ជាតិ
NGO និងសហជីព ថា កម្មវិធី BFC របស់ ILO មិនបានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមរបស់សហជីពឡើយ
05, Jun 2024 , 4:18 pm        
រូបភាព
កម្មករចេញតវ៉ានាពេលកន្លងមក។ រូបពី សង់ត្រាល់
កម្មករចេញតវ៉ានាពេលកន្លងមក។ រូបពី សង់ត្រាល់
ភ្នំពេញ៖ ​អង្គការ CENTRAL, សហព័ន្ធសហជីពកម្ពុជា (CATU), សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា(C.CAWDU) និង Solidar Suisse  បានចេញរបាយការណ៍រួមគ្នា ទាមទារឱ្យមានការពិនិត្យឡើងវិញលើគម្រោង BFC (Better Factories Cambodia) របស់ ILO ពិសេសពាក់ព័ន្ធនឹងការចងក្រងឯកសារស្ដីពី សេរីភាពសហជីព(FOA)។

 
សង្គមស៊ីវិល និងសហជីពទាំងនោះ បានលើកឡើងថា គម្រោង BFC ពុំ​មានសារប្រយោជន៍ក្នុងការ​ដោះស្រាយ​ពាក្យ​បណ្ដឹង ស្ដីពីភាព​អនុលោមតាមច្បាប់​ទាក់ទងជាមួយ FOA ទេ ។ ពួកគេ បានបន្ថែមថា របាយការណ៍ភាពអនុលោមតាមច្បាប់របស់ BFC ក៏ពុំ​មានសុក្រឹត្យភាព និងមិនបាន​ឆ្លុះបញ្ចាំង​អំពីតថភាពជាក់ស្ដែងនៃមូលដ្ឋានឡើយ។ 
 
ក្នុងរបាយការណ៍ស្ដីពី «ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាពសហជីពក្នុងប្រទេសកម្ពុជា» របស់ក្រុមសង្គមស៊ីវិល និងសហជីពខាងលើ បានអះអាងថា តថភាពជាក់ស្ដែងរបស់សហជីពបច្ចុប្បន្ន ប្រឈមការគំរាមកំហែង និងបំភិតបំភ័យ។ ក្នុងរបាយការណ៍នេះ សង្គមស៊ីវិល និងសហជីព បានសង្កត់ធ្ងន់ថា ពួកគេបានចំណាយពេលជាង១ឆ្នាំ ដើម្បីសម្ភាសជាមួយថ្នាក់ដឹកនាំសហជីព ដែលបម្រើការងារនៅក្នុងរោងចក្រ ដែលបានចុះបញ្ជីជាមួយគម្រោង BFC។ 
 
«នៅក្នុងរោងចក្រ​ចំនួន១៤ ដែលយើងបានសិក្សា​និងចុះសម្ភាសន៍ សុទ្ធ​តែ​បាន​ពិន្ធុ​ដ៏ល្អឥតខ្ចោះពី BFC លើលក្ខខណ្ឌវិនិច្ឆ័យស្ដីពី FOA ក្ដី ប៉ុន្តែ​អ្នកតំណាង​សហជីពនៃរោងចក្រចំនួន១០ ក្នុងចំណោម​រោងចក្រទាំង១៤នោះ ពួកគេ​បាន​ជួបប្រទះឧបសគ្គរារាំងសម្រាប់ ​FOA ក្នុងនោះរួម​មាន​ទាំង​ការ​បំភិត​បំភ័យផ្ទាល់​មាត់ ការគំរាម​កំហែង ការយាយី និងការដាក់​ក្នុង​បញ្ជី​ខ្មៅ ​ដែលជាហេតុធ្វើឱ្យ​ប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ​លើសមត្ថភាព ​ក្នុងការបំពេញ​មុខងារ​របស់ពួកគេ»។ ក្រុមសង្គមស៊ីវិលបានអះអាងបែបនេះ ក្នុងរបាយការណ៍ចេញផ្សាយ កាលពីថ្ងៃទី៤មិថុនា។ 
 
ថ្វីបើ​កម្ពុជា បានធានាសហជីពតាម​ផ្លូវច្បាប់​ក្ដី ប៉ុន្តែ​ឧបសគ្គផ្នែករចនាសម្ព័ន្ធ និង​ផ្នែកប្រតិបត្តិការ​ បានរារាំង​កម្មករនិយោជិត និង​សហជីព​ មិនឱ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ​បាន​ពេញលេញឡើយ។ នៅហួសពីជញ្ជាំង​រោងចក្រ ​មាន​ឧបសគ្គរារាំង​ជាច្រើនទៀត ដូចជា ផ្នែករដ្ឋបាល ​ផ្នែកយុត្តិធម៌ ការ​ចុះបញ្ជិកាសហជីព ព្រមទាំងការចុះខ្សោយ​នៃ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាលជាដើម។ ទាំងនេះ ជាការលំបាករបស់សហជីពនៅកម្ពុជា ដែលក្រុមសង្គមស៊ីវិលបានលើកឡើងនៅក្នុងរបាយការណ៍។ 
 
ពាក់ព័ន្ធនឹងការរិះគន់ពីសេរីភាពសហជីពនៅកម្ពុជា លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ បានច្រានចោល ហើយអះអាងថា សេរីភាពសហជីពនៅកម្ពុជា មិនមានសភាព ដូចការលើកឡើងក្នុងរបាយការណ៍ខាងលើឡើយ។ អ្នកនាំពាក្យរូបនេះ ប្រាប់សារព័ត៌មានថ្មីៗថា កម្ពុជាមានលំហសេរីភាពសហជីពទូលំទូលាយ ដោយសហជីព រួមទាំងសកម្មជនសហជីព បានប្រើប្រាស់សិទ្ធិ និងសេរីភាពដោយសេរី។ 
 
«តាមរយៈនេះហើយ ទើបមានការបង្កើតសហជីព និងអង្គការវិជ្ជាជីវៈ ជាង ៦០០០ ។ បើមានការរិតត្បិត បំភិតបំភ័យ ធ្វើទុកបុកម្នេញសហជីពនោះ មិនមានសហជីពដ៏ច្រើនបែបនេះទេ»។ លោក កត្តា អ៊ន សង្កត់ធ្ងន់បែបនេះ ហើយបន្តថា ជនណាដែលរំលោភបំពានច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយការអនុវត្តច្បាប់ មិនមែនជាការបំភិតបំភ័យសហជីពទេ។
 
កម្មវិធីរោងចក្រ​កាន់​តែប្រសើរ​នៅកម្ពុជា (BFC) ជាគម្រោងរបស់អង្គការអន្តរជាតិខាងការងារ(ILO) ដែលត្រួតពិនិត្យនិងវាយតម្លៃការអនុលោមច្បាប់របស់រោងចក្រវាយនភណ្ឌ សម្រាប់ការនាំចេញ។ លើសពីនេះ លទ្ធផលដែលចេញដោយ BFC ត្រូវធៀបជាមួយស្ដង់ដាការងារអន្តរជាតិ ដើម្បីផ្ដល់ព័ត៌មានទាំងនោះ ទៅកាន់អ្នកបញ្ជាទិញ ឬភាគីម្ចាស់ម៉ាកយីហោ ឱ្យដឹងពីលក្ខខណ្ឌការងារ នៅតាមបណ្ដារោងចក្រកាត់ដេរ។ បច្ចុប្បន្ន BFC វាយតម្លៃលើ​លក្ខខណ្ឌការងារក្នុង​រោងចក្រ​ចំនួន ៧០៣ រោងចក្រ​នៅទូទាំងកម្ពុជា ដែលមានកម្មករនិយោជិតប្រមាណ ៦៥១ ០០០ នាក់។
 
សហជីព ​​បានស្នើទៅអ្នកកាន់គម្រោង BFC ជួយ​កត់ត្រា​ចងក្រង​អំពីភាពមិន​អនុលោម​តាម​ច្បាប់​ និង​សុក្រឹត​អំពីការរំលោភបំពានសេរីភាពសហជីព (FOA) ទៅដល់ម្ចាស់​ម៉ាកយីហោ ឬអ្នកបញ្ជាទិញ ឱ្យបានពិចារណាផង។ 
 
ពួកគេបន្ថែមថា៖ «ប្រសិនរបាយការណ៍ទាំងនេះ(BFC) ពុំ​បាន​ចាប់​យក​នូវ​ការរំលោភបំពាន​ទេនោះ ជាលទ្ធផល​ធ្វើ​ឱ្យ​មាន​ការបង្ក្រាបសហជីពដោយ​គ្មាន​ការត្រួត​ពិនិត្យ និង​គ្មានជាឯកសារ​ត្រឹមត្រូវ ជាហេតុធ្វើឱ្យ​តថភាពជាក់ស្ដែង​នៃការធ្វើការងារ​ក្នុង​រោងចក្រក្រោម BFC ត្រូវ​មាន​ភាព​ស្រពិចស្រពិល»។ 
 
ក្រុមសង្គមស៊ីវិល និងសហជីពខាងលើ បានស្នើបែបនេះ៖ «យើងខ្ញុំ​សូមលើកទឹកចិត្តឱ្យ​ BFC និង​ស្ថាប័នជាអ្នក​ពាក់ព័ន្ធ​របស់ BFC ត្រូវធានាឱ្យបានថា ការកែលម្អលក្ខខណ្ឌការងារ គឺនៅតែជាស្នូល​ដ៏សំខាន់ជាដាច់ខាតនៃ​រាល់កិច្ចខិតខំទាំងអស់​របស់ខ្លួន។ តាមរយៈ​ការផ្ដោត​ការយកចិត្ត​ទុកដាក់ជាពិសេស​លើសេរីភាព​សហជីព…»។ 

Tag:
 សហជីព
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com