កីឡាជាតិ
ជាតិ
អបអរសាទរ ក្លិបបាល់ទះវិសាខា ឈ្នះជើងឯក WSVI នៅតៃវ៉ាន់
02, Jun 2024 , 8:30 pm        
រូបភាព
សមាគមក្លិបបាល់ទះវិសាខា ក្លាយជាក្រុមជើងឯកពានរង្វាន់ Win+ Streak Volleyball Invitation (WSVI) ឆ្នាំ ២០២៤ ក្រោយបំបាក់ក្រុម Win Streak ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួត និង មានកីឡាករលំដាប់កំពូលប្រទេសកម្ពុជា វឿន វាសនា ដោយលទ្ធផល ៣-១ សិត ថ្ងៃទី២ ខែមិថុនា នៅត៉ៃវ៉ាន់។



ជាជំនួបវិលប៉ះគ្នាជាថ្មី វិសាខា អាចរកជ័យជម្នះឡើងវិញទៅលើក្រុមម្ចាស់ផ្ទះ Win Streak បន្ទាប់ពីកាលវគ្គចែកពូល ក្រុមរបស់កីឡាករ វឿន វាសនា បានយកឈ្នះក្រុមវិសាខា ដោយលទ្ធផលប្រផិតប្រផើយ ៣-២ សិត កាលថ្ងៃទី៣០ ខែឧសភា។ 
 
ការប្រកួតផ្តាច់ព្រ័ត្រ សិតទី១ វិសាខា ធ្វើបានល្អជាងក្រុមម្ចាស់ផ្ទះ ដោយការប្រដេញពិន្ទុគ្នាទៅវិញទៅមក ដ៏ស្វិតស្វាញ រហូតបញ្ចប់ការប្រកួតក្នុងលទ្ធផលពិន្ទុ ២៥-២៣។ សិតទី២ Win Streak វាយបកយកឈ្នះលើក្រុមវិសាខា របស់កម្ពុជាវិញ ដោយលទ្ធផលប្រទាញប្រទង់គ្នាខ្លាំង ជាមួយពិន្ទុ ២៣-២៥។ 
 
វិសាខា នៅសិតទី៣ មិនបណ្តោយឱ្យខកឱកាសដូចកាលពីសិតទី២ ទៀតឡើយ ក្រុមកីឡាករមានលាយឡំ ទាំងកម្ពូជា និងបារាំង បានបិតបញ្ចប់សិតទី៣ នោះ ដោយលទ្ធផលពិន្ទុ ២៥-២៣ នាំមុខលើក្រុមម្ចាស់ផ្ទះ Win Streak ដើម្បីឆ្លងទៅកាន់ ការកាត់សេចក្តីនៅសិតទី៤។
 
សិតជ័យជម្នះ វិសាខា មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ ពួកគេធ្វើកាន់តែបានល្អជាងសិតមុនៗ វាយនាំមុខខ្លាំងលើក្រុមម្ចាស់ផ្ទះរហូតអាចបញ្ចប់ការប្រកួតក្នុងលទ្ធផលពិន្ទុ ២៥-២២ ដើម្បីក្លាយជាជើងឯកពានរង្វាន់ WSVI ឆ្នាំ ២០២៤។ 
 
កាលពីវគ្គចែកពូល វិសាខា បានប្រកួតយកឈ្នះលើក្រុម Australia Volleyball Academy លទ្ធផល ៣-០ សិត ចាញ់ Win Streak លទ្ធផល ៣-២ សិត និងឈ្នះលើក្រុមជប៉ុន Saitama Azalea លទ្ធផល ៣-១ សិត។
 
សមាសភាពកីឡាករក្រុមវិសាខាទៅចូលរួមប្រកួតការប្រកួតពានរង្វាន់ WSVI នៅតៃវ៉ាន់ រួមមានកីឡាករបារាំងទាំង ៣រូប Francois Rebeyrol, Thomas Gill និង Prierre Toledo ក្រៅពីនោះសុទ្ធតែកីឡាករកម្ពុជា មានប្រធានក្រុម សួន ចាន់ដារូ, ពិន សារុន, ធី ម៉េងហួង, គួន មុំ, សឿន ហេង, មឿន ម៉េងឡាយ, ចាន់ វាសនា, ផល រតនៈ, មួន និមល និងសេង គីមហាប់។
ពានរង្វាន់ WSVI 2024 នឹងមានក្រុមចំនួន ៨ ចូលរួមប្រជែង រួមមានក្រុមម្ចាស់ផ្ទះ Win Streak, សមាគមក្លិបបាល់ទះ វិសាខា របស់កម្ពុជា, ក្លិប Flying Falcon មកពីម៉ាឡេស៊ី, ក្លិប Nature Med Club មកពីប្រទេសម៉ុងហ្គោលី, ក្លិប Long My Construction របស់តៃវ៉ាន់, ក្លិប Saitama Azalea របស់ជប៉ុន, ក្លិប Australian Volleyball Academy មកពីអូស្ត្រាលី និងក្លិប Thanh Pho Ho Chi Minh របស់វៀតណាម៕
 
 

Tag:
 សមាគមក្លិបបាល់ទះវិសាខា
  បាល់ទះ
© រក្សាសិទ្ធិដោយ thmeythmey.com