កីឡាជាតិ
ជាតិ
«ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារ» ប្រមូលបានថវិកាជាង២១លានរៀល ជួយមន្ទីរពេទ្យកុមារអង្គរ
03, Jun 2024 , 10:59 am        
រូបភាព
front-រូបភាព៖ NOCC
front-រូបភាព៖ NOCC
សហព័ន្ធកីឡាទោចក្រយានកម្ពុជា ប្រមួលបានថវិកាពីសប្បុរសធម៌ចំនួនជាង ២១លានរៀល ពីអ្នកចូលរួម «ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារ» ជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។



សហព័ន្ធកីឡាទោចក្រយានកម្ពុជា នៅថ្ងៃទី១ ខែមិថុនា បានរៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារ ដោយមានអ្នកចូលរួម​ជាង៥០០នាក់ ជិះកង់ពីភ្នំពេញ ទៅកាន់ទឹកដីសៀមរាប ក្នុងចម្ងាយ ៣១០គីឡូម៉ែត្រ។
 
ក្នុងចំណោមអ្នកចូលរួមជាង៥០០នាក់ មាន២៣០នាក់ បានបង់ប្រាក់សប្បុរសធម៌ ដើម្បីបានចូលរួមកម្មវិធី ដោយតម្រូវឱ្យក្នុងម្នាក់ចំណាយ២៥ដុល្លារ និងក្រៅពីនោះជាកីឡាករ-ការិនី ជិះអមកម្មវិធី។ បើតាមការបញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា ថវិកាមួយចំនួនដែលទទួលបានពីការបង់ប្រាក់ចូលរួមនេះ ត្រូវយកទៅចំណាយលើថ្លៃរៀបចំកម្មវិធី និងមួយចំណែកយកទៅជួយមន្ទីរពេទ្យកុមារអង្គរ។
  


តាមការផ្សាយរបស់សហព័ន្ធកីឡាទោចក្រយានកម្ពុជា «ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារ» បានប្រមូលថវិកាចំនួន ២១​ ១១១ ១១១រៀល ដើម្បីប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ។
 
បើតាមវីដូបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់គណៈកម្មកាធីការអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធកីឡាទោចក្រយានកម្ពុជា គ្រោង​រៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានេះម្តងទៀតនៅ​ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាវិញម្តង។

សូមបញ្ជាក់ផងថា ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារ នឹងធ្វើនៅថ្ងៃទី១ ខែមិថុនា ជាព្រឹត្តិការណ៍លើកដំបូងរបស់សហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្នុងគោលបំណង ដើម្បីប្រមូលថវិកាសប្បុរសធម៌ជួយមន្ទីរពេទ្យកុមារអង្គរ និងលើកម្ពស់វិស័យកីឡាជិះកង់នៅកម្ពុជា។ ដោយឡែកកម្មវិធីលើកដំបូងនេះ ក៏ទទួលបានការចូលរួមពីជនបរទេសមួយចំនួនមកពី រុស្ស៊ី បារាំង ហ្វីលីពីន និងវៀតណាមផងដែរ៕
 

 


Tag:
 នូ ចំរើន
  ជិះកង់
© រក្សាសិទ្ធិដោយ thmeythmey.com