កីឡាអន្តរជាតិ
អន្តរជាតិ
ភាពរីកចម្រើនដ៏រហ័សរបស់ Bellingham នឹងជួយអង់គ្លេសធ្វើព្យុះភ្លៀងនៅ Euro 2024!
04, Jun 2024 , 1:58 pm        
រូបភាព
ខ្សែបម្រើប្រយុទ្ធ ​Jude Bellingham ដែលរីកចម្រើនយ៉ាងឆាប់រហ័សនៅក្លិបយក្ស Real Madrid នឹងអាចជួយនាំក្រុមជម្រើសជាតិអង់គ្លេស ឡើងទៅកាន់កម្រិតថ្មីមួយបន្ថែមទៀត សម្រាប់ព្រឹត្តិការណ៍ UEFA Euro 2024។ លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ក៏នឹងអាចដាក់ក្តីរំពឹងលើកីឡាករវ័យ ២០ឆ្នាំ បន្ទាប់ពីរូបគេទទួលបានភាពជោគជ័យនៅក្លិប Real Madrid រដូវកាល ២០២៣-២៤ ដោយជួយក្រុមឈ្នះ La Liga និង UEFA Champions League។



កន្លងមក ក្រុមរហស្សនាមតោកំណាចអង់គ្លេស ហាក់បីមានបញ្ហាជាប់គាំង ក្នុងការស្វែងរកកីឡាករដែលមានឱកាសនាំជ័យជម្នះក្នុងការប្រកួតមកចូលរួមក្រុម សម្រាប់ការប្រជែងពានរង្វាន់ Euro 2024។ ប៉ុន្តែ Jude Bellingham កំពុងតែក្លាយជាកីឡាករមួយរូប ដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតមួយ សម្រាប់ជម្រើសជាតិ ក៏ដូចជាការនាំក្រុមឈានដល់ការឈ្នះពានអន្តរជាតិលើកដំបូងតាំងពីឆ្នាំ ១៩៦៦។ 
 
រដូវកាលដំបូងនៅក្លិប Real Madrid កីឡាករវ័យ ២០ឆ្នាំ បានធ្វើព្យុះភ្លៀងក្នុងក្របខណ្ឌ La Liga ក៏ដូចជាពានរង្វាន់អឺរ៉ុប UEFA Champions League ចាប់តាំងពីរូបគេបានផ្ទេរចេញពីក្រុម Borussia Dortmund។ 
 
Real Madrid ចាយប្រាក់នាំយក Bellingham ពីក្លិបក្នុងលីគអាល្លឺម៉ង់ តម្លៃ ១៣០,៥លានដុល្លារ ហើយកីឡាករសញ្ជាតិអង់គ្លេស កាន់តែមានភាពល្បីល្បាញខ្លាំងថែមទៀត ពេលគេស៊ុតគ្រាប់បាល់បញ្ចូលទីនៅត្រឹមការបង្ហាញខ្លួនលើកដំបូងឱ្យក្រុម។ 
 
បន្ទាប់ពី សម្រេចគោលដៅ ជួយក្រុម Real Madrid ឈ្នះពានរង្វាន់លីគកំពូល ក៏ដូចជា Champions League រួច ពេលនេះ Bellingham មានឱកាសក្នុងការផ្តោតទៅការងារក្រុមជម្រើសជាតិវិញម្តង។
 
Bellingham បានចូលរួមក្រុមជម្រើសជាតិអង់គ្លេសដំបូង ពេលគេមានអាយុ ១៧ឆ្នាំ ហើយគិតមកដល់ពេលនេះ រូបគាមានវត្តមានចំនួន ២៩លើករួចមកហើយ។ កាលព្រឹត្តិការណ៍ Euro 2020 ដែលអង់គ្លេសចាញ់វគ្គផ្តាច់ព្រ័ត្រក្រោមថ្វីជើងអ៊ីតាលី ក្នុងវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ កីឡាករវ័យ ២០ឆ្នាំ មានឈ្មោះក្នុងក្រុម ប៉ុន្តែមិនត្រូវបានដាក់ឱ្យចូលលេងឡើយ។
 
ទោះបែបណា ពេលនេះ Bellingham អាចនឹងត្រូវស្ថិតក្នុងនាមជាកីឡាករជាប់ជម្រើស ១១នាក់ដំបូងដោយស្វ័យប្រវត្តិរួចទៅហើយ រួមជាមួយនឹងខ្សែប្រយុទ្ធប្រធានក្រុម Harry Kane សម្រាប់ការនាំយកជម្រើសជាតិទៅកាន់ការប្រជែងពានជាថ្មី។ 
 
Bellingham មានការវិវត្តិខ្លួនយ៉ាងឆាប់រហ័ស ដោយគេចាប់ផ្តើមអាជីពលើកដំបូងក្នុងវ័យ ១៧ឆ្នាំ នៅក្លិប Birmingham City មុនពេលផ្លាស់ទៅ Borussia Dortmund លេងបានត្រឹមតែ ១រដូវកាល ហើយក៏ត្រូវបានក្លិប Real Madrid ចាប់អារម្មណ៍ទិញយករូបគេតែម្តង។
 
Bellingham នៅពេលនេះ ប្រៀបបានជាអំណោយដ៏ពិសេសមួយ សម្រាប់ក្រុមតោកំណាច់អង់គ្លេស ប្រសិបបើក្រុម អាចនឹងដណ្តើមបាន Euro 2024 នៅក្នុងប្រទេសអាល្លឺម៉ង់បានសម្រេចពិតមែន។ ទោះយ៉ាងណា ពឹងទៅលើតែ Bellingham មួយរូបក៏ពិបាកក្នុងការយកឈ្នះការប្រកួតនានាផងដែរ ដោយក្រុមជម្រើសជាតិអង់គ្លេស ត្រូវពង្រឹងនៅតំបន់ការពារសម្រាប់ការប្រជែងរកជើងឯកអឺរ៉ុប ឆ្នាំ២០២៤នេះ៕

Tag:
 Jude Bellingham
  អង់គ្លេស
  Gareth Southgate
© រក្សាសិទ្ធិដោយ thmeythmey.com