កីឡាជាតិ
ជាតិ
លោក សិរីពិសិដ្ឋ៖ វិសាខា ទៅតៃវ៉ាន់ដើម្បីដណ្តើមជើងឯក មិនមែនដើម្បីបទពិសោធន៍
03, Jun 2024 , 6:59 pm        
រូបភាព
សមាគមក្លិបបាល់ទះ វិសាខា ទៅកាន់ការប្រកួតពានរង្វាន់នៅក្នុងតៃវ៉ាន់ ដើម្បីដណ្តើមជើងឯក មិនមែនដើម្បីដកស្រង់បទពិសោធន៍ទៀតនោះឡើយ។​ នេះជាការអះអាងរបស់ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា (VFC) ក្រោយដឹកនាំក្រុមបាល់ទះវិសាខា ក្លាយជាជើងឯកពានរង្វាន់ Win+ Streak Volleyball Invitational (WSVI) នៅតៃវ៉ាន់។



លោកអគ្គលេខាធិការសហព័ន្ធបាល់ទះ បាននិយាយប្រាប់មកកាន់សារព័ត៌មានថ្មីៗតាមរយៈបណ្តាញសង្គមតេឡេក្រាមដូច្នេះថា៖«យើង កម្ពុជាទោះបីមានអ្វីកើតឡើងក៏ដោយ គឺយើងនឹងតស៊ូដល់ទីបញ្ចប់។ យើងមកទីនេះគឺដើម្បីមកយកជើងឯក មិនមែនមកដកពិសោធន៍ទៀតឡើយ។»។
បន្ថែមពីនេះ លោក សិរីពិសិដ្ឋ ក៏បានផ្ញើក្តីនឹករលឹក ក៏ដូចជាជ័យជម្នះរបស់ក្រុមបាល់ទះ វិសាខា ទាំងមូលទៅកាន់ក្រុមកីឡាករដែលមានវត្តមានក្នុងការប្រកួត ក៏ដូចទៅកាន់ប្រជាជនកម្ពុជាទាំងអស់ផងដែរ។
 
ក្រុមបាល់ទះ វិសាខា មិនធ្វើឱ្យអ្នកគាំទ្រខកចិត្ត ដោយខ្លួនបានក្លាយជាក្រុមជើងឯកពានរង្វាន់ WSVI នៅតៃវ៉ាន់ តាមរយៈការយកឈ្នះម្ចាស់ផ្ទះ Win Streak ដែលមានកីឡាករ វឿន វាសនា កំពុងប្រកបអាជីពនៅវគ្គផ្តាច់ព្រ័ត្រ។ 
  


នៅការប្រកួតផ្តាច់ព្រ័ត្រ ដ៏ប្រទាញប្រទង់ វិសាខា ធ្វើបានល្អខ្លាំង ដោយបានយកឈ្នះការប្រកួតលទ្ធផល ៣-១ សិត (២៥-២៣, ២៣-២៥, ២៥-២៣, ២៥-២៣) ដែលការប្រកួតធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា។ ជ័យជន្នះជើងឯក ក៏ជាការវាយបកឈ្នះលើក្រុមរបស់កីឡាករ វឿន វាសនា បន្ទាប់កាលពីវគ្គចែកពូល វិសាខា បានចាញ់ទាំងប្រផិតប្រផើយលទ្ធផល ៣-២សិត។ 
 
កាលពីចែកពូល វិសាខា បញ្ចប់ចំណាត់ថ្នាក់លេខ ២ ពូល B ដោយបានប្រកួតយកឈ្នះលើក្រុម Australia Volleyball Academy លទ្ធផល ៣-០ សិត ប្រកួតចាញ់ Win Streak លទ្ធផល ៣-២ សិត និងយកឈ្នះលើក្រុមជប៉ុន Saitama Azalea លទ្ធផល ៣-១ សិត។ ឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិសាខា បន្តធ្វើបានល្អ ដោយទម្លាក់ក្រុម Flying Falcon មកពីម៉ាឡេស៊ី មុនឡើងទៅយកជ័យជម្នះលើក្រុម Win Streak នៅវគ្គផ្តាច់ព្រ័ត្រ។ 
 
ក្រុមបាល់ទះ វិសាខា ក្រោយជ័យជម្នះពានរង្វាន់ WSVI នៅតៃវ៉ាន់ រួចមក ក្រុមកីឡាករ រួមទាំងថ្នាក់ដឹកនាំក្រុមដែលមាន លោក សិរីពិសិដ្ឋ ផងនោះ នឹងវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅវេលាម៉ោង ៤រសៀល ថ្ងៃទី៣ ខែមិថុនា៕



Tag:
 វិសាខា
  បាល់ទះ
  អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com