កីឡាអន្តរជាតិ
អន្តរជាតិ
បញ្ចប់ការផ្លាស់ទៅ Real តែ Mbappe មានភារកិច្ចជួយបារាំងប្រជែង Euro 2024
05, Jun 2024 , 3:10 pm        
រូបភាព
Kylian Mbappe បានបង្ហាញក្តីរំភើប ចំពោះការផ្លាស់ទៅកាន់ Real Madrid ជាក្លិបក្តីស្រមៃតាំងពិវ័យកុមារ ប៉ុន្តែប្រធានក្រុមជម្រើសជាតិបារាំង នៅមិនទាន់អាចធ្វើដំណើរទៅកាន់ក្លិបថ្មីបាននៅឡើយ ខណៈរូបគេកំពុងតែផ្តោតអារម្មណ៍ទៅលើការប្រកួតប្រជែងព្រឹត្តិការណ៍ UEFA Euro 2024។



Mbappe ចូលរួមជាមួយនឹង Real Madrid កាលពីថ្ងៃទី៣ ខែមិថុនា បន្ទាប់ពីកិច្ចសន្យារបស់គេជាមួយក្លិប Paris Saint Germain ឈានដល់ទីបញ្ចប់ ហើយរឿងរ៉ាវនៃការផ្ទេរទីបំផុតត្រូវបានបិទបញ្ចប់។ Mbappe បានបង្ហាញអារម្មណ៍ធូរស្រាល ពីបញ្ហានៃការផ្លាស់ទៅកាន់ក្លិបថ្មី ប៉ុន្តែស្ថិតក្នុងសន្និសីទ អំឡុងការប្រកួតមិត្តភាពរបស់ក្រុមបារាំង កីឡាករវ័យ ២៥ឆ្នាំ ថាខ្លួនចង់ផ្តោតទៅលើជម្រើសជាតិបារាំងជាមុនសិន។
 
«ខ្ញុំចង់បង្ហាញអារម្មណ៍ខ្ញុំជាមុន មុនពេលសន្និសីទកាសែត។ គ្រប់គ្នាបានដឹងរួចហើយពីព័ត៌មាន ជាផ្លូវការហើយ ខ្ញុំនឹងក្លាយជាកីឡាកររបស់ Real Madrid សម្រាប់ ៥រដូវកាល។ វាពិតជារឿងដ៏រីករាយ សុបិនក្លាយជាការពិត ហើយវាគួរឱ្យរំភើបណាស់ ខ្ញុំសប្បាយចិត្តណាស់ដែលបានរំដោះឱ្យបានធូរស្រាល និងមានមោទកភាពយ៉ាងខ្លាំង នេះគឺជាក្លិបដែលខ្ញុំតែងតែស្រមៃចង់ទៅលេង ដូច្នេះខ្ញុំចង់អរគុណពួកគេ។»។ Mbappe បាននិយាយនៅក្នុងសន្និសីទកាសែតមុនការប្រកួតទល់នឹងក្រុមលុចសាំបួ បែបនេះ។
 
ទោះយ៉ាងណា បន្ទាប់ពីបានបង្ហាញក្តីរំភើបទៅកាន់ក្រុមអ្នកសារព័ត៌មានរួច កីឡាករវ័យ ២៥ឆ្នាំ ក៏បានអះអាងច្បាស់លាស់ ថាគេនឹងមិននិយាយអ្វីបន្ថែមទៀតឡើយចំពោះរឿងរ៉ាវនៅក្លិបថ្មី ខណៈបារាំងកំពុងតែសម្លឹងការឈ្នះពានទ្វីបអឺរ៉ុបលើកដំបូងតាំងពីឆ្នាំ ២០០០ មក។ Mbappe បានបន្តដូច្នេះ៖«វាជាថ្ងៃដ៏អស្ចារ្យសម្រាប់ខ្ញុំ ប៉ុន្តែជាទំនួសខុសត្រូវ ក្នុងនាមជាប្រធានក្រុមបារាំង ហើយកាលៈទេសៈនេះ ខ្ញុំត្រូវតែគិតលើជម្រើសជាតិជាមុនសិន។ ខ្ញុំនឹងថាមិនយុត្តិធម៌ទេសម្រាប់អ្នកកាសែត​ ប៉ុន្តែខ្ញុំគ្រាន់តែឆ្លើយទៅនឹងសំណួរ ទាក់នឹងនឹងក្រុមជម្រើសជាតិប៉ុណ្ណោះ ខ្ញុំចង់ការពារក្រុមរបស់ខ្ញុំ ហើយវាក៏ជារយៈពេលយូមកហើយដែរ ចាប់តាំងពីយើងឈ្នះពានអឺរ៉ុប ២៤ឆ្នាំមុន វាយូខ្លាំងណាស់។»។
 
រដូវកាល ២០២៣-២៤ ជារដូវកាលដ៏ចលាចលមួយសម្រាប់ Mbappe ដោយគេបានបញ្ជាក់តាំងពីដើមរដូវកាលថាគេនឹងមិនបន្តកិច្ចសន្យាជាមួយក្លិប PSG នឹងការចាកចេញដោយមិនយកប្រាក់ឧបត្ថម្ភលើកទឹកចិត្តអ្វីទាំងអស់។ ប៉ុន្តែទូទាំងរដូវកាល Mbappe នៅតែបំពេញការងារក្នុងនាមជាកីឡាករ PSG ដោយរកបាន ៤៤គ្រាប់ គឺជាការរកបានគ្រាប់បាល់ច្រើនបំផុត និងលើកដំបូងរបស់គេប្រចាំរដូវកាល ហើយថែមទាំងនាំក្រុមឈ្នះពានលីគ Ligue និង French Cup។
 
សម្រាប់ Euro 2024 កីឡាករវ័យ ២៥ឆ្នាំ ត្រៀមឈានជើងចូលការប្រកួតអន្តរជាតិលើកទី៤ របស់ខ្លួនជាមួយបារាំង បន្ទាប់ពីការបង្ហាញខ្លួននៅពានរង្វាន់អន្តរជាតិលើកដំបូង ព្រឹត្តិការណ៍ World Cup 2018 កីឡាករប្រធានក្រុមបារាំងបានឈ្នះពានពិភពលោកតែម្តង។ ឆ្នាំ ២០២០ ព្រឹត្តិការណ៍ Euro បារាំងធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ ១៦ក្រុម ហើយនៅព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ពួកគេបានត្រឹមតំណែងជើងឯករង។
 
បច្ចុប្បន្នបារាំងកំពុងមានការប្រកួតមិត្តភាពកម្តៅសាច់ដុំទល់នឹងក្រុម លុចសាំបួ នៅក្នុងទីក្រុង Metz ថ្ងៃទី៥ ខែមិថុនា ហើយការប្រកួតមិត្តភាពចុងក្រោយនៅថ្ងៃទី៩ ខែមិថុនា ទល់នឹងក្រុមកាណាដា។ ក្រោយបញ្ចប់ប្រកួតមិត្តភាព បារាំង ធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយវគ្គចែកពូលបារាំង នៅក្នុងពូលជាមួយហូឡង់ ប៉ូឡូញ និងអូទ្រីស ស្ថិតក្នុងពូល D៕

Tag:
 Real Madrid
  Kylian Mbappe
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com