Sebastian​Haller, Mateu Morey និងJulien Duranville ជាប់បំរាម៕

Tag:
 UEFA Champions League
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com