អ្នកគាំទ្រក្រុម Real Madrid ជិត ១០ម៉ឺននាក់ បានជួបជុំគ្នាកណ្តាលទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ អបអរក្រុមរបស់ពួកគេ ឈ្នះជើងឯក UEFA Champions League លើកទី១៥ ក្នុងប្រវត្តិសាស្ត្រ។ Real Madrid ឈ្នះ Borussia Dortmund លទ្ធផល ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅក្នុងកីឡដ្ឋាន Wembley កាលពីថ្ងៃទី១ ខែមិថុនា។
ក្រុមម្ចាស់ពាន UCL ១៥សម័យ បានជួបជុំគ្នាធ្វើពិធីអបអរពានរង្វាន់ដែលឈ្នះក្នុងរដូវកាល ២០២៣-២៤ ដោយការធ្វើដំណើរនៅលើរថយន្តក្រុងបើកដំបូល ដើម្បីឱ្យអ្នកគាំទ្របានចូលកាន់តែជិតនឹងក្រុមកីឡាករដែលខ្លួនស្រលាញ់ចូលចិត្ត។
ជំនួបក្នុងកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស កាលពីថ្ងៃទី១ ខែមិថុនា Real Madrid ពិតជាស័ក្តិសមជាម្ចាស់ជើងឯកក្លិបកំពូលតំបន់អឺរ៉ុប ដោយពួកគេបានបំបាក់លើក្រុមមកពីអាល្លឺម៉ង់ Dortmund លទ្ធផល ២-០។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ Dortmund ជាក្រុមដែលវាយសម្រុកខ្លាំងលើក្រុមរហស្សនាមអធិរាជស ប៉ុន្តែយ៉ាងណា ក្រុមមកពីអាល្លឺម៉ង់ នៅតែភ្លាត់ស្នៀត ពីបច្ចេកទេស និងសមត្ថភាពដ៏ខ្លាំងរបស់ Real Madrid។
ក្រឡែកមកទីក្រុងម៉ាឌ្រីដវិញ ក្រុមអ្នកគាំទ្រទាំងក្មេងចាស់ប្រុសស្រី នាំគ្នាចេញមកអ៊ូអរ ជួបជុំគ្នានៅបរិវេណទីលានក្បែរកីឡដ្ឋាន Santiago Bernabue ដើម្បីរង់ចាំអបអរពានរង្វាន់មួយក្រុមកីឡាករ Real Madrid។
![](https://image.thmeythmey.com/pictures/2024/06/03/a__1_.jpg)
អ្នកគាំទ្រប្រមាណ ១០ម៉ឺននាក់ នាំគ្នាឈរត្រៀបត្រា ពេញដងផ្លូវ ដែលត្រូវដង្ហែរក្បួនអបអរពាន ហើយអ្នកគាំទ្រផ្សេងទៀតនោះ បានស្លៀកពាក់អាវក្រុម Real Madrid តែម្តង ដោយមើលពីលើអាកាសទៅឃើញតែពណ៌សរ ដែលតំណាងឱ្យពណ៌របស់ក្រុម បង្ហាញសម្រស់ដ៏អស្ចារ្យមួយ។ ពិធីដង្ហែរពាន និងអបអរពានរង្វាន់នានា តែងធ្វើឡើងនៅតំបន់ក្បែមាត់ទឹកស្ថិតក្នុងក្រុង Cibeles Fountain ដែល Real Madrid តែងប្រើប្រាស់ទីតាំងនេះ។
ស្ថិតក្នុងពីធីដដែលនោះ នៅពេលក្រុមកីឡាករបានវិលត្រឡប់មកដល់ទីក្រុងវិញ ពួកគេក៏ត្រូវបានទទួលយ៉ាងកក់ក្តៅពីអ្នកស្រី Almudena Cathedral ដែលជាតំណាងអាសនៈនៃរដ្ឋាភិបាលក្នុងតំបន់របស់ទីក្រុងម៉ាឌ្រីដ។ ប្រធានក្លិបលោក Florentino Perez បានដឹកនាំក្រុមមកធ្វើពិធីអបអរជ័យជម្នះ។
ពេលរថយន្តក្រុងធ្វើដំណើរអបអរពាន មន្ត្រីប៉ូលិសជាច្រើនបានឈរអម ដោយនៅខាងមុខរថយន្តដង្ហែរ មានមន្ត្រីប៉ូលិសជិះសេះសរ ចំនួន ៤ ដើម្បីបើកផ្លូវ ធ្វើដំណើរឈ្មោះទៅកាន់ទីតាំងរូបសំណាក់ទេពធីតា Phrygian Cybele។ នៅត្រង់ចំណុចរូបសំណាក់ទេពធីតា Phrygian Cybele កីឡាករប្រធានក្រុម Nacho បានយកកន្សែងបង់ករ របស់ក្រុម Real Madrid ទៅបំពាក់លើរូបសំណាក់ ដូចអតីតប្រធានក្រុមពីមុនធ្លាប់បានធ្វើ រាល់ពេលដែលក្រុមឈ្នះពានរង្វាន់ក្នុងរដូវកាលនីមួយៗ។
ពិធីដង្ហែរ ត្រូវបន្តទៅបញ្ចប់នៅក្នុងកីឡដ្ឋាន Santiago Bernadeu ជាមួយនឹងកីឡដ្ឋានបានរៀបចំឆាកកម្មវិធីដ៏ពិសេសដើម្បីបន្តភាពសប្បាយរីករាយ នៃការឈ្នះពាន UEFA Champions League ជាមួយនឹងអ្នកគាំទ្របន្តទៀត។ ខ្សែបម្រើ Luka Modric ក្នុងកម្មវិធីស្ថិតក្នុងកីឡដ្ឋាន រូបគេបានអះអាងថានឹងស្នាក់នៅបន្តជាមួយក្លិបបន្តទៀត៕